Wednesday, August 25, 2021

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី៣ ជូនដល់អតីតយុទ្ធជន

កំពង់ចាម៖ លោក  អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ចាម មានប្រសាសន៍លើកឡើងថា «មកដល់ពេលនេះ ខេត្តកំពង់ចាម កំពុងដំណើរការយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកុមារអាយុ ១២ ដល់ ១៧ឆ្នាំ ពោលគឺ កំពុងដំណើរការព្រមៗគ្នា  ដោយមិនមានផ្នែកណាមួយ នៅទំនេរនោះឡើយ» ។ លោកអភិបាលខេត្តកំពង់ចាម លើកឡើងយ៉ាងដូច្នេះ នៅក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ដូសទី៣ ជូនបងប្អូនអតីតយុទ្ធជន នៅសាលាខេត្តកំពង់ចាម នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះ ។ ពិធីនោះក៏មានចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធក្នុងខេត្ត និងបងប្អូនអតីតយុទ្ធជន ដែលមកទទួលវ៉ាក់សាំងបង្ការ ជាច្រើននាក់ ផងដែរ។

លោក អ៊ុន ចាន់ដា បញ្ជាក់ដែរថា បងប្អូនជាអតីតយុទ្ធជនកម្ពុជា ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ផងដែរ លើបញ្ហាជីវភាព និងសុខភាព ធ្វើយ៉ាងណាង ឲ្យចៀសផុតពីការឆ្លងនៃជម្ងឺកូវីដ ១៩ ។ អភិបាលខេត្ត បានក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋយើងទាំងអស់ដែរថា ថ្វីត្បិតតែ យើងបានចាក់វ៉ាក់សាំងទាំងពីរដូសរួចហើយក្តី ក៏នៅមានអត្រាឆ្លងជម្ងឺកូវីដ ១៩ តិចតួចដែរ ។ ដូច្នេះដើម្បីកាត់ផ្ដាច់ការឆ្លងក្នុងអត្រាទាបនេះ គឺមានតែសម្រេចចិត្តចាក់វ៉ាក់សាំងដូសទី ៣ ឬជាដូសជម្រុញនេះទេ ហើយម្យ៉ាង គឺស្របពេលដែលមានវីរុសបំលែងថ្មី ប្រភេទដែលតា កំពុងត្រូវបានរកឃើញ តាមរយៈ បងប្អូនពលករ ដែលវិលត្រឡប់មកពីប្រទេសជាប់ព្រំដែនកម្ពុជាយើង ផងដែរ ។  

លោក  អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា វីរុសបំលែងថ្មីនេះ វាឆ្លងរហ័ស និងបង្កគ្រោះថ្នាក់ខ្ពស់ ដល់អាយុជីវិតប្រជាពលរដ្ឋយើង ។ ដូច្នេះមានតែការចាក់វ៉ាក់សាំងដូសជម្រុញនេះទេ ព្រោះវានឹងបង្កើតភាពសាំ និងប្រព័ន្ធការពាររាងកាយយើង ឱ្យមានភាពរឹងមាំបន្ថែមទៀត ដើម្បីធានាបាននូវសុខមាលភាព នឹងអាចធ្វើឱ្យបងប្អូនមានជីវភាពដូចដើម ពោលគឺដូចកាលពីមិនទាន់មានជម្ងឺកូវីដ ១៩ មកដល់យ៉ាងដូច្នេះដែរ។

សូមរំលឹកថា ផ្អែកតាមរបាយការណ៍ស្ថានភាព នៃកិច្ចដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានគូសបញ្ជាក់ថា មកដល់ពេលនេះ គឺសម្រេចចាក់ជូនប្រជាពលរដ្ឋ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងជួរមុខ ក្នុងដូសទី ១ បានចំនួន ៦០២.៧២៦នាក់ ដូសទី ២ បានចំនួន ៤៤៤.៨៨២នាក់ និងដូសទី៣ ឬដូសជម្រុញ បានចំនួន ១៣.៦៦២នាក់ ។ ដោយឡែក កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ក្រោម ១៨ឆ្នាំ ចាក់បានចំនួន ១០០.៩៨២នាក់ ៕






No comments:

Post a Comment