Monday, August 24, 2020

រយៈពេល៧ថ្ងៃ ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរណ៍ចំនួន ៦៦ ៧០០នាក់ មកលេងកំសាន្តនៅតាមរមណីយដ្ឋាននានា

 កំពង់ឆ្នាំង៖ នៅក្នុងឱកាសឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ រួមទាំងថ្ងៃឈប់សម្រាកចុងសប្តាហ៍ មានភ្ញៀវទេសចរណ៍ មកលេងកំសាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង មានចំនួន ៦៦ ៧០០នាក់ ដោយមានភាពសប្បាយរីករាយ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ភ្ញៀវទេសចរណ៍ជាតិដែលមកលេងកំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង មាន៖ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្រែអំពិល រមណីយដ្ឋានទំនប់ទឹកគង្គារ រមណីយដ្ឋានទំនប់អាចាំង រមណីយដ្ឋានទំនប់២០ឧសភា រមណីយដ្ឋានGreen Resort និងរមណីដ្ឋានធម្មជាតិភ្នំព្រះធាតុ។ លោក សេង សាលី បានបញ្ជាក់បន្ថែមទៀតថា គ្រប់រមណីដ្ឋានទាំងអស់ដែលភ្លៀវមកលេងកម្សាន្ត ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ មិនមានបញ្ហាអ្វីកើតឡើងនោះឡើយ ក្នុងរយៈពេល៧ថ្ងៃនេះ។

សូមជម្រាបជូនផងដែរថា ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន បានអប់រំផ្សព្វផ្សាយ និងចែកខិតប័ណ្ណ ពីវិធីបង្ការការឆ្លងនៃជំងឺកូវីដ១៩ នៅតាមរមណីយដ្ឋានដែលភ្លៀវទេសចរណ៍មកលេងកម្សាន្តផងដែរ៕






No comments:

Post a Comment