Friday, October 10, 2014

ប្រតិភូ​នាវា​យុវជន​កម្ពុជា​ត្រូវ​បាន​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ចូល​ជួប​សំដែង​ការ​គួរសម



សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត ឱ្យប្រតិភូ​នាវា​យុវជន​កម្ពុជា​ចំនួន​២៩​នាក់​ ដឹកនាំដោយកញ្ញា គិន សំណាង ដែល​នឹងទៅ​ចូលរួមកម្មវិធីយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនចូល​ជួប​សំដែង​ការគួរសម​​ ។

ក្នុង​ជំនួបដែលធ្វើឡើងនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ​នា​រសៀល ថ្ងៃទី៩​តុលានេះ ក្រោយ​ពិជំនួបបានបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ​នាយក​រដ្ឋមន្ត្រី បានឱ្យដឹង​ថា៖​ក្នុងជំនួននេះ កញ្ញា គិន សំណាង ប្រធានប្រតិភូ បាន​គោរពជំរាបជូន សម្តេច​តេជោ នាយករដ្ឋមន្ត្រី ថា ប្រតិភូនាវាយុវជនកម្ពុជា ចំនួន​២៩នាក់​នេះនឹងទៅចូលរួមកម្មវិធីយុវជនអាស៊ីអាគ្នេយ៍ និង​ជប៉ុន ដែល​កម្មវិធី​នេះ​រៀប​ចំ​ឡើងដោយ រាជរដ្ឋាភិបាលជប៉ុន ហើយក្នុងឱកាសនេះតំណាង​ឱ្យប្រតិភូនាវា​យុវជនកម្ពុជា កញ្ញា បាន​គោរព​អនុញ្ញាត​ដ៏ខ្ពង់​ខ្ពស់​ពី​សម្តេច​តេជោ នាយករដ្ឋមន្ត្រី នូវអនុសាសន៍​ណែនាំប្រកបដោយគតិបណ្ឌិត មុននឹងចេញដំណើរទៅចូលរួម​កម្មវិធីនាវាយុវជនអាស៊ី​អាគ្នេយ៍​យុវជន និងជប៉ុន លើកទី៤១។
 



កញ្ញា គិន សំ​ណាង បានគោរពរាយការណ៍ជូនសម្តេចថា កម្មវិធី​នាវា​យុវជនអាស៊ី​អាគ្នេយ៍​លើក​ទី​៤១នេះ គឺជា​កម្ម​វិធី​រៀបចំ​ដោយ​រាជ​រដ្ឋា​ភិបាល​ជប៉ុន និងមានការចូល​រួមយ៉ាងសកម្ម ពីបណ្តា​ប្រទេសជាសមាជិកអាស៊ាន ដែលកម្មវិធីនេះបានចាប់ដំណើរការតាំង​ពី​ឆ្នាំ​១៩៧៤ ក្នុង​គោល​បំណង​ជាអាទិភាពក្នុងការរឹតចំណងមិត្តភាព ការយោគយល់គ្នារវាងយុវជនជប៉ុន និងយុវជនអាស៊ាន ដើម្បីលើកកំពស់អក្សរសាស្ត្រ សិល្បៈ​វប្បធម៌ និងអារិយធម៌ នៃបណ្តា ប្រទេស​ជាសមាជិក​អាស៊ាន​សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ។ កម្មវិធី​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍យុវជន និងជប៉ុន លើកទី៤១ឆ្នាំ២០១៤នេះ មានរយៈពេល៥១ថ្ងៃ ចាប់ពីថ្ងៃទី២៩ខែ​តុលា​រហូតដល់​ថ្ងៃទី​១៨ខែធ្នូ។ ឆ្នាំនេះ​នាវា​អាស៊ាន និងជប៉ុននឹងចាកចេញ ពីកំពង់ផែនៃប្រទេសជប៉ុន រួចទៅចូល​ចត​នៅប្រទេសប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា និង ឥណ្ឌូនេស៊ី។


ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានជំរាបជូនប្រតិភូទាំងមូលពីកត្តា៤យ៉ាង ដែលនាំឱ្យ​កម្ពុជា​ចូលក្នុងសមាគមអាស៊ាន ទី១​គឺគោល​ការណ៍មិនជ្រៀតជ្រែក,ទី២គឺស្មារតី សហគមដែល​សម្រេច​រាល់បញ្ហាដោយគោលការណ៍ព្រមព្រៀង(កុងសុងស៊ីស) ,ទី៣គឺផល​ប្រយោជន៍​ដែល​បាន​ពីការកាត់បន្ថយគម្លាតរវាងអាស៊ានចាស់ និងអាស៊ានថ្មី ,ទី៤គឺជាច្រក​ចេញការទូត​ដ៏សំខាន់​របស់​កម្ពុជា។សម្តេច​ក៏បាន​ជំរាប​ជូន​ ប្រតិភូ​អំពីបញ្ហាទូទៅ ដែលពាក់ព័ន្ធនឹងនយោបាយ សេដ្ឋកិច្ច ហើយ​ជាទីបញ្ចប់ សម្តេចក៏បានជំរាបជូនប្រតិភូទាំងមូលថា ដំណើរ​ក្នុង​នាវា​យុវជន​នេះ គឺតំណាង​ឱ្យ​ប្រជាជន​ប្រមាណជាង១៥លាននាក់ គឺមិនជាតំណាងឱ្យបុគ្គលនោះទេ ដូច្នេះត្រូវធ្វើ​យ៉ាងណា​រក្សា​ឱ្យ​បាននូវកិត្តិយស និងកិត្តិស័ព្ទដើម្បី តំណាងឱ្យប្រទេសជាតិទាំងមូល៕

No comments:

Post a Comment