Thursday, August 03, 2017

កិច្ចប្រជុំសន្តិសុខអាស៊ាន និងសមុទ្រចិនខាងត្បូង

ចាប់​ពី​ថ្ងៃទី ២ ដល់​ទី ៨ ខែ​សីហា ឆ្នាំ ២០១៧ ថ្នាក់​ដឹកនាំ​អាស៊ាន ​និង​ដៃគូ​​ពិភាក្សា​របស់​គេ រាប់​បញ្ចូល​ទាំង​ចិន​ និង​អាមេរិក​ផង នឹង​មាន​កិច្ច​ប្រជុំ​សន្តិសុខ​សំខាន់​ៗ​ជា​ច្រើន​នៅ​ហ្វីលីពីន។ ការ​គ្មាន​ភាព​​ស្រស់​បំព្រង​ក្នុង​កិច្ច​ប្រជុំ​ទាំង​នេះនឹង​​ជាការ​អភិវឌ្ឍ​នាពេល​ថ្មី​ៗ​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​។ ជា​ការ​ពិត ភាព​តាន​តឹង​កំពុង​តែ​កើត​ឡើង​ ហើយ​ការ​ចរចា​ការទូត​ក៏កំពុង​តែ​តឹង​តែង​ផង​ដែរ​នៅ​កិច្ច​​ប្រជុំ​ទាំង​នោះ​កំពុង​ខិត​ជិត​មក​ដល់។ លទ្ធផល​របស់​វា​អាច​បង្ហាញ​ថា តើ​ចិន ឬអាមេរិក​មាន​​ប្រៀប​ខាង​ការ​ទូ​តជាង​គេ ហើយ​ថាតើអាស៊ាន​អាច​សាមគ្គី​គ្នា ​និង​ដើរ​តួនាទី​រឹង​មាំ​ក្នុងការ​កាត់​បន្ថយ​​កម្តៅ​ដល់​បញ្ហា​ទាំង​នេះ ឬអត់​នោះ កាន់តែ​មាន​ភាព​មិន​ច្បាស់លាស់។

ក្នុង​ខណៈ​ដែល​មាន​បញ្ហា​សំខាន់​ដទៃទៀត​នៅ​ក្នុង​របៀប​វារៈ​នោះ ការ​ផ្តោត​របស់​អ្នក​សង្កេត​ការ​ជា​ច្រើន​​នឹង​ងាកមក​លើ​ជំហរ​របស់​បណ្តា​អាស៊ាន​លើ​បញ្ហា​សមុទ្រ​ចិន ដោយ​ភាព​តាន​តឹង​របស់​របស់​អាមេរិក​ និង​ចិន​កំពុង​បង្ករ​ភាព​មិន​ច្បាស់លាស់នោះ​ក្នុង​កិច្ច​ប្រជុំ​នោះ។​ ឥរិយាបថ​នាពេល​ថ្មីៗ​របស់​ចិន​អំពីសមុទ្រ​ចិន​ខាង​ត្បូង​ទំនង​ជា​លេច​ធ្លោរ​ជាង​គេ។ កាលពី​សប្តាហ៍​មុន គេ​រាយការណ៍​ថា ចិន​បាន​គំរាម​វាយ​ប្រហារ​​ទីតាំង​យោធា​របស់​វៀតណាម​នៅ​លើ​សណ្ឋា​ន​ដី​ដែល​ខ្លួន​កាន់កាប់​នៅទី​នោះ​ ប្រសិន​វៀតណាម​មិន​បញ្ឈប់​ក្រុម​ហ៊ុន​ Repsol ពីការ​ខួង​ប្រេង​នៅ​ក្នុង​ប្លុក Block 136-03 ដែល​ចិន​ក៏​បាន​ទាម​ទារ​ផងដែរ​នោះ។ នេះ​មិន​ត្រូវ​បាន​អះ​អាង​ដោយ​ក្រុម​ហ៊ុន Repsol ឬ​មន្ត្រី​វៀតណាម​នោះទេ។ ប៉ុន្តែ នៅពេល​គេ​សួរ​ថា តើ​ចិន​បាន​ដាក់​សម្ពាធ​​វៀតណាម​លើ​បញ្ហា​នេះ​ឬអត់​នោះ អ្នក​នាំ​ពាក្យ​​ក្រសួង​ការបរទេស​ចិន​​ Lu Kang ហាក់​បីដូច​បាន​បញ្ជាក់​ដល់​របាយ​ការណ៍​នោះ ដោយ​និយាយថា ចិន​បាន​ជំរុញ​ឲ្យ​ភាគីពាក់ព័ន្ធ​​បញ្ឈប់​សកម្មភាព​ជា​ឯកតោភាគី​នោះ”។

