Thursday, August 03, 2017

កម្ពុជា-បង់ក្លាដេស ចុះអនុស្សរណៈលើការទិញអង្ករចំនួន ១លានតោន រយៈពេល ៥ឆ្នាំ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលសិទ្ធិពីប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះអនុស្សរណៈយោគយល់ជាមួយរដ្ឋមន្ត្រីក្រសួងស្បៀងអាហារ នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ដើម្បីនាំចេញអង្ករឲ្យបាន ១លានតោន ក្នុងរយៈពេល ៥ឆ្នាំ (២០១៧ – ២០២២) សំដៅធ្វើពិពិធកម្មទំហំពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសធានាបាននូវស្ថិរភាពវិស័យស្រូវ-អង្ករនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ។

សូមជម្រាបផងដែរថា អនុស្សរណៈនេះ មានវិសាលភាពគ្របដណ្តប់រាល់ប្រតិបត្តិការទិញ/លក់អង្ករទាំងអស់រវាងកម្ពុជា និងបង់ក្លាដេស ហើយនឹងត្រូវអនុវត្តន៍ដោយក្រុមហ៊ុនហ្រ្គីនត្រេដ (Green Trade Company) ដែលជាក្រុមហ៊ុនសហគ្រាសសាធារណៈ ចំណុះឲ្យក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងអគ្គនាយកដ្ឋានស្បៀងអាហារ (Directorate-General of Food) នៃក្រសួង ស្បៀង អាហារបង់ក្លាដេស។

នៅក្នុងពិធីចុះអនុស្សរណៈ ដែលធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូបង់ក្លាដេស និងបានចាត់ទុកព្រឹត្តិការណ៍ថ្ងៃនេះ ថាជាការបើកទំព័រថ្មីមួយទៀត សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ ក្នុងការចូលរួមជំរុញ និងលើកកម្ពស់ សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅក្នុងតំបន់។ លោករដ្ឋមន្ត្រី បានរំពឹង ទុកថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងអាចនាំចេញអង្ករស និងអង្ករចំហុយចំនួន ២៥ម៉ឺន តោន ទៅកាន់ប្រទេសបង់ក្លាដេស នៅក្នុងខែតុលាខាងមុខនេះ។

ទន្ទឹមគ្នានេះ លោក ម៉ូហាម៉ាត់ ក្វាមរ៉ុល អ៊ីស្លាម (Advocate Md. Qamrul Islam MP) រដ្ឋមន្ត្រីស្បៀងអាហារបង់ក្លាដេស បានកោតសរសើរចំពោះគុណភាពអង្ករកម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្រអន្តរជាតិជាច្រើនដូចជា ISO, HACCP, និង GMP ព្រមទាំងអាចនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប, សហរដ្ឋអាមេរិក, និងចិនដោយជោគជ័យ។ ឯកឧត្តម បានបន្ថែមទៀតថា តម្លៃធាតុផ្សំផ្សេងៗដូចជាពានរង្វាន់លេខ១ លើពិភពលោក ចំពោះអង្ករក្រអូបកម្ពុជា មានន័យថាគុណភាព និងអត្តសញ្ញាណផលិតផល មានភាពប្រាកដអាចទុកចិត្តបាន។

គួររំលឹកដែរថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០១៦ មានចំនួន ៥៤២,១៤៤តោន ពោលគឺបានកើនឡើង ០,៧០% បើធៀបនឹងឆ្នាំ ២០១៥ ដែលមានចំនួនត្រឹមតែ ៥៣៨,៣៩៦តោន។ សម្រាប់ឆមាសដំបូង នៃឆ្នាំ២០១៧នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣០,៩២៥តោន នេះបើតាមទិន្នន័យផ្តល់ដោយនាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម៕







No comments:

Post a Comment