Monday, November 01, 2021

អភិបាលខេត្តពោធិ៍សាត់ អញ្ជេីញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនកូនក្មួយកុមារ អាយុ០៥ឆ្នាំ នៅទូទាំងក្រុងពោធិ៍សាត់

ពោធិ៍សាត់៖ លោក  ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្ត នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គិតមកទល់ពេលនេះ  ខេត្តពោធិ៍សាត់សម្រេចបានសមិទ្ឋផលនៃការចាក់វ៉ាក់សាំង  ការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ សរុបចំនួន៤០៥.០៥២នាក់ ស្មើនឹង៩៤,១០% ក្នុងនោះអាយុ០៦ដល់ក្រោម១២ឆ្នាំ មានចំនួន ៦៣.៥២៥នាក់ ស្មើនឹង១០៩,៨៩%, អាយុ១២ដល់ក្រោម១៨ឆ្នាំ មានចំនួន ៥៩.៣២១នាក់ ស្មើនឹង៨០,១៩%  និងអាយុ១៨ឆ្នាំឡើង មានចំនួន  ២៨២.២១៦នាក់ ស្មើនឹង៩៤,៥០%។


លោកបានបញ្ជាក់បែបនេះ នៅបរិវេណសាលាបឋមសិក្សាពោធិ៍សាត់ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនកូនក្មួយកុមារ អាយុ០៥ឆ្នាំ នៅទូទាំងក្រុងពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួម ពីលោក  ម៉ក់  រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សមួយចំនួនទៀត។


ក្នុងនាមរដ្ឋបាលខេត្ត លោក ជាវ តាយ បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ពលោកនាយករដ្ឋមន្ដ្រី  ហ៊ុន សែន និងលោកស្រី  ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលលោកទាំងទ្វេ បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសសចៅៗគ្រប់រូប។ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នាពេលនេះ គឺដើម្បីឱ្យចៅៗទាំងអស់ ដែលមានអាយុ០៥ឆ្នាំ មានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ ឬអង់ទីគ័រការពារប្រឆាំងនឹងជំងឺកូវីដ១៩ ឈានទៅបើកដំណើរការសាលារៀនឡើងវិញទូទាំងខេត្ត។ វ៉ាក់សាំងបង្ការនេះ ពិតជាបានចូលរួមចំណែក ជួយកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ១៩ បានមួយផ្នែកធំ បើទោះបីវាមានការឆ្លងមកបុគ្គល ដែលបានចាក់ហើយក៏ដោយ ក៏អ្នកជំងឺមិនមានអាការៈធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិតឡើយ។


លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមនាំកូនក្មួយ និងចៅៗ ដែលមានអាយុគ្រប់០៥ឆ្នាំ មកទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ តាមការកំណត់របស់អាជ្ញាធរមូលដ្ឋាន ជៀសវាងមកប្រជ្រៀតគ្នា  និងត្រូវបន្តអនុវត្តនូវវិធានសុខាភិបាល ក៏ដូចជាវិធានការ «៣ការពារ,  ៣កុំ» របស់សម្តេចប្រមុខ ដើម្បីចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង និងជៀសឱ្យផុតពីការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ ពិសេស វីរុសបំលែងខ្លួនថ្មីប្រភេទDelta។


សូមបញ្ជាក់ថា កូនក្មួយកុមារដែលមានអាយុ០៥ឆ្នាំ ដែលនឹងត្រូវចាក់វ៉ាក់សាំងនាពេលនេះ មានចំនួន ១០.០៣៧នាក់ ដោយបែងចែកចេញជា ៤ស្រុកប្រតិបត្តិ រួមមាន៖


១-ស្រុកប្រតិបត្តិសំពៅមាស (ក្រុងពោធិ៍សាត់, ស្រុកកណ្តៀង) ទីតាំងចាក់ មានចំនួន១ទីតាំង  ចៅៗដែលនឹងត្រូវចាក់មានចំនួន ៣.២៩១នាក់


២-ស្រុកប្រតិបត្តិបាកាន (ស្រុកបាកាន, ស្រុកតាលោសែនជ័យ) ទីតាំងចាក់មាន  ចំនួន១២ទីតាំង  ចៅៗដែលនឹងត្រូវចាក់មានចំនួន ៣.៥៣៣នាក់


៣-ស្រុកប្រតិបត្តិភ្នំក្រវាញ (ស្រុកភ្នំក្រវាញ, ស្រុកវាលវែង) ទីតាំងចាក់មានចំនួន ០៥ទីតាំង  ចៅៗដែលនឹងត្រូវចាក់មានចំនួន ១.៧១៨នាក់


៤-ស្រុកប្រតិបត្តិក្រគរ   ទីតាំងចាក់មានចំនួន  ០១ទីតាំង  ចៅៗដែលនឹងត្រូវចាក់ មានចំនួន ១.៤៩៥នាក់៕








No comments:

Post a Comment