Friday, August 04, 2017

បទវិភាគ៖ ការបង្កើត​មូលនិធិ ​ក្រោម​លេស​ដោះដូរស្លាក​សញ្ញា​គណបក្ស ​គឺ​ជា​ឱកាស​មាសថ្មី​មួយទៀត ​របស់​ថ្នាក់​ដឹកនាំគណបក្ស​ប្រឆាំង

គណបក្ស​សង្គ្រោះ​ជាតិ​ថ្មីៗនេះ បាន​ប្រកាស​ស្វែងរក​ថវិកាពី​សប្បុរសជន សកម្ម​ជន និង​អ្នក​គាំទ្រ​ទាំង​​ក្នុង និង​ក្រៅ​​ប្រទេស ​ដើម្បី​ដោះ​ដូរស្លាក​សញ្ញា​របស់​គណបក្ស​នៅ​ទូទាំង​ប្រទេស បន្ទាប់​ពី​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពីគណបក្សនយោបាយរួច។ បើ​តាម​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​​គណបក្ស​សង្គ្រោះ​ជាតិបាន​ឲ្យ​ដឹង​ថា ការ​ដោះ​ដូរ​ស្លាក​សញ្ញា​គណ​បក្ស​​ត្រូវ​ចំណាយ​ថវិកា​​យ៉ាង​ហោច​​ណាស់ កន្លះ​លាន​ដុល្លារ​អាមេរិក។

ពាក់​ព័ន្ធការអំពាវនាវ​ស្វែងរក​ថវិកា​របស់​គណបក្ស​ប្រឆាំងនេះ បាន​ធ្វើ​ឲ្យ​មានចម្ងល់ និងការ​ចោទ​សួរ​ជា​​ច្រើ​ន​​ពី​មហា​ជន ជា​ពិសេស​សកម្ម​ជនតូច​តាចក្នុង​បក្សសង្គ្រោះ​ជាតិ រឿង​មូល​និធិដែល​គណបក្ស​​ធ្លាប់​​បាន​​បង្កើត​ឡើង​​​នា​ពេល​កន្លង​មក​ មាន​ដូច​ជា មូ​ល​និធិ​សង្គ្រោះ​ជាតិ​ ដែល​​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​ឡើង​ក្នុង​ពេល​​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​លទ្ធ​ផល​​​នៃការ​បោះ​ឆ្នោត​​កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ​។ កាលណោះថវិកា​ជា​ច្រើន​លាន​​ដុល្លារ​ ត្រូវ​បាន​គណបក្ស​ប្រឆាំង​ប្រមូល​បាន​ពីសកម្ម​ជន និង​អ្នកគាំទ្រ​របស់​ខ្លួនទាំង​នៅក្នុង និង​ក្រៅ​​ប្រទេស​​។ ទីបំផុត​ថវិកា​ទាំង​អស់​នោះ​ គេ​មិនបាន​ដឹង​ថា តើថ្នាក់​ដឹកនាំ​បក្ស​​យក​ទៅ​ចំណាយ​លើ​អ្វី​ខ្លះ​​ទេ? ប៉ុន្តែ​ក្រោយ​ការ​ធ្វើ​បាតុកម្ម​ប្រមូល​ថវិកា​ គេឃើញ​មេដឹកនាំ​គណ​បក្ស​​សង្គ្រោះ​ជាតិ ពិសេស​លោក កឹម សុខា មាន​ផ្ទះវីឡា​ថ្មី មានដីចំការ​ម្រេច​រាប់​សិប​ហិកតា​នៅ​ខេត្តកំពង់​ចាម និងមាន​​ឡាន​ទំនើបៗតម្លៃ​រាប់​សិប​ម៉ឺន​​ដុល្លារ​ជាច្រើន​គ្រឿងទៀត។ ដូចគ្នា​នេះដែរ មូល​និធិ​ទូរ​ទស្សន៍​​ព្រះ​អាទិត្យ​ ដែល​គណបក្សប្រឆាំងបាន​បង្កើត​​កន្លែង​​ប្រមូល​ថវិកាពី​ប្រជាពលរដ្ឋ​ក្រីក្រនៅក្នុង​ប្រទេស និង​ជា​ពិសេស​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស​ដែល​​ខិត​ខំ​ធ្វើ​ការងារ​រក​ប្រាក់​យ៉ាង​លំបាក ហើយ​ទទួល​បាន​ថវិកា​ចំនួនជិត ១លាន​ដុល្លារ ក៏​មិន​​ដឹង​ថា បក្ស​យក​​ទៅ​ណា​អស់​ដែរ?

