Friday, August 04, 2017

អភិបាលរងខេត្តព្រះវិហារ ដឹកនាំកិច្ចប្រជុំត្រៀមបង្ការ និងស្ដារឡើងវិញផលប៉ះពាល់ដោយគ្រោះមហន្តរាយទឹកជំនន់ទឹកភ្លៀង

(ព្រះវិហារ) ៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ លោកស្រី ចឹក ហេង អភិបាលរងខេត្ត តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមបង្ការ និងស្ដារឡើងវិញផលប៉ះពាល់ ដោយគ្រោះមហន្តរាយទឹកជំនន់ទឹកភ្លៀង ដែលបាន និងកំពុងកើតឡើងនាពេលកន្លងមកនៅខេត្តព្រះវិហារ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត លោកមេបញ្ជាការរងកងកម្លាំងទាំងបី និងលោក-លោកស្រីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ រួមទាំង លោក-លោកស្រីតំណាងអង្គការក្រៅរដ្ឋាភិបាលជាច្រើនរូបបានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺចង់បានផែនការរួមមួយជាផ្លូវការដើម្បីត្រៀមជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ អង្គប្រជុំ ក៏បានសំណូមពរឱ្យអង្គការទាំងអស់ដែលមានផែនការចុះជួយប្រជាពលរដ្ឋនៅមូលដ្ឋាន សូមមេត្តាផ្ដល់ព័ត៌មានដល់អាជ្ញាធរផងដែរ។

លោកស្រី ចឹក ហេង អភិបាលរងខេត្ត ក៏បានណែនាំឱ្យលោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ពោលគឺនៅពេលពួកគាត់ត្រូវការថ្នាក់ដឹកនាំរបស់ខ្លួនស្វែងរកដំណោះស្រាយបន្ទាន់៕



No comments:

Post a Comment