Thursday, August 03, 2017

ចិនបង្ហាញពីអំណាចយោធា ខណៈដែលលោក ស៊ី ជីងពីង ព្យាយាមពង្រឹងអំណាច

ប្រធានាធិបតីចិន លោក ស៊ី ជីងពីង បានបើកយុទ្ធនាការឃោសនាជាសាធារណៈមួយ ដើម្បីពង្រឹងការក្តាប់អំ ណាចរបស់គាត់នៅពេលខាងមុខ ដោយប្រើប្រាស់ព្យុហយាត្រាដ៏ធំមួយកាលពីថ្ងៃអាទិត្យ សេចក្តីថ្លែងការណ៍ និងការឃោសនាជាមួយនឹងការដកតំណែងមន្រ្តីដ៏សំខាន់ម្នាក់កាលពីសប្តាហ៍មុន ដើម្បីព្រមានមន្រ្តីដទៃទៀតឱ្យគាំទ្ររូបគាត់ថា ជាមេដឹកនាំដ៏មានអំណាចរបស់ប្រទេសនៅក្នុងរយៈពេលពីទសវត្សរ៍។

ក្នុងឯកសណ្ឋានជាមេបញ្ជារការកងទ័ពរំដោះប្រជាជនចិន (PLA) លោក ស៊ី បានឈរមើលកងទ័ពប្រមាណជា ១២០០០នាក់ ដើរជាក្បូន រួមជាមួយនឹងកងរថក្រោះ យន្តហោះចម្បាំង មីស៊ីល និងកងសព្វាវុធថ្មីៗជាច្រើនទៀត។ លោក ម៉ៅ សេទុង ធ្លាប់បាននិយាយថា អំណាចនយោបាយ កើតចេញពីកម្លាំងយោធា ហើយលោក ស៊ី បានបង្ហាញឱ្យឃើញថា គាត់ គឺពឹងផ្អែកលើយោធា ដើម្បីរក្សាអ្នកស្មោះត្រង់ ខណៈដែលគាត់បានជ្រើសរើសក្រុមមេដឹកនាំថ្មី ដែលនឹងធ្វើឡើងនៅក្នុងសមាជគណបក្សក្នុងខែស្លឹកឈើជ្រុះខាងមុខ។

លោក ស៊ី បាននិយាយនៅក្នុងព្យុហយាត្រាថា “កងទ័ពទាំងអស់ អ្នកត្រូវតែប្រកាន់ភ្ជាប់គោលការណ៍ដឹកនាំបក្ស ដោយយោធា។” “អ្នកត្រូវតែគោរព និងដើរតាមបក្សជានិច្ច។ ទៅប្រយុទ្ធនៅពេលដែលបក្សត្រូវការ។” ជាផ្លូវការ ព្រឹត្តិការណ៍នេះ គឺជាការខួបលើកទី ៩០ នៃ PLA។ ក៏ប៉ុន្តែ វាក៏បង្ហាញពីនយោបាយជំរុញលោក ស៊ី ថាជាអ្នកនយោបាយតែមួយគត់ ដែលមានឋានៈសក្តិសមជាមេដឹកនាំ “ស្នូល” របស់ចិន ដែលគួរត្រូវបានលើកឡើងនៅក្នុងសមាជបក្ស។

លោក Deng Yuwen អតីតបណ្ណាធិការនៃកាសែតរបស់គណបក្សបាននិយាយថា ការធ្វើព្យុហយាត្រា គឺជារឿងប្រពៃណីមួយ ក៏ប៉ុន្តែ ព្យុហយាត្រាលើកនេះ មានអត្ថន័យពិសេសមួយ។” “វាមានន័យថា លោក ស៊ី ជីងពីង មានអំណាចផ្នែកយោធាក្នុងដៃយ៉ាងរឹងមាំ ហើយគ្មាននរណាម្នាក់អាចប្រជែងនឹងគាត់បានទេ។” សមាជគណបក្សខាងមុខនេះ ច្បាស់ណាស់ នឹងផ្តល់ឱ្យលោក ស៊ី នូវអាណត្តិប្រាំឆ្នាំទៀត ជាអគ្គលេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងយោធា ហើយសមាជនេះ នឹងតែងតាំងក្រុមថ្មីមួយដើម្បីធ្វើការងារក្រោមការដឹកនាំរបស់គាត់។

