Monday, September 07, 2020

លោក សួស យ៉ារ៉ា​ ប្រគល់នូវសម្ភារវេជ្ជសាស្រ្ត ជែល​ អាល់កុលលាងដៃ ​និងម៉ាសជូនរដ្ឋបាលខេត្តព្រះវិហារ​

 ព្រះវិហារ៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី ចឹក ហេង អភិបាលរងខេត្ត តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត បានទទួលជូបប្រតិភូនៃសមាគមប្រឹក្សាសុខភាពប្រជាជនដឹកនាំដោយលោកវេជ្ជបណ្ឌិត ជិន សំណាង ក្នុងពិធីប្រគល់សម្ភារវេជ្ជសាស្រ្ត ជែល អាល់កុល និងម៉ាស ដែលជាអំណោយរបស់លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ និងលោកស្រី សម្រាប់ចែកជូនរដ្ឋបាលខេត្ត មន្ទីរសុខាភិបាល មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងរដ្ឋបាលក្រុង ស្រុកទាំង៨។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី ចឹក ហេង អភិបាលរងខេត្ត បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ របស់លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ ចំពោះសុខទុក្ខ ជាពិសេសសុខភាពរបស់ប្រជាពលរដ្ឋ ខេត្តព្រះវិហារ ដែលកន្លងមកលោកតែងតែបានបញ្ជូនក្រុមគ្រូពេទ្យកូរ៉េ គ្រូពេទ្យខ្មែរ ដែលមានសមាគមប្រឹក្សាប្រជាជនជាអ្នកសម្របសម្រួល មកព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិថ្លៃ ជារៀងរាល់ឆ្នាំ។

ជាក់ស្តែងនាពេលនេះ រដ្ឋបាលខេត្ត ទទួលបាននូវសម្ភារវេជ្ជសាស្ត្រ រួមមាន ជែល អាល់កុល ម៉ាស ដើម្បីការពារទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងការបើកឪ្យចូលរៀនរបស់សិស្សានុសិស្ស ។ បន្ថែមពីនេះលោកស្រីអភិបាលរង ក៏បានថ្លែងអំណរគុណដល់លោក វេជ្ជបណ្ឌិត ជិន សំណាង និងក្រុមការងារនៃសមាគមប្រឹក្សាសុខភាពប្រជាជនដែលបាននាំយកនូវសម្ភារដែលជាអំណោយដ៏ថ្លៃថ្លានាពេលនេះ។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ជិន សំណាង បានលើកឡើង ពីការយកចិត្តទុកដាក់របស់សមាគមប្រឹក្សាសុខភាពប្រជាជន ការនាំមកនូវក្រុមគ្រូពេទ្យមកព្យាបាលជំងឺដោយឥតគិថ្លៃ ជាពិសេសលោក សួស យ៉ារ៉ា តែងតែចង្អុលបង្ហាញឲ្យមានការយកចិត្តទុកដាក់ពីសុខភាពប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារទាំងមូល។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា អំណោយជាសម្ភារនាំយកមកប្រគល់ជូននាពេលនេះរួមមានជែលលាងដៃចំនួន១០០០ដប អាល់កុល៣០លីត្រ ម៉ាស៥០ប្រអប់ និងសម្លៀកបំពាក់វេជ្ជសាស្រ្តចំនួន៥០ឈុត ដែលនឹងបែងចែកជូនសាលាខេត្ត សាលាក្រុង ស្រុក មន្ទីរសុខាភិបាល និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត៕




No comments:

Post a Comment