តាម​រយៈ​ឧទាហរណ៍​ជាក់​ស្តែង​ដូច​ខាង​លើនេះ មហាជន​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​ពី​តម្លា​ភាព គណនេយ្យភាព ដែល​គណបក្ស​មួយនេះ គួរ​តែ​បង្ហាញ​ពី​របាយការណ៍​មូល​និធិ ​ដែលខ្លួន​ធ្លាប់​បាន​ធ្វើ​នា​ពេល​កន្លង​មក​។

ជុំវិញ​ករណីនេះ អ្នកវិភាគលើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ត្រឹម​តែមិន​អាច​អនុវត្ត​គោល​នយោ​បាយ​របស់​​ខ្លួន​ដែល​​ដាក់​ចេញ​នា​ពេល​កន្លង​មកបានទេ តែ​ថែម​ទាំង​បង្កើត​កម្ម​វិធី​មូលនិធិ​ជា​ច្រើន​ទៀត​ ដូច​ជា មូល​​និធិ​​ទ្រទ្រង់​បក្ស (ប្រមូលលុយពីពលករនៅកូរ៉េ អាមេរិក បារាំង អូស្រ្តាលី។ល។) មូល​និធិ​ទូរ​ទស្សន៍​​ព្រះ​អាទិត្យ និង​ចុងក្រោយ​នេះ បង្កើត​មូល​និធិ​ដើម្បី​ដោះ​ដូរ​ស្លាកសញ្ញា​របស់​គណបក្ស​ថែមទៀត​ផង។​

អ្នកវិភាគ​មើល​ឃើញ​ថា ការបង្កើត​មូល​និធិ​ដើម្បី​ប្រមូល​ថវិកានេះ តាម​ពិត​ទៅ​គណបក្ស​សង្រ្គោះ​ជាតិ​មិន​បាន​យក​ប្រាក់​ដែល​ប្រមូល​បាន​ទាំង​អស់​នោះ ទៅ​ធ្វើអ្វី​តាមការឃោសនា​ ក៏​ដូចជាការ​​សន្យារបស់​ពួកគេទេ គឺ​យក​ទៅ​ចែក​គ្នា​តាម​តួនាទី តំណែង ខ្សែ បក្ខពួក គ្រួសារ រហូតដល់​មាន​ការ​បែង​ចែកមិន​ត្រូវ​គ្នា បណ្តាលឲ្យ​បែក​បាក់​​​ផ្ទៃ​ក្នុង​ថែម​ទៀត​ផង ដូចឃើញកន្លងមកហើយ គឺ​មា​ន​ការចាក់ចេញ​​ជា​បន្ត​បន្ទាប់​ពី​សំណាក់​មន្ត្រី​សំខាន់ៗ​​ក្នុង​បក្ស។ ឧទាហរណ៍ ករណី​លោកស្រី ឡាក់ សុភាព សមាជិកគណៈកម្មាធិការនាយក ត្រូវ​បាន​គណ​បក្ស​​សង្គ្រោះ​​ជាតិ​បណ្តេញ​ចេញ ក្រោយ​ពី​លោក​ស្រី​បានទម្លាយអាថ៌កំបំាង​លោក​ សម រង្ស៊ី​ និង លោក កឹម សុខា ប្រព្រឹត្តអំពើ​ពុករលួយ​មានទឹកបា្រក់​រហូត​ដល់​​ ៤០លានដុល្លារ។ អ្វីដែលសកម្ម​ជន​បក្ស និង​អ្នក​គាំទ្រ​គណ​បក្ស​​សង្គ្រោះ​ជាតិ ​ត្រូវតែពិចារណា ថាតើ​មូល​​និធិ​​ដែល​ប្រមូល​​បាន​កន្លងមកថ្នាក់​ដឹកនាំ​បក្ស​យក​ទៅណា? ព្រោះ​​តាំង​ពី​គណបក្សនេះ ទទួលបានអាសនៈ​ក្នុង​រដ្ឋ​សភា​​មក មិន​ដែល​បានធ្វើអំណោយ​មនុស្ស​​ធម៌​អ្វីទាល់​តែ​សោះ។

សម្រាប់​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅកម្ពុជា​មើលឃើញ​ថា នេះគឺ​ជាឱកាស​មាសឱកាស​ប្រាក់​​របស់​​​​​​ថ្នាក់​ដឹកនាំ​គណបក្សប្រឆាំងធ្វើ​មានបាន​ពីការ​រៃ​អង្គាស​ថវិកា ​ក្រោម​លេស​ដោះ​ដូរ​ស្លាក​សញ្ញា​គណ​​​បក្ស​​ ព្រោះ​ការ​បង្កើត​មូលនិធិ ​នា​ពេល​កន្លង​មក​គណបក្ស​សង្គ្រោះ​ជាតិ​ មិនដែល​បង្ហាញ​ពីគម្រោង​ថវិកា​​ចំណូល​-ចំណាយ​ ឲ្យ​បាន​ច្បាស់​លាស់ដល់​ម្ចាស់​ថវិកានោះ​ទេ។

ខាង​លើនេះ គ្រាន់​តែ​ជាចំណុច​តូចមួយនៃអំពើបោកប្រាស់របស់គណបក្សសង្រ្គោះជាតិប៉ុណ្ណោះ ហើយ​​នៅ​មាន​​ចំណុច​ផ្សេងៗ​ជា​ច្រើន​ទៀត ដែលប្រជាពលរដ្ឋស្លូតត្រង់ ក៏ដូចជាសកម្ម​ជន​អ្នក​ចាញ់​បោក​បក្ស​នេះ ត្រូវ​ភ្ញាក់​ខ្លួន និង​​ដឹង​ពីអំពើ​ពុត​ត្បុត​របស់ពួកគេ៕

ដោយ៖ សុខ សុវណ្ណ


No comments:

Post a Comment