Friday, March 16, 2018

ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ប្រកាសថ្កោលទោសទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី កាត់ដីឲ្យជនជាតិភាគតិចវៀតណាម

ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បានសម្តែងការខឹងសម្បា និងថ្កោលទោសដាច់អហង្កាចំពោះទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលបានលួចចុះកិច្ចព្រមព្រៀងជាមួយលោក Kok Ksor (កុក ស) មេដឹកនាំជនជាតិភាគតិចវៀតណាម Degar (ដេកា) ឬម៉ុងតាញ៉ា (វៀតណាមសេរី) កាត់ដីចំនួន៤ខេត្ត ទៅឲ្យភាគីវៀតណាម ពេលបក្សខ្លួនឈ្នះឆ្នោតនោះ។

ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បានស្នើឲ្យតុលាការកម្ពុជាផ្តន្ទាទោសទណ្ឌិត សម រង្ស៊ី ឲ្យបានម៉ឺងម៉ាត់ទៅតាមច្បាប់។
រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៃខេត្តស្ទឹងត្រែង សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្គការ ចំពោះទង្វើក្បត់ជាតិ និងប្រជាជនខ្មែរ របស់ទណ្ឌិត សម រង្ស៊ី ដើម្បីតែផលប្រយោជន៍ និងអំណាចនយោបាយ។ យើងខ្ញុំទាំងអស់គ្នាចាត់ទុកនូវទង្វើរបស់ទណ្ឌិត សម រង្ស៊ី នេះជាអំពើល្មើសច្បាប់ យ៉ាងកម្រោលដែលជាការជាន់ឈ្លីនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា»។

ក្នុងញត្តិបន្តថា «យើងខ្ញុំទាំងអស់គ្នា សូមប្រឆាំងដាច់ខាត និងធ្វើការផ្កោលទោសយ៉ាងដាច់អហង្គការនូវទង្វើក្បត់ជាតិ ដែលមិនអាចអត់ឱនឲ្យបាន និងសូមគាំទ្រទាំងស្រុង ចំពោះចំណាត់ការតាមផ្លូវច្បាប់ដើម្បីធ្វើការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ចំពោះទណ្ឌិត សម រង្ស៊ី ដោយគ្មានការលើកលែងចំពោះទង្វើក្បត់ជាតិនេះ»។

លោក សម រង្ស៊ី កាលពីឆ្នាំ២០១៣ បានធ្វើកិច្ចព្រមព្រៀងបែងចែកទឹកដីចំនួន៤ខេត្តទៅលោក Kok Ksor (កុក ស) មេដឹកនាំវៀតណាម ជនជាតិភាគតិច Degar (ដេកា) ឬម៉ុងតាញ៉ា (វៀតណាមសេរី) នៅពេលដែលរូបលោកឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចព្រមព្រៀងដែលកំពុងធ្វើឲ្យមហាជនខ្មែរថ្កោលយ៉ាងខ្លាំងក្លា ចំពោះទណ្ឌិត សម រង្ស៊ី ត្រូវបានបណ្តាញទំនាក់ទំនង Facebook របស់អតីតសកម្មជនគណបក្សសង្រ្គោះជាតិ «Rithy Erng» ទម្លាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។ ក្នុងវីដេអូនៃជំនួបធ្វើកិច្ចព្រមព្រៀងនេះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលគណបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀតណាមជនជាតិភាគតិច Degar ដើម្បីឲ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព៕


No comments:

Post a Comment