Wednesday, August 26, 2020

លោក ម៉ែន វិបុល ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា

 ស្វាយរៀង៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីជួបសម្តែងការគួសម និងស្វែងយល់អំពីសក្កានុពលនិងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងស្ថានទូតសហរដ្ឋអាមេរិក។

នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងជំនួបនេះមាន លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាន៍ទៅកាន់ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ កម្ពុជា លោកអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្កានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន៖ វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មព្រមទាំងការងាររបស់អង្គការសង្គមស៉ីវិលជាមួយរដ្ឋបាលខេត្តផងដែរ ជាពិសេស លោកអភិបាលខេត្តបានបញ្ជាក់ថា ក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង បានផ្តល់ការងារ ធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងមកពីតាមបណ្តាខេត្តជាង៨ម៉ឺននាក់ ។

នាឱកាសនោះ លោកអភិបាលខេត្តបានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្ន ក្នុងកំឡុងពេលជំងឺកូវីដ១៩ ដូចជាការនាំទំនិញចេញចូលឆ្លងកាត់នៅព្រំដែនខេត្តស្វាយរៀងនិងវៀតណាម ព្រមទាំងវិធីសាស្ត្រក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ របស់រដ្ឋបាលខេត្ត ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាផងដែរ។

ជាចុងបញ្ចប់ លោក ម៉ែន វិបុល បានថ្លែងនូវការអរគុណចំពោះ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់អំពីសក្កានុពល និងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងស្ថានទូតសហរដ្ឋអាមេរិក៕





No comments:

Post a Comment