របាយការណ៍​នោះបាន​កើតឡើង ​បន្ទាប់ពី​ការ​លាត​ត្រដាង​របស់​ប្រធានាធិបតីហ្វីលីពីន​ថា ប្រធា​នា​ធិ​បតី​ចិន​​បាន​ប្រាប់​គាត់​អំពី​ការ​រុក​រក​ប្រេង​នៅ​កោះជម្លោះ Reed Bank ថា ប្រសិន​បើ​អ្នក​បង្ខំ​ដល់​បញ្ហា​នោះ យើង​នឹង​ធ្វើ​សង្គ្រាម។ នេះ​អាច​ជា​ការ​សង្កេត​ ជាជាង​ការ​គំរាម។ ក្នុង​ឧទាហរណ៍​ទាំង​ពីរនោះ ការគំរាម​ប្រើ​កម្លាំង​​ជាប់ពាក់ព័ន្ធ​នឹង​អ្វីដែល​ចិន​មើល​ឃើញ​ថា ជា​ការ​រុក​រក​ “ជា​ឯកតោភាគី” និង​​ការ​ផលិត​ប្រេង​នៅ​ក្នុង​តំបន់ជម្លោះ​នោះ។ ជាការ​ពិត​ រដ្ឋ​មន្ត្រី​ការបរទេស​ចិន​បានព្រមានថា “នៅ​ក្នុងដែន​ទឹក​ដែល​មាន​ការ​ត្រួត​គ្នា​នូវសិទ្ធិ ​និង​ផល​ប្រយោជន៍​ក្នុង​សមុទ្រ​ ប្រសិន​បើភាគី​មួយ​បន្តអភិវឌ្ឍ​ជា​ឯកតោភាគីនៅទីនោះ ភាគី​មួយ​ទៀត​នឹង​មាន​សកម្មភាព​ដូច​គ្នាដែរ”។

ជា​ការ​ពិត​ដែល​ថា សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​​បាន​ហាម​សកម្មភាព​ឯកតោភាគី​នៅ​ក្នុង​ដែន​​ទឹក​ជាប់​ជម្លោះ “ដែល​ផ្លាស់ប្តូរ​ធាតុ​ដើម​របស់​តំបន់​នោះ” ដូចជា​ការ​ខួង​ប្រេងជា​ដើម។ ប៉ុន្តែ​ នៅ​ក្នុង​​ករណី​ទាំង​ពីរ​នេះ មូល​ហេតុតែ​មួយ​ដែល​ចិន​អាច​មាន​សម្រាប់ការ​ទាម​ទារ​តំបន់​មិន​ច្បាស់​លាស់​​នោះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​​តុលាការ​អន្តរជាតិ​រួច​ហើយ។ ប៉ុន្តែ វា​ច្បាស់ណាស់ថា ទោះ​បី​ជា​​មាន​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ក៏​ដោយ ក៏​ការ​ទាម​ទារ​តាម​ខ្សែ​បន្ទាត់​ ៩ ចំណុច​​របស់​ចិន​​លើ​អធិបតេយ្យ​អំពី​ធនធាន​ និង​សណ្ឋាន​ដី​នោះ​នៅតែសកម្ម​នៅឡើយ។​ ប្រសិន​បើនេះ​គឺជា​ជំហរ​​ដែល​ចិន​កំពុង​ប្រកាន់យក​មែន​នោះ ពោល​គឺចិន​នៅតែ​ទាម​ទារ​តាម​ខ្សែបន្ទាប់​ ៩ ចំណុច​នោះ​ហើយ​នឹង​ប្រើ​កម្លាំង​ដើម្បី​បង្ខំ​ការ​ទាមរទាររបស់ខ្លួននោះ វានឹង​មាន​ផលវិបាក​ធ្ងន់​ធ្ងរ​សម្រាប់​ទំនាក់​ទំនង​ ចិន- អាស៊ាន ​និង ​ចិន-អាមេរិក។ ជាការ​ពិត​ អាមេរិក​នឹង​លើក​ឡើង​ថា នេះ​គឺជា​ការ​រំលោភ​ដល់​​សណ្តាប់​ធ្នាប់​អន្តរជាតិដែល​មាន​ជា​យូរ​មក​ហើយនោះ ដែល​ខ្លួន​បាន​ជួយ​បង្កើត​ឡើង​និង​នៅ​តែ​​​ដឹកនាំ​នៅឡើយ។ ជាង​នេះទៅទៀត អាមេរិក ជប៉ុន​ និង​វៀតណាម​ទំនង​ជា​ប្រើ​ប្រាស់​សកម្មភាព​ទាំង​​នេះ​ក្នុង​ចេតនា​ដើម្បី​ឲ្យ​អាស៊ាន​រួម​គ្នា​ទល់​នឹង​ចិន យ៉ាង​ហោច​ណាស់​លើ​បញ្ហា​មួយ​ចំនួន។ ដោ​យ​​បាន​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ភាព​តាន​តឹង​នោះ អាមេរិក​បាន​បន្ត​សេរីភាព​​នៃ​ការ​ធ្វើ​នាវា​ច​រ​​រប​ស់ខ្លួន​ទល់​នឹង​ការ​ទាម​ទារ​របស់​ចិន​នៅទី​នោះ ហើយ​សេរីភាព​នៃ​ការ​ធ្វើនាវាចរ​របស់​អាមេរិក​នោះ​ ឥឡូវនេះ ទំនង​ជា​កាន់តែ​ញឹកញាប់ ​និង​លក្ខណៈ​ញួសញង់​​ថែម​ទៀតស្ថិត​ក្រោម​រដ្ឋបាល​រប​ស់ ត្រាំ​។​

