Thursday, August 03, 2017

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា៖ រដ្ឋាភិបាលអូស្រ្តាលី នឹងបន្តគាំទ្រលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ គម្រោងជំនួយលើវិស័យសុខាភិបាល និងវិស័យអប់រំ

នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមា បានជួបជាមួយលោកស្រីឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សានូវកម្មវិធីអភិវឌ្ឍន៍ក្នុងខេត្តសៀមរាប ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី។

ក្នុងកិច្ចពិភាក្សានេះ លោកស្រី អេនជេលឡា ខកខឺរ៉េន ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា បានមានប្រសាន៍ថា លោកស្រីមានមោទនភាពយ៉ាងខ្លាំងដែលរដ្ឋាភិបាលទាំងពីរមានទំនាក់ទំនងដ៏យូរអង្វែងនិងរឹងមាំក្នុងការស្វែងរកសន្តិភាព និងកិច្ចការងារអភិវឌ្ឍរបស់រដ្ឋាភិបាលអូស្ត្រាលី។ ក្នុងដំណើរទស្សកិច្ចមកកាន់ខេត្តសៀមរាបនាពេលនេះ លោកស្រី មានគោលបំ​ណងស្វែងយល់ និងចុះពិនិត្យដោយផ្ទាល់ក្នុងកិច្ចការអភិវឌ្ឍគម្រោងជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីក្នុងខេត្តសៀមរាប និងចុះពិនិត្យលើកការជួលជុលផ្លូវជនបទ២ខ្សែឡើងវិញក្រោមជំនួយគម្រោងរបស់រដ្ឋាភិបាលអូស្រ្តាលី ដែលបានខូចខាតដោយសារទឹកជំនន់កាលពីឆ្នាំ២០១១-២០១២។

លោកស្រីឯកអគ្គរាជទូតអូស្រ្តាលី ក៏បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីមានគម្រោងជួសជុល ស្ដារឡើងវិញ និងកែលំអរផ្លូវខេត្តសរុប១៧គីឡូម៉ែត្រ និងផ្លូវជនបទ៣ខ្សែ មានប្រវែង៥៧,៥គីឡូម៉ែត្រ ក៏ដូចជាកសាងនូវទំនប់ទឹកផងដែរ ហើយគម្រោងបន្ទាប់ គឺកំណាត់ផ្លូវFR7ជាការកែលំអរផ្លូវក្រោមគម្រោងស្ដារឡើងវិញនូវផ្លូវលំជនបទដែលទឹកប្រាក់សរុបជាង២២.៨លានដុល្លារ ផ្លូវទាំងនេះសរុបប្រមាណ១២២គីឡូម៉េត្រគឺត្រូវកែលំអរដោយចាក់កៅស៊ូពីរជាន់នឹងត្រូវអភិវឌ្ឍក្នុងឆ្នាំ២០១៧-២០១៨នេះ។ ក្រៅពីគម្រោងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ គម្រោងជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី ក៏មានគម្រោងលើវិស័យសុខាភិបាល និងវិស័យអប់រំផងដែរ។

ជាមួយគ្នានេះផងដែរ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលប្រទេសអូស្រ្តាលី ក្នុងកិច្ចការងារជួយស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា និងគម្រោងអភិវឌ្ឍផ្សេងៗស្ទើរគ្រប់វិស័យ ទាំងវិស័យអប់រំ វិស័យសុខាភិបាល និងវិស័យផ្សេងៗជាច្រើនទៀត ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី បានធ្វើឱ្យប្រជាជនក្នុងខេត្តសៀមរាបទទួលបានផលប្រយោជន៍យ៉ាងច្រើន៕




No comments:

Post a Comment