Thursday, June 21, 2018

អភិបាលខេត្តតាកែវ ប្រកាសផ្តល់អាគារសិក្សាដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងភូមិខ្សឹង

តាកែវ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ នារសៀលថ្ងៃពុធទី២០ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញសំ ណេះសំណាល និងប្រកាសផ្តល់អាគារសិក្សាដល់សាលាប ឋមសិក្សាខ្សឹងចំនួន ១ខ្នង ២ជាន់ ១២បន្ទប់ និងអាគារការិយាល័យ ១ខ្នង ៣បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនដល់ប្រជា ពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងភូមិខ្សឹង សង្កាត់រកាក្នុងក្រុងដូនកែវ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋសរុប ៣៥៣នាក់។
ថ្លែងក្នុងឱកាសនោះ លោកអភិបាល បានជម្រាបពីការយកចិត្តទុក្ខដាក់គ្រប់បែបយ៉ាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការកសាងនូវអាគារសិក្សាយ៉ាងច្រើន ជាទីកន្លែងផ្តល់នូវចំណេះដឹងដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ជាក់ស្តែងដូចជាថ្ងៃនេះជាដើមលោកបានសម្រេចផ្តល់នូវអាគារសិក្សាដែលជាចំណងដៃថ្មីជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងភូមិខ្សឹង ដើម្បីជំនួសអាគារចាស់ដែលទ្រុឌទ្រោមទៅហើយ។ ហើយដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ត្រី លោកអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នាហើយបោះឆ្នោតគាំទ្រសម្តេចតេជោធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតដើម្បីការពារសន្តិភាព និងអភិវឌ្ឍន៍ប្រទេសយើងឱ្យកាន់តែរីកចំរើនថែមទៀត។
ជាមួយគ្នានោះលោកអភិបាលខេត្ត ក៏បានស្នើសុំឱ្យមានការយោគយល់អធ្យាស្រ័យពីសំណាក់ បងប្អូនប្រជាពលរដ្ឋនូវការខ្វះចន្លោះក៏ដូចជាកំហុសឆ្គងមួយចំនួនដែលកើតឡើងដោយអចេតនាក្នុងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ព្រោះថាអ្នកដែលធ្វើរមែងតែងតែមានកំហុស លើកលែងតែអ្នកដែលមិនធ្វើសោះទើបគ្មានកំហុស។
ក្រោយពីបានស្តាប់ប្រសាសន៍របស់លោកអភិបាលខេត្តរួចមក បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានបង្ហាញនូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ហើយបងប្អូនប្តេជ្ញាបោះឆ្នោតគាំទ្រលោកធ្វើជានាយករដ្ឋមន្ត្រីនូវអាណត្តិក្រោយៗទៀត។

សូមបញ្ជាក់ថាក្រៅពីអាគារសិក្សា ១ខ្នង ២ជាន់ ១២បន្ទប់ និងអាគារទីចាត់ការ ១ខ្នង ៣បន្ទប់ លោកនាយករដ្ឋមន្ត្រីក៏បានផ្តល់ជូននូវរបង ក្លោងទ្វាសាលា ចាក់សាបផ្លូវចូល និងដងទង់ជាតិ ព្រមទាំងផ្តល់ជូនថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕




No comments:

Post a Comment