Monday, January 22, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពការទូតកម្ពុជា-ជប៉ុន លើកទី៦៥

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Horinoughi Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ និងសម្តែងការគាំទ្រចំពោះខួបអនុស្សាវរីយ៍នៃចំណងមិត្តភាពការទូតកម្ពុជា-ជប៉ុនលើកទី៦៥។

នៅក្នុងជំនួបនោះ លោក Horinoughi Hidehisa បានសម្តែងការអបអរសាទរជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះលទ្ធផលនៃមហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់កាលពីពេលថ្មីៗនេះ។ លោក Horinoughi Hidehisa ក៏បានសម្តែងសេចក្តីរីករាយផងដែរ ចំពោះទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលកាន់តែមានភាពល្អប្រសើរ និងទទួលបានជោគជ័យជាបន្តបន្ទាប់។ លោក Horinoughi Hidehisa បានមានប្រសាសន៍បន្តថា ចំនួនភ្ញៀវទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសជប៉ុនពេលនេះ មានការកើនឡើងរហូតទៅដល់ ៥ដង។

ឯកអគ្គរាជទូតជប៉ុន បានថ្លែងថា ឆ្នាំនេះទៀតសោត គឺជាឆ្នាំនៃទំនាក់ទំនងការទូតលើកទី ៦៥ រវាងកម្ពុជា-ជប៉ុនផងដែរ។ ក្រសួងការបរទេសជប៉ុន កំពុងធ្វើសហប្រតិបត្តិការជាមួយក្រសួងការបរទេសកម្ពុជា ដើម្បីរៀបចំកម្មវិធីនានាដើម្បីត្រៀមអបអរនៃទិវាខួបអនុស្សាវរីយ៍នេះ។ លោក Horinoughi Hidehisa ក៏បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរថា Logo ខួបអនុស្សាវរីយ៍នេះ បានសម្រេចហើយ គឺជាផ្លិតមានរូបម្ខាងជាទង់ជាតិកម្ពុជា និងម្ខាងទៀតមានរូបជាទង់ជាតិជប៉ុន។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោក Horinoughi Hidehisa ដែលបានសាទរ ចំពោះលទ្ធផលមហាសន្និបាត របស់គណបក្សប្រជាជនកម្ពុជា ហើយលោក ក៏បានវាយតម្លៃខ្ពល់ចំពោះស្លាកសញ្ញា Logo នៃចំណងមិត្តភាពការទូតកម្ពុជា-ជប៉ុន លើកទី ៦៥នេះ៕








No comments:

Post a Comment