Friday, August 04, 2017

សម្តេចក្រុមព្រះ ទំនងជាស្ងប់ ព្រះទ័យ

ព័ត៌មានស្តីពីការបញ្ចប់តំណែង លោក ញឹក ប៊ុនឆៃ ពីទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើឧប នាយករដ្ឋមន្រ្តី តាមរយៈព្រះរាជក្រឹត្យ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ បានធ្វើឲ្យមហាជនមួយ ចំនួន  អ្នកវិភាគ អ្នកនយោបាយ ជាពិសេសអ្នករាជានិយម មានការភ្ញាក់ផ្អើលផង និងមានការសប្បាយ ចិត្តផង ព្រោះនៅពេលដែលឃើញលោកញឹក ប៊ុនឆៃ បានអស់តួនាទី នៅក្នុងរដ្ឋាភិបាល និងអាចឈាន ទៅបញ្ចប់អាជីពនយោបាយ ។

អ្នកតាមដាននយោបាយនៅកម្ពុជា បានលើកឡើងថា អ្នកដែលអបអរសប្បាយចិត្ត រហូត ដល់ចង់ទៅស្រោចទឹក ៧វត្ត គឺអ្នកនយោបាយ មាននិន្នាការទៅរករាជានិយម គណបក្សហ៊្វុនស៊ិនប៉ិច ដែលពួកគេ បានខឹងសម្បារលោក ញឹក ប៊ុនឆៃ និងសហការីរបស់លោកមួយចំនួនជាយូរមកហើយ ចាប់តាំងពីក្រុមរបស់លោកញឹក ប៊ុនឆៃ បានដឹក នាំធ្វើបក្សប្រហារសម្តេចក្រុមព្រះ នរោត្តមរណប្ញទ្ធិ ពីព្រះប្រធាន គណបក្ស កាលពីថ្ងៃទី១៩ តុលា២០០៦ ខណៈ ព្រះអង្គម្ចាស់នរោត្តមរណប្ញទិ្ធ នៅក្រៅប្រទេស ។

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៦នោះ លោកញឹក ប៊ុនឆៃ លោកលឺ ឡាយស្រេង និងមន្រ្តីមួយចំនួន ទៀត បាននាំគ្នាធ្វើបក្សប្រហារទម្លាក់ព្រះអង្គម្ចាស់រ ណប្ញទ្ធិ ចេញពីព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅទីស្នាក់ការ​កណ្តាលគណបក្ស ខាងលិចស្ពានជ្រោយចង្វារ ។

សមាជវិសាមញ្ញនោះ ក្រុមលោកញឹក ប៊ុនឆៃ លឺ ឡាយស្រេង និង សហសេវិនមួយចំនួន បានលើក បន្តុប លោកែវ ពុទ្ធរស្មី ដែលជាព្រះរាជសង្សារបស់សម្តេចព្រះបរមរនកោដ្ឋ ព្រះបាទនរោត្តមសីហនុ និងត្រូវជាស្វាមី ព្រះអង្គម្ចាស់ក្សត្រី នរោត្តមអរុណរស្មី ឲ្យឡើងបន្តតំណែងជំនួសព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ។

ចាប់តាំងពីពេលនោះមក សម្តចក្រុមព្រះ នរោត្តម រណប្ញទ្ធិ បានចាប់ផ្តើមរសាត់រណ្តែតចេញពីឆាក នយោបាយ ប៉ុន្តែព្រះអង្គ នៅមានមន្រ្តីតិចតួច  បានស្មោះស្មគ្រ័ដង្ហែរព្រះអង្គរហូតមកដល់សព្វថ្ងៃ។

