Friday, May 31, 2019

កម្ពុជា-ជប៉ុន ចុះហត្ថាលេខាលើពិធីសារ ២ចំណុចសំខាន់ៗ សម្រាប់ការអភិវឌ្ឍ

ក្នុងដំណើរបំពេញទស្សនកិច្ច និងបេសកកម្មការងារថ្ងៃចុងក្រោយនៅលើទឹកដីជប៉ុននាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ៊្សូ។
បញ្ហាពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបញ្ហាក្នុងតំបន់ និងនៅលើពិភពលោកផងដែរ ត្រូវបានគេរំពឹងថា នាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន លើកមកជជែកនៅក្នុងជំនួបនាថ្ងៃនេះ។
ក្រៅពីជំនួបពិភាក្សាការងារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក អាបេ ស៊ីនហ៊្សូ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើពិធីសារសំខាន់ៗចំនួនពីរ ដែលជាជំនួយឥតសំណងរបស់ជប៉ុនសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។
ពិធីសារដែលចុះហត្ថលេខានោះរួមមាន៖ ទី១- ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក) និង ២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក។
បន្ទាប់ពីពិធីចុះហត្ថលេខានេះទៅ លោកនាយករដ្ឋមន្ត្រីជប៉ុន រៀបចំអាហាថ្ងៃត្រង់ទទួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូនឹងបញ្ចប់ទស្សនកិច្ចនៅលើប្រទេសជប៉ុននៅថ្ងៃនេះហើយជាមួយលទ្ធផលដ៏គាប់ប្រសើរជាច្រើនសម្រាប់ជាប្រយោជន៍កម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញមកដល់ប្រទេសកម្ពុជាវិញនៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ៕



No comments:

Post a Comment