Monday, November 02, 2020

អំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ ២០០គ្រួសារ

 កំពង់ចាម៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងភរិយា លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និង នាំ យក អំណោយ ដ៏ ថ្លៃថ្លា របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាចែកជូនដល់គ្រួសារអតីតយុទ្ធជន គ្រួសារក្រីក្រ ស្ត្រីមេម៉ាយ និងចាស់ជរា ចំនួន២០០គ្រួសារ នៅស្រុកកងមាស។ ក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងឃុំ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងនាមប្រជាពលរដ្ឋចំនួន ២០០គ្រួសារ និងអាជ្ញាធរមូលដ្ឋាន បានថ្លែងនូវអំណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ដែលបានគិតគូរអំពីសុខ ទុក្ខ របស់ប្រជាពលរដ្ឋមានជីវភាពលំបាក និងបានចាត់តាំងឱ្យតំណាងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ មកជូនបងប្អូនប្រជាពលរដ្ឋយើង ដើម្បីរួមចំណែកដោះទ័ល និងជួយសម្រួលដល់ការលំបាកក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជម្ងឺកូវីដ ១៩ នោះ។

លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យបានគ្រប់ៗគ្នា។ ជាមួយនោះ ត្រូវប្រកាន់ខ្ជាប់ខ្ជួននូវវិធានការអនាម័យដោយអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជម្ងឺកូវី ១៩ មិនឲ្យឆ្លងចូលទៅក្នុងសហគមន៍ ។

គួរបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ភរិយាដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ (មកពីឃុំអង្គរបាន ១០០គ្រួសារ និងឃុំសូគង ១០០គ្រួសារ) ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡួ មី ០១ កេះ ត្រីខ ០១យួរ និងថវិកា ៤០.០០០រៀល ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានប្រគេនបច្ច័យវត្តកែវមុន្នី ចំនួន៤លានរៀល៕





No comments:

Post a Comment