សម្តចក្រុមព្រះ នរោត្តមរណប្ញទ្ធិ ដោយសារតែព្រះអង្គញៀននិងនយោបាយ ព្រះអង្គក៏បានសព្វព្រះទ័យ បង្កើតគណបក្សថ្មី ដោយដាក់ព្រះនាម ព្រះអង្គម្ចាស់ផ្ទាល់ ឈ្មោះ នរោត្តមរណប្ញទ្ធិ ដើម្បីចូលរួមប្រកួតប្រជែង​បោះឆ្នោតនៅឆ្នាំ២០០៨ លទ្ធផលគណបក្សនេះ ទទួលបានមួយអាសនៈ នៅក្នុងរដ្ឋសភា។ ប៉ុន្តែនៅឆ្នាំ២០១៣ គឺណបក្សរបស់ព្រះអង្គ  ពុំមានភព្វព្រេងវាសនា ទទួលបបានការគំាទ្រពីប្រជារាស្ត្រខ្មែរ ដូចអតីតកាលឆ្នាំ១៩៩៣​នៅឡើយ ។ ឥទ្ធិពលនិងប្រជាប្រិយភា ពរបស់ព្រះអង្គ មិ​នត្រូវបានស្តារឡើងវិញនោះទេ ប៉ុន្តែដោយសារតែ​ព្រះអង្គ ជាព្រះរាជបុត្ររបស់សម្តេចព្រះរតនកោដិព្រះបាទនរោត្តមសីហនុ និងមានព្រះឋានៈ ជាប្រធានសមាជិក​រាជវង្សានុវង្ស ដែលមានព្រះឋានៈស្មើ នាយករដ្ឋមន្រ្តី ទើបព្រះអង្គនៅសេសសល ឥទ្ធិពលបន្តិចបន្តួច​ដើម្បី​បន្តអាជីពជាអ្នកនយោបាយ ។ ដោយសារតែ មានការជួយសម្របសម្រួលពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃកម្ពុជា បានធ្វើឲ្យ លោកញឹក ប៊ុនឆៃ រួមទាំង លោកកែវ  ពុទ្ធរស្មី ទើបមានការបង្រូប​បង្រួមយាង​សម្តេចក្រុមព្រះ មកគង់ប្រថាប់ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច តាមរយៈសមាជវិសាមញ្ញ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នៅសាលសន្និសីទ្ធ កោះពេជរាជធានីភ្នំពេញ ។

តែដោយនិស្ស័យ និងព្រហ្មលិខិតខុសគ្នា ដែលបានកំណត់ថា ព្រះអង្គនិងលោកញឹក ប៊ុនឆៃ មិនអាច ចាប់ដៃក​សាងជីវភាពនយោបាយសាងកេរ្តិ៍ឈ្មោះ នៅក្នុងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានធ្វើឲ្យលោកញឹក ប៊ុន ឆៃ និងអ្នកគាំទ្រ របស់លោកមួយចំនួន ដើរចេញពីសម្តេចក្រុមព្រះ និងគណបក្សហ៊្វុន ស៊ិនប៉ិច មក បង្កើតគណបក្ស​ថ្មី​ស្រឡាងមួយឈ្មោះ ខ្មែររួបរួមជាតិ ។ គណបក្សនេះ បានចូលរួមប្រកួត ប្រជែង បោះឆ្នោតជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ ដោយទទួលបានអាសនៈ​មេឃុំមួយ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប៉ុន្តែជ័យជំនះ របស់គណបក្ស ខ្មែររួបរួមជាតិ បើធៀបទៅនឹងគណបក្ស​រាជានិយមហ៊្វុនស៊ិនប៉ិច មិនបានធ្វើឲ្យលោក ញឹក ប៊ុនឆៃ ដែល ជាមេបក្ស ជួបនូវសំ ណាងល្អនោះទេ ផ្ទុយទៅវិញលោកត្រូវបានអស់តួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មីឧបនាយករដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែមិថុនា មួយថ្ងៃក្រោយការបោះឆ្នោតក្រុម ប្រឹក្សាឃុំ សង្កាត់។