សកម្មភាព​របស់​ចិន​​បាន​ធ្វើ​ភាព​តាន​តឹង​កាន់​តែ​អាក្រក់​រវាង​សមាជិក​អាស៊ាន​ខ្លះ ​និង​ចិន​នៅ​ចំពេល​ដ៏រសើប​មួយ​នេះ។ ចិន​កំពុង​ព្យាយាម​ទប់ស្កាត់​ការ​ជ្រៀតជ្រែក​ដោយ​ “ភាគី​ខាង​ក្រៅ” (អាមេរិក​និង​ជប៉ុន) នៅ​មុន​និង​នៅពេល​កិច្ច​ប្រជុំ​អាស៊ាន ​និង​អាស៊ាន​បូក។ នៅ​ថ្ងៃទី ២៦ ខែ​កក្កដា នៅ​ក្រុង​ម៉ានីល លោក Wang Yi បាន​ព្រមាន​ថា “ប្រសិន​បើ​នៅតែ​មាន​កម្លាំង​ក្រៅ​តំបន់​ ឬ​កម្លាំង​នៅ​ក្នុង​តំ​បន់​ដែល​មិន​ចង់​ឃើញ​មាន​ស្ថិរភាព​នៅ​សមុទ្រ​ចិនខាងត្បូង ហើយ​ពួក​គេ​នៅតែ​ចង់​បង្ក​បញ្ហា​នៅ​សមុ​ទ្រ​ចិនខាងត្បូង​នោះ យើង​ត្រូវ​តែ​រួម​គ្នា​ហើយ​និយាយ​ថា ទេ ដល់​ពួក​គេ​ទាំង​អស់​នោះ”។ អ្វី​ដែល​​កំពុង​បង្ហាញ​ឡើង​ផង​នោះគឺ​សេចក្តី​ប្រាថ្នា​របស់លោក ស៊ី ក្នុង​បង្ហាញ​នូវ​ការ​ស្នេហាជាតិ និង​​ម៉ឹង​ម៉ាត់​​ក្នុង​ការ​ជំរុញ​លទ្ធភាព​ដល់​ការ​តែង​តាំង​ជា​ថ្មី​ដល់​រូប​គាត់​នៅ​ក្នុង​សមាជបក្ស​លើកទី ១៩ នៅ​ក្នុង​​រដូវស្លឹក​ឈើ​ជ្រុះ​ខាង​មុខ​នេះ។​

ការ​ប្រឈម​មុខ​ជា​មួយ​ហ្វីលីពីន ជាពិសេស​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​កម្លាំង នឹង​ជំរុញ​​ឲ្យ​ហ្វីលីពីន​ និង​ប្រទេសអាស៊ាន​ភាគ​ច្រើន​ងាក​ចូល​ទៅ​ខាង​អាមេរិក។ ចិន​សង្ឃឹម​ថា នឹង​ជៀស​វា​រឿង​បែបនេះ​ដោយ​​បង្ខំ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​អភិវឌ្ឍន៍​រួម​មួយ​នៅ​តំបន់​ជម្លោះ​ជា​មួយ​ហ្វីលីពីន។ លោក Duterte ក៏​ចាប់​អារម្មណ៍​ដែរ ហើយ​ការ​ចរចា​កំពុងតែ​បន្ត។ ប៉ុន្តែ​ ឧបសគ្គ​ដ៏ធំ​​នោះគឺថា រដ្ឋ​ធម្មនុញ្ញ​ហ្វីលីពីន​​ហាម​​ការ​ចែក​ធនធាន​ពាក់​កណ្តាលម្នាក់​ស្ថិត​ក្រោម​អធិបតេយ្យ​ហ្វីលីពីន។ ការ​អភិវឌ្ឍ​រួម​បែប​នេះ​ត្រូវ​​តែយ៉ាង​តិច​ ហ្វីលីពីន​ទទួល​បាន​ ៦០ ភាគ​រយ​ដែរ។ កិច្ច​ព្រមព្រៀង​របស់​ចិន​ដល់​ការ​ចែក​ឲ្យ​ហ្វី​លី​ពី​ន​ច្រើន​បែប​នេះ​អាច​ត្រូវ​បាន​បកស្រាយ​ថា ជា​ការ​ទទួល​ស្គាល់​ដល់​អធិបតេយ្យ​ហ្វីលី​ពីនលើ​ធន​ធាន​នោះ។ លោក Duterte បាន​សន្យា​ពិគ្រោះ​ជា​មួយ​សមាជិក​អាស៊ាន​ទាំង​អស់​​នៅមុន​បន្ត​ទៅ​មុខ​ទៀត។ នេះអាចជា​ល្បិច​បង្អាក់​ដំណើរ។​

