Thursday, March 30, 2017

ដើមខែ​មេសាខាង​មុខ សមិទ្ធផល​ធំៗជាប្រវត្តិសា​ស្ត្រចំនួន​៤ នឹងត្រូវ​សម្ពោធ ក្រោម​អធិ​បតី លោក​នាយករ​ដ្ឋម​ន្រ្តី ហ៊ុន សែន

ភ្នំពេញ៖ បើមិនមានការប្រែប្រួល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលធំៗជាប្រវត្តិសាស្ត្រមិនធ្លាប់មានចំនួន៤ គឺមហាវិថីសម្ដេច ហ៊ុន សែន ទទឹង៦០ម៉ែត្រ មណ្ឌលកីឡាហែលទឹក នៃពហុកីឡាដ្ឋានជាតិមរតកតេជោ រោងចក្រប្រព្រឹត្ដកម្មទឹកស្អាតនិរោធក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅ ជំហានទី២ និងផ្លូវជាតិលេខ៦ នៅដើមខែមេសា ឬមុនបុណ្យចូលឆ្នាំខ្មែរ បន្តបន្ទាប់គ្នា ។
គម្រោងខាងលើនេះ ត្រូវបាន លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ លើកឡើង នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីពាក់ពន្ធ័ក្រោមឱវ៉ាតកាលពីថ្ងៃទី២៩មីនានេះ ដើម្បីត្រួតពិនិត្យឡើងវិញលើផែនការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលធំៗជាប្រវត្តិសាស្ត្រចំនួន៤ នៅរាជធានីភ្នំពេញស្ថិតក្រោមអធិបតីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ។
លោក មាន ចាន់យ៉ាដា បានលើកឡើងថា សមិទ្ធិផលធំៗចំនួន៤ដែលត្រៀមសម្ពោធនោះរួមមាន៖
១-មហាវិថីសម្ដេច ហ៊ុន សែន មានទទឹង៦០ម៉ែត្រ តភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ត្រង់ចំណុចក្បាលថ្នល់ កាត់តាមតំបន់អភិវឌ្ឍន៏ថ្មី បឹងទំពុន និងបឹងជើងឯក ទៅផ្លូវជាតិលេខ២ត្រង់ចំណុចព្រែកកំពិស សម្ពោធ នៅថ្ងៃទី០៣ ខែមេសា ។
២-មណ្ឌលកីឡាហែលទឹក នៃពហុកីឡាដ្ឋានជាតិមរតកតេជោ នៅតំបន់អភិវឌ្ឍន៏របស់ ឧកញ៉ា លី យ៉ុងផាត់ សម្ពោធនៅថ្ងៃទី៤ខែមេសា
៣-រោងចក្រប្រព្រឹត្ដកម្មទឹកស្អាតនិរោធក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅជំហានទី២ សម្ពោធថ្ងៃទី៥ ខែមេសា ។
៤- ផ្លូវជាតិលេខ៦គ្រោងសម្ពោធនៅថ្ងៃ៦ខែមេសា ឆ្នាំ២០១៧នេះ ។
លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា សមិទ្ធផលទាំងនេះនឹងក្លាយជាចំណងដៃថ្មីបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាជូនចំពោះប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ ៕


No comments:

Post a Comment