រោងចក្រថ្មីៗចំនួន៤ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដើម្បីអាចវិនិយោគនៅកម្ពុជា ក្រោមការបោះទុនវិនិយោគជិត៣០លានដុល្លារ និងបង្កើតការងារថ្មីជាង ៣ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ដែលចុះផ្សាយនៅលើគេហទំព័រ Facebook ផ្លូវការរបស់ខ្លួន។
រោងចក្រទាំង៤នោះជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ រោងចក្រផ្គុំដំឡើងត្រង់ ស្វូអគ្គិសនី និងសម្ភារៈអគ្គិសនី និងរោងចក្រផលិតបារីផងដែរ។
រោចចក្រទាំង៤ដែលទើបត្រូវបាន CDC ចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរនោះរួមមាន៖
១- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន SISOPHON HONG SENG SPORTSWEAR CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ៧មករា ភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៣៥កន្លែង។
២- គម្រោងបង្កើតរោងចក្រផលិតខ្សែរូត និងគ្រឿងបន្សំសម្លៀកបំពាក់ របស់ក្រុមហ៊ុន TH ZIPPER & METAL ACCESSORY (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំតានៃ (អតីតឃុំជើងព្រៃ) ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៣.៧៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៩កន្លែង។
៣- គម្រោងបង្កើតរោងចក្រផ្គុំតម្លើងត្រង់ស្វូអគ្គិសនី និងសម្ភារៈអគ្គិសនីផ្សេងៗ របស់ក្រុមហ៊ុន EMAX ELECTRIC CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ៣៤៩៩៤ ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៥៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។
៤- គម្រោងបង្កើតរោងចក្រផលិតបារីរបស់ក្រុមហ៊ុន XIANG GANG TOBACCO (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគ ប្រមាណ ២.២៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១២កន្លែង។
សូមជម្រាបថា បើសរុបបញ្ចូលគ្នានោះ ក្នុងខែមករានេះ រោងចក្រ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន៩ហើយ ត្រូវបាន CDC ចេញលិខិតអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា ដែលសរុបទុនវិនិយោគប្រមាណ៧០លានដុល្លារ បង្កើតការងារថ្មីប្រមាណ៧ពាន់កន្លែងនៅកម្ពុជាផងដែរ ៕
No comments:
Post a Comment