គោលបំណងនៃកិច្ចប្រជុំអន្តរក្រសួងនេះ សំដៅពិនិត្យ និងពិភាក្សាលើបញ្ហាសំខាន់ៗដូចខាងក្រោម ដំណោះស្រាយផលប៉ះពាល់ដីធ្លីជាមួយប្រជាពលរដ្ឋនៅក្នុង និងជុំវិញតំបន់គម្រោង ជាមុនសិនមុននឹងចាប់ផ្ដើមអនុវត្តគម្រោង។ ការពិគ្រោះយោបល់ជាមួយអាជ្ញាធរ-ស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបាននូវមតិយោបល់លើផលប៉ះពាល់ដោយសារសកម្មភាពគម្រោង ការបញ្ចៀសហេតុប៉ះពាល់លើ សុខភាព និងសុវត្ថិភាពរបស់កម្មករ-និយោជិត និងប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់គម្រោង ការបញ្ចៀសហេតុប៉ះពាល់លើតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងក្រុមប្រាសាទភ្នំបាយ៉ង់។ ផែនការគ្រប់គ្រងលើការរំខានដោយសំឡេង-រំញ័រ និងគុណភាពខ្យល់ ជាពិសេសការហុយធូលី ដែលកើតចេញពីសកម្មភាពអាជីវកម្មដូចជា ការអារថ្ម និងការដឹកជញ្ជូនថ្ម ។ ការត្រួតពិនិត្យទៅលើការប្រើប្រាស់ថវិកាមូលនិធិបរិស្ថាន និងសង្គម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចិរភាព ។ ការប្រើប្រាស់ទីតាំងការដ្ឋាន និងស្ដារការដ្ឋានឡើងវិញនៅក្នុងដំណាក់កាលបញ្ចប់គម្រោង។
កិច្ចប្រជុំនេះដឹកនាំដោយ លោក ទា ជុប អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសម្របសម្រួលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (ស.វ.ហ.ស្ថ.) សម្រាប់វិស័យរ៉ែ និងថាមពល ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ដែលជាសមាជិក ស.វ.ហ.ស្ថ. តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រដ្ឋបាលខេត្តតាកែវ មន្ទីរបរិស្ថានខេត្តតាកែវ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ដែលជាលេខាធិការដ្ឋាន ស.វ.ហ.ស្ថ. តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា៕
No comments:
Post a Comment