Monday, January 22, 2018

គណ:ប្រតិភូកាកបាទក្រហមកម្ពុជា នាំយកបច្ច័យ ទេយ្យទាន​ ចូលបុណ្យគម្រប់១ឆ្នាំ​ នៃការទទួល​អនិច្ចធម្ម(សុគត)​ ព្រះឃោសធម្ម​ ញ៉ែម សុភ័ក្ត្រ​

គណ:ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោក យូ ឡាណា អគ្គលេខាធិការរងទី២ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ បាននាំយកបច្ច័យ ទេយ្យទាន ចូលបុណ្យគម្រប់១ឆ្នាំ នៃការទទួលអនិច្ចធម្ម(សុគត) ព្រះឃោសធម្ម ញ៉ែម សុភ័ក្ត្រ អតីតព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា) ដែលពិធីនេះប្រារព្ធនៅក្នុងវត្តប្រជុំនទី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងឱកាសនោះដែរ លោកអគ្គលេខាធិការរងទី២ បានមានប្រសាសន៍ថា លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ តែងតែចង់ចាំជានិច្ចនូវគុណបំណាច់របស់ព្រះឃោសធម្ម ញ៉ែម សុភ័ក្រ្ត ដែលធ្លាប់បានបូជាកម្លាំងព្រះកាយពលយ៉ាងច្រើន ដើម្បីបុព្វហេតុព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទកាលពីនៅមានព្រះជន្ម។

ក្នុងឱកាសនោះ កាកបាទក្រហមកម្ពុជា ក៏បានយកនូវទេយ្យវត្ថុមួយចំនួន ដើម្បីជួយឧបត្ថម្ភដល់ពិធីបុណ្យគម្រប់១ឆ្នាំ ប្រគេនព្រះសព ក៏ដូចជាព្រះសង្ឃ ដែលគង់នៅវត្ដក្រពើហា ជាង២០០អង្គផងដែរ រួមមាន៖ អង្ករ២តោន, មី៣០កេស, ត្រីខ១០កេស, ទឹកក្រូច២០កេស, ទឹកសុទ្ធ២០កេស, តែ៥គីឡូក្រាម, ស្ករស៥០គីឡូក្រាម, កាហ្វេ៥កេស, ទឹកដោះគោខាប់៥កេស និងបច្ច័យមួយចំនួនទៀត។

សូមបញ្ជាក់ថា ព្រះឃោសធម្ម ញ៉ែម សុភ័ក្រ្ត គឺជាព្រះរាជាគណៈថ្នាក់ទោ ព្រះប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ និងជាព្រះចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហា បានទទួលអនិច្ចធម្ម (សុគត) នៅវេលាម៉ោង ១៩:០០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ដោយសារព្រះរោគាពាធ ក្នុងព្រះជន្ម៤៨ព្រះវស្សា៕




No comments:

Post a Comment