កិច្ច​ប្រជុំ​របស់​រដ្ឋ​មន្ត្រីការបរទេស​អាស៊ាន​ និង​ចិន​ក៏​នឹង​ពិចារណា​លើ​សំណើរ​ “ក្រប​ខ័ណ្ឌ” សម្រាប់​ក្រម​ប្រតិបត្តិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ។ សេចក្តីព្រាង​ក្រប​ខ័ណ្ឌ​នោះ​ត្រូវ​បាន​យល់​ព្រម​ដោយ​​អ្នក​តំណាង​របស់​អាស៊ាន ​និង​ចិន​រួច​ហើយ ហើយ​ទំនង​ជា​នឹង​ត្រូវ​យល់​ស្រប​ដោយ​រដ្ឋ​មន្ត្រី​ការ​បរទេសរបស់គេ។ ប៉ុន្តែ វា​មាន​លក្ខណៈ​ស្តួច​ស្តើងណាស់។ វា​មិន​បាន​លើក​ឡើង​អំពី​​លក្ខណៈ​ផ្លូវ​ច្បាប់​របស់​ក្រម​ប្រតិបត្តិនោះទេ ពោលគឺ​កន្លែង​ដែល​កិច្ច​ព្រមព្រៀង​នោះ​ត្រូវ​អនុវត្តន៍ របៀប​ដោះ​ស្រាយ​ជម្លោះ និង​របៀប​ធានា​ឲ្យ​មាន​ការ​គោរពតាម។ ទាំង​អស់​នោះគឺជា​​ចំណុច​រាំង​ស្ទះ​ធំៗ​ដល់​កិច្ច​ព្រមព្រៀង​នោះ​ស្តីពី​ក្រម​ប្រតិបត្តិ។ ជា​ការពិត ទំនងជាមាន​ការ​ចរចា​គ្នា​ច្រើន​ទៀត​នៅ​មុន​ពេល​មាន​​ក្រម​ប្រតិបត្តិ​មួយ​ត្រូវ​គេ​យល់ព្រម​ឡើងបាន។​

ទាំង​នេះ​គឺជា​បញ្ហា​ខ្លះ​ដែល​នឹង​ត្រូវ​ជជែក​ដេញ​ដោល​ និង​ទទួល​បាន​លទ្ធផល​ចេញពី​កិច្ច​ប្រជុំ​នៅ​ពេល​​ខាងមុខ​នៅ​ក្រុង​ម៉ានីល។ គេ​គួរ​តែ​ដឹង​អំពី​បរិបទ​នៃ​ការ​ប្រណាំង​ប្រជែង​រវាង​ចិន ​និង​អាមេរិក​ដើម្បី​​ឥទ្ធិពល​នៅ​ក្នុង​តំបន់។ ស្ថានភាព​លំបាក​ខាង​សន្តិសុខ​ដ៏សំខាន់នេះ​ ឥឡូវនេះ បាន​ក្លាយទៅ​ជា​​ងាយស្រួល​មើលថែម​ទៀត ពោល​គឺ​កាន់តែ​មាន​ភាព​ហួងហែង​ពី​ចិន​ដែល​កំពុង​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ដល់​ស្ថានភាព​ដើម​ដែល​ដឹកនាំ​ដោយអាមេរិក​ដោយ​អាស៊ាន​កាន់តែ​មានការ​បែក​បាក់។ នៅ​កិច្ច​ប្រជុំ​ទាំងនេះ បញ្ហា​សមុទ្រ​ចិនខាងត្បូងនឹង​តែ​លេច​ចេញ​ច្បាស់​សម្រាប់​ការប្រណាំង​ប្រជែង​ភូមិ​សាស្ត្រ​នយោ​បាយ​ដ៏ធំនេះ៕

(ប្រភព៖ IPPREVIEW ចុះថ្ងៃទី៣១ ខែកក្កដា​ ​ឆ្នាំ២០១៧)


No comments:

Post a Comment