Thursday, March 30, 2017

ក្រុមហ៊ុនចិនចំនួន៥០០ នឹងបង្ហាញផលិតផលកសិកម្មរបស់ខ្លួន ក្នុងពិពណ៌អន្តរជាតិលើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន Santhai Import Export CO.,LTD ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពី ការរៀបចំពិធីតាំងពិពណ៌ ផលិតផលកសិកម្មអន្តរជាតិ លើកដំបូង ឆ្នាំ២០១៧ នៅកម្ពុជា ។
លោក វេង សាខុនបានឲ្យដឹងថា” ពិពណ៌អន្តរជាតិនេះ នឹងមានការចូលរួមពីក្រុមហ៊ុន ចិនចំនួន ៥០០ក្រុមហ៊ុន និងតំណាងក្រុមហ៊ុន ចំនួន៣០៤ក្រុមហ៊ុនអញ្ជើញ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ព្រមទាំងមានការអញ្ជើញចូលរួមដោយ អ្នកវិនិយោគទុនក្នុងស្រុកនិងថ្នាក់ដឹកនាំ សំខាន់ៗក្នុងជួររាជរដ្ឋាភិបាលអញ្ជើញ ចូលរួមផងដែរ”។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានអញ្ជើញ លោករដ្ឋមន្រ្តី ចូលរួមជាវាគ្មិនក្នុងពិពណ៌ និងអញ្ជើញមន្រ្តីជំនាញ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមធ្វើបទបង្ហាញអំពីបទបញ្ញតិ របស់រាជរដ្ឋាភិបាលលើការវិនិយោគ វិស័យកសិកម្មនៅកម្ពុជាដើម្បីផ្តល់ជាពត៌មាន ដល់ធុរជននិងអ្នកវិនិយោគិនដែលមាន ចំណាប់អារម្មណ៏ក្នុងការវិនិយោគ នៅកម្ពុជា។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមស្វាគមន៏ជានិច្ចចំពោះក្រុមហ៊ុន វិនិយោគនានាលើវិស័យកសិកម្ម ហើយក្រសួងក៏នឹងសហការអោយបាន សកម្មនៅក្នុងការតាំងពិពណ៌ផលិតផល កសិកម្មអន្តរជាតិនេះផងដែរ។
លោករដ្ឋមន្រ្តី បានមានប្រសាសន៏បន្តថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញអោយវិស័យឯកជន សហការជាមួយនឹងក្រសួងនិងសហគមន៍ ក្នុងការអនុវត្តផលិតកម្មតាមកិច្ចសន្យា ហើយកម្ពុជាចង់ទទួលបាន នូវអ្នកវិនិយោគទុន ដែលមានភាពប្រាកដប្រជាហើយការ វិនិយោគទាំងនោះនឹងចូលរួមគាំទ្រ ដល់ការអភិវឌ្ឍជាតិ ក៏ដូចជាផលប្រយោជន៍ ប្រជាពលរដ្ឋក្នុងស្រុកផងដែរ។

ប្រភពបញ្ជាក់ថា ក្រុមហ៊ុន Santhai Import Export CO.,LTD គ្រោងនឹងរៀបចំពិធីតាំងពិពណ៌ផលិតផលកសិកម្ម អន្តរជាតិលើកដំបូង ឆ្នាំ២០១៧ នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់២៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ៕

No comments:

Post a Comment