Thursday, August 18, 2016

ឯកឧត្តម ថោង ខុន ជួបសំណេះសំណាល និងប្រគល់អណ្តូងទឹកជូនប្រជាពលរដ្ឋ​ស្រុកបារាយណ៍ ខេត្តកំពង់ធំ

នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦ នៅភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានរៀបចំពិធីសំណេះសំណាល និងប្រគល់អណ្តូងទឹកជូនប្រជាពលរដ្ឋស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក Michael Vetter នាយកប្រតិបត្តិក្រុមហ៊ុន Porsche ប្រចាំប្រទេសកម្ពុជាដែលជាម្ចាស់អំណោយ ព្រមទាំងមានការចូលរួមពីលោកអភិបាលស្រុកបារាយណ៍ ក្រុមហ៊ុន Sapors Group និងប្រជាពលរដ្ឋនៅភូមិគិរីអណ្តែតប្រមាណ ៤០០នាក់។
ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ដែលជួបប្រទះគ្រោះរាំងស្ងួត និងកង្វះខាតទឹកប្រើប្រាស់នារដូវប្រាំងកន្លងមកនេះ ក្រុមហ៊ុន Porsche បានឧបត្ថម្ភថវិកា (តាមរយៈឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍) ដើម្បីកសាងអណ្តូងទឹកចំនួន ០៨កន្លែង នៅស្រុកបារាយណ៍ (ដោយចំណាយថវិកាអស់ ៤.៨០០ ដុល្លារអាមេរិក) ដែលមានទីតាំងនៅក្នុងឃុំចំនួន៤ រួមមាន៖ ឃុំទ្រៀល (០១អណ្តូង) ឃុំចើងដើង (០៣អណ្តូង) ឃុំបារាយណ៍ (០៣អណ្តូង) និងឃុំក្រវ៉ា (០១អណ្តូង)។ ការកសាងអណ្តូងទឹកទាំង០៨នេះ គឺបានចាប់ផ្តើមធ្វើតាំងពីខែឧសភា ឆ្នាំ២០១៦ និងបានអោយប្រជាពលរដ្ឋប្រើប្រាស់ទឹកតាំងពីដើមខែមិថុនា ឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ ហើយការធ្វើពិធីប្រគល់អណ្តូងនាថ្ងៃនេះគឺជាតំណាងអោយការប្រគល់អណ្តូងទាំង០៨កន្លែងផងដែរ។
ការកសាងអណ្តូងទឹកទាំងនេះគឺជាការឆ្លើយតបទាន់ពេលវេលាទៅនឹងបញ្ហាកង្វះទឹករបស់ប្រជាពលរដ្ឋនៅក្នុងឃុំនានានៃស្រុកបារាយណ៍ ហើយប្រជាពលរដ្ឋមានសេចក្តីសប្បាយរីករាយដោយបានអណ្តូងទឹកប្រើប្រាស់ និងបានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់លោកប្រធានក្រុមហ៊ុន Porsche ដែលជាម្ចាស់ជំនួយ និង ឯកឧត្តម ថោង ខុន ដែលតែងយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ ការលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
ឯកឧត្តម ថោង ខុន បានជម្រាបជូនអង្គប្រជុំពីសភាពការណ៍រីកចម្រើននៃប្រទេសជាតិក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី តែងយកចិត្តទុកដាក់ខ្ពស់ដល់ការជួយសម្រួល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន ពិសេសទាក់ទងនឹងការបង្កបង្កើនផល កសិកម្ម ប្រព័ន្ធធារាសាស្រ្ត សាលារៀន មន្ទីរពេទ្យ អគ្គីសនី ទឹកស្អាត ផ្លូវលំជនបទ គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការផ្តល់ សេវាសាធារណៈនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
ឯកឧត្តម ថោង ខុន ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៦ អោយបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០១៧ ខាងមុខ និងបានជម្រុញអោយលោកអភិបាលស្រុក និងសមត្ថកិច្ចនគរបាល បន្តចុះធ្វើអត្តសញ្ញាណបណ្ណគំរូថ្មីជូនប្រជាពលរដ្ឋនៅតាមភូមិឃុំអោយបានគ្រប់ៗគ្នា ដើម្បីអាចចុះឈ្មោះបោះឆ្នោតបាន។
ឯកឧត្តម ថោង ខុន រួមជាមួយតំណាងក្រុមហ៊ុន Porsche និងក្រុមហ៊ុន Sapors Group ក៏បានចែកអំណោយជូនដល់លោកយាយ លោកតាចំនួន៦០នាក់ ដោយក្នុងមួយនាក់បានក្រម៉ា០១ ថវិកា ១ម៉ឺនរៀល និងថ្នាំពេទ្យទីហ្វី ០៣បន្ទះ។ ដោយឡែក ប្រជាពលរដ្ឋចូលរួមជាង ៣០០នាក់ ក្នុងមួយនាក់ទទួលបានថវិកា ១ម៉ឺនរៀល និងថ្នាំពេទ្យទីហ្វី ០៣បន្ទះផងដែរ៕







No comments:

Post a Comment