គ្មានសេចក្តីរាយការណ៍ជាផ្លូវការ ជុំវិញការបញ្ចប់តំណែងលោកញឹក ប៊ុនឆៃ ពីតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាល​នោះទេ ប៉ុន្តែសេចក្តីរាយការណ៍ តាមបណ្តាញសារព័ត៌មានមួយចំនួន បានផ្សាយថា លោកញឹក ប៊ុនឆៃ ក្បត់​ឆន្ទៈនយោបាយរបស់ខ្លួន ងាកចេញពីការសហការជាមួយគណបក្សប្រជាជនកម្ពុជា ទៅ ចងសម្ព័ន្ធភាពជាមួយ​គណបក្សសង្រ្គោះជាតិ របស់លោកកឹម សុខា ដែលទង្វើនេះ ត្រូវបានអ្នកវិភាគ នយោបាយខ្លះបាននិយាយថា គណបក្សប្រជាជនកម្ពុជា របស់បុរសខ្លាំងហ៊ុន សែន ពិតជាមិនអាច ទទួលយកបានឡើយ ដែលនេះចូលទៅក្នុង​ចំណាត់ថ្នាក់នៃការចាប់ដៃ ជាន់ជើង ។

យោងតាមការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក ផ្សាយជាខេមរភាសា កាលពីយប់ថ្ងៃទី១២ ខែមិថុនា ដោយបានដកស្រង់សំដីលោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ ដោយអះអាង ថា​បានទាក់ទង​តាមទូរស័ព្ទជាមួយលោកញឹក ប៊ុនឆៃ ដោយសុំឲ្យលោកញឹក ប៊ុនឆៃ ប្រាប់សមាជិក ខ្មែររួបរួ​មជាតិ បោះឆ្នោតឲ្យ​គណបក្សសង្រ្គោះជាតិ នៅឃុំណា ដែលគណបក្សនេះ មិនបានដាក់បេក្ខជន សម្រាប់ការបោះឆ្នោត។

យោងតាមការផ្សាយរបស់ VOA បានឲ្យដឹងទៀតថា នៅមុនការបោះឆ្នោតនោះ លោក ញឹក ប៊ុនឆៃ បានទូរស័ព្ទ​ទាក់ទងលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ​អំពីការស្នើឲ្យអ្នកគាំទ្របក្ស​ខ្មែររួបរួមជាតិ​បោះឆ្នោតឲ្យបក្សប្រឆាំង នៅក្នុងឃុំដែលបក្សខ្មែររួបរួមជាតិមិនមានលទ្ធភាព ដាក់បេក្ខជនឲ្យឈរឈ្មោះ។ នេះបើតាមការបញ្ជាក់ពីលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃច័ន្ទនេះ។

«គាត់គ្រាន់តែនិយាយជាមួយខ្ញុំ គាត់ថា គាត់ឲ្យឃុំណា ដែលអត់មានបេក្ខជនគាត់ហ្នឹង អ្នកដែលគាំទ្រគាត់ហ្នឹង ឲ្យបោះឆ្នោតឲ្យសង្គ្រោះជាតិហ្នឹងហើយ ព្រោះខ្ញុំវាមិនចាប់អារម្មណ៍ ព្រោះដោយសារបើគាត់មានអ្នកគាំទ្រ គាត់ដាក់បេក្ខជនបានហើយ។ ខ្ញុំវាមានទៅស្អី អាហ្នឹង ហ្នឹង។ បើគាត់ដាក់បេក្ខជនរបស់គាត់អត់បានផង តើគាត់មានអ្នកគាំទ្រឯណា អាហ្នឹងនិយាយឲ្យស្រួលស្តាប់ណ៎ា។ ខ្ញុំៗ វាអត់ចាប់អារម្មណ៍ អត់យកចិត្តទុកដាក់​រឿង​ហ្នឹងទេណ៎ា»។