ពុំទាន់មានកាលបរិច្ឆេទច្បាស់ការអំពីសមាជគណបក្សទេ ក៏ប៉ុន្តែ កិច្ចប្រជុំនីតិបញ្ញត្តិប្រចាំឆ្នាំមួយដែលនឹងធ្វើឡើងនៅដើមឆ្នាំក្រោយ នឹងផ្តល់អាណត្តិប្រាំឆ្នាំទៀតឱ្យលោក ស៊ី ធ្វើជាប្រធានាធិបតី។ អ្នកជំនាញមួយចំនួនបានប៉ាន់ស្មានថា លោក ស៊ី អាចនឹងក្តាប់អំណាច បន្ទាប់ពីអាណត្តិទាំងនោះត្រូវបានបញ្ចប់ បើទោះបីជា រដ្ឋធម្មនុញ្ញនិយាយថា គាត់មិនអាចធ្វើជាប្រធានាធិបតីបានទៀតក៏ដោយ។ ពុំមានច្បាប់ណាមួយនិយាយពីរយៈពេលអតិបរមា នៃការកាន់តំណែងជាអគ្គលេខាធិការបក្សនោះទេ។

កាលពីសប្តាហ៍មុន លោក ស៊ី បានដកតំណែងលោក Sun Zhengcai លេខាធិការបក្សខេត្ត Chongqing ហើយជាមនុស្សដែលគេគិតថា អាចត្រូវបានតែងតាំងកាន់តំណែងខ្ពស់ប្រជែងលោក ស៊ី នៅក្នុងសមាជគណបក្ស។ គណបក្សកុម្មុយនីស្តចិនបានប្រកាសថា លោក Sun កំពុងស្ថិតក្រោមការស៊ើបអង្កេតណ៍ពីបទបំពានវិន័យបក្ស និងអំពើពុករលួយ។ មេដឹកនាំតាមខេត្តនីមួយៗរបស់ចិន និងអ្នកផ្សេងទៀត ដែលត្រូវបានគេរំពឹងថា​ នឹងឡើងតំណែងនោះ បានអំពាវនាវឱ្យមានកិច្ចប្រជុំមួយ ដើម្បីរិះគន់លោក Sun ថា ជា “ខ្លា” មួយ ឬក៏ជាមន្រ្តីពុករលួយម្នាក់។

សាស្រ្តាចារ្យ Ding Xueliang អ្នកវិទ្យាសាស្រ្តនយោបាយម្នាក់បាននិយាយថា “ត្រង់ចំណុចនេះ យើងមិនអាចដឹងច្បាស់ថា លោក Sun គឺជាខ្លាដ៏ធំមួយចុងក្រោយ ដែលត្រូវបានដកតំណែងមុនសមាជបក្សនោះទេ។” “យើងមិនដឹងទេ ហើយមេដឹកនាំផ្សេងទៀតក៏មិនដឹងដែរ។” ក្នុងពេលបច្ចុប្បន្ន លោក ស៊ី ហាក់ដូចជាកំពុងស្វែងរកការធានាមួយសម្រាប់ក្រុមរបស់គាត់ក្នុងអាណត្តិទីពីរ រួមមានអ្នកស្មោះត្រង់វ័យក្មេង ដែលការពារគាត់ និងគោលនយោបាយរបស់គាត់។ មន្រ្តីជាច្រើនកំពុងត្រៀមខ្លួនចូលរួមក្នុងគណៈកម្មាធិការមជ្ឈិមបក្ស ក្រុមប្រឹក្សាមួយដែលមានមន្រ្តីជាន់ខ្ពស់ ២៥ មកពីថ្នាក់ខេត្ត និងមកពីយោធា។ សមាជិក ១១ រូបនៃគណៈកម្មាធិការមជ្ឈិមបក្សនេះ ទំនងជាប្រកាសឱ្យចូលនិវត្តន៍នៅក្នុងសមាជគណបក្សខាងