Monday, November 01, 2021

ថ្នាក់ដឹកនាំខេត្តក្រចេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ ៥ឆ្នាំ នៅទូទាំងខេត្ត

ក្រចេះ ៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងអភិបាលរងខេត្តនាព្រឹកថ្ងៃ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារអាយុ ៥ឆ្នាំ នៅតាមបណ្តាក្រុង-ស្រុក ទូទាំងខេត្តក្រចេះ។ 

លោក វ៉ា ថន បានមានប្រសាសន៍ទៅកាន់ក្មួយៗនាឱកាសមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងខេត្តក្រចេះ ថ្លែងថា « ក្តីសង្ឃឹមរបស់កុមារ អាយុ៥ឆ្នាំ និងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងឱកាសបានចូលសាលារៀនវិញ នៅពេលដែលជំងឺ លែងឆ្លង » ហើយប្រទេសកម្ពុជា យើងពិតជាមានភ័ព្វសំណាងណាស់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ធមន្រ្តី ហ៊ុន សែន បានយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋគ្រប់រូប ហើយជាពិសេសគឺ អនាគតរបស់ក្មួយៗ ចៅៗ ដែលខកខានការសិក្សារៀនសូត្រ នៅមត្តេយ្យសិក្សា ក្នុងរង្វង់អាយុ៣ឆ្នាំ ទៅ៥ឆ្នាំ ដោយសារតែប្រទេសជាតិ ជួបវិបត្តិជំងឺកូវីដ-១៩ ត្រូវបិតផ្អាកជាបណ្តោះអាសន្ននៃការបង្រៀន និងរៀនជួបជុំសិស្សច្រើន ។ 

លោកភិបាលខេត្តក្រចេះ បានកោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានចំនួនយ៉ាងច្រើនផុលផុស ទាំងនេះបានបង្ហាញឱ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើង មកលើការដឹកនាំរបស់ លោកនាយករដ្ធមន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ឳពុកម្តាយ និងអាណាព្យាបាល ដែលនាំកូនចៅមកទទួលវ៉ាក់សាំង បានសម្តែងអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកជានាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែង និងការតម្កើនខ្ពស់នៃតម្លៃជីវិតរបស់ប្រជាពលរដ្ឋ ដោយស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកចាក់អោយពលរដ្ឋបានគ្រប់ៗគ្នាដោយមិនគិតថ្លៃ។ 

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងមាតាបិតាអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងកុមារ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន៕







No comments:

Post a Comment