ទោះជាមិនមានការពិភាក្សាអំពីការច្របាច់បញ្ចូលគ្នានៃគណបក្សខ្មែររួបរួមជាតិ និងគណបក្សសង្គ្រោះជាតិក្តី លោក អេង ឆៃអ៊ាង បានឲ្យដឹងថា គណបក្សប្រឆាំង ស្វាគមន៍អ្នកប្រជាធិបតេយ្យ​ឲ្យមករួបរួមជាមួយគណបក្ស​ប្រឆាំង ដែលជាគោលការណ៍មួយ របស់គណបក្សក្នុងការពង្រឹង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោក អេង ឆៃអ៊ាង បានបន្ថែមថា «គោលនយោបាយ របស់គណបក្សសង្គ្រោះជាតិ គឺយើងចង់រួបរួម ខ្មែរ អ្នកសេ្នហាជាតិ អ្នកប្រជាធិបតេយ្យទាំងអស់ហ្នឹង ហ្នឹងហើយ យើងអត់មាន អត់មានបដិសេធទេ ដែលថា គណបក្សណាក៏ដោយ ដែលចង់មកចូលរួមជាមួយគណបក្សសង្គ្រោះជាតិ គឺយើងស្វាគមន៍»។

គេសង្កេតឃើញថា ក្រោយពេលលោក ញឹក ប៊ុនឆៃ ទាក់ទងជាមួយមន្ត្រីគណបក្សសង្គ្រោះជាតិដូច្នេះ លោក ញឹក ប៊ុនឆៃ ត្រូវបានគេដកហូតមុខតំណែងនិងអាវុធ ព្រមទាំងអង្គរក្សការពារផងដែរ។

យោងតាមលិខិតកោះអញ្ជើញលោក ញឹក ប៊ុនឆៃ ចុះហត្ថលេខាដោយលោក ជួន សុវណ្ណ ស្នងការក្រុងភ្នំពេញ ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៧ ឱ្យដឹងថា លោក ញឹក ប៊ុនឆៃ បានទៅបំភ្លឺនៅសាលាខេត្តបន្ទាយមានជ័យ ថា លោកមានអាវុធខ្លីចំនួន ១០ដើម និងអាវុធវែងចំនួន១៦ដើម។

លិខិតដដែល ដែល VOA ទទួល បានរៀបរាប់ថា លោក ញឹក ប៊ុនឆៃ បានប្រគល់ជូនស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ចំនួន១០ដើម និងបានប្រគល់អាវុធវែងមួយដើម ជូនលោក ចៅ ភិរុណ អគ្គនាយកនៃ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ រួចរាល់ហើយ។

យ៉ាងណាក៏ដោយ លោក ជួន សុវណ្ណ បានក៏បញ្ជាក់ក្នុងលិខិតដដែលថា លោក ញឹក ប៊ុនឆៃ ត្រូវប្រគល់អាវុធ ចំនួន១៥ដើមផ្សេងទៀត នៅពេលលោកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អ្នកវិភាគនយោបាយ បានវិភាគថា ជីវិតនយោបាយលោកញឹក ប៊ុនឆៃ ទំនងជាជួបនូវការលំបាក ព្រោះ គណបក្សប្រជាជនកម្ពុជា ត្រូវបានគេមើលឃើញថា ជាគណបក្សខ្លាំង នាំមុខ ហើយនឹងអាចនៅបន្ត ដឹកនាំរាជរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ២០១៨បន្តទៀត ។ ដូច្នេះ គណបក្សប្រជាជនកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន នឹងមិនអាចជឿទុកចិត្ត ហើយចាត់ទុកជាដៃគូនយោបាយតទៅទៀត ឡើយ ចំពោះលោកញឹក ប៊ុនឆៃ រឺក៏គណបក្សខ្មែររួបរួមជាតិ ប្រសិនបើគណបក្សនេះ នៅតែដឹកនាំ ដោយលោកញឹក ប៊ុនឆៃតទៅទៀត ។

អ្នកវិភាគនយោបាយនៅកម្ពុជា បន្តទៀតថា នៅពេលនេះ សម្តចក្រុមព្រះនរោត្តមរណប្ញទ្ធិ ហាក់កំពុង មានយីអ៊ុនខ្ពស់ឡើងវិញ ហើយប្រហែលកំពុងសប្បាយព្រះទ័យ នៅពេលដែលព្រះអង្គ បៀមទុក្ខ ឈឺ ចាប់ក្នុងព្រះទ័យយូរមកហើយ ៕


No comments:

Post a Comment