Thursday, August 24, 2017

ដើម្បីប្រទេសមានការអភិវឌ្ឍរីកចម្រើន កម្ពុជាត្រូវការសុខសន្តិភាព!

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនទាន់គ្រប់គ្រាន់នោះទេ ដូចនេះកម្ពុជាត្រូវការសុខសន្តិភាពដើម្បីបន្តការអភិវឌ្ឍ។ លោកបានថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ ដើម្បីជំរុញឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងប្រទេសមានការអភិវឌ្ឍរីកចម្រើន ត្រូវពឹងផ្អែកជាសំខាន់ទៅលើកត្តាសុខសន្តិភាព បើគ្មានសន្តិភាពមិនអាចធ្វើទៅបាននោះទេ ជាក់ស្តែង សង្រ្គាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងលីប៊ី បាន និងកំពុងធ្វើឱ្យប្រទេសនេះខ្ទេចខ្ទាំគ្មានឱកាសអភិវឌ្ឍន៍ប្រទេសបាននោះឡើយ។ ភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនទាន់គ្រប់គ្រាន់នោះទេ ហើយរាជរដ្ឋាភិបាលកំពុងតែខិតខំទាក់ទាញ អ្នកវិនិយោគឱ្យកាន់តែច្រើនថែមទៀតមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា និងបង្កើនការងារជូនកម្មករ កម្មការិនី។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានរម្លឹកពីភាពខ្លោចផ្សារបស់កម្ពុជាក្នុងភ្លើងសង្រ្គាមកាលពីអតីតកាល។ ប្រសិនបើកម្ពុជា គ្មានភ្លើងសង្រ្គាម ហើយទុកឱ្យព្រះបរមរតនកោដ្ឋ ដឹកនាំប្រទេសនោះ កម្ពុជានឹងមានការរីកចម្រើនដល់ណាបាត់ទៅហើយ។ លោក បានបន្ថែមថា សន្តិភាពត្រូវតែបន្តកើតមាននៅលើទឹកដ៏កម្សត់មួយនេះ។ សង្រ្គាមបានធ្វើឱ្យកម្ពុជាខ្ទេចខ្ទាំយ៉ាងខ្លាំង តែតាមរយៈនយោបាយបង្រួបបង្រួមជាតិ និងនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្រ្គាមទាំងស្រុង និងមានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យបានរីកចម្រើនដូចពេលបច្ចុប្បន្ន។ នយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយ មានតំបន់ត្រួតត្រាតែមួយ រដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងកម្លាំងប្រដាប់អាវុធតែមួយ និងមានសុខសន្តិភាពដូចសព្វថ្ងៃនេះ។ ប្រទេសមានការអភិវឌ្ឍរីកចម្រើន ត្រូវពឹងផ្អែកជាសំខាន់ ទៅលើសុខសន្តិភាព បើគ្មានសន្តិភាពមិនអាចធ្វើទៅបាននោះទេ៕


















No comments:

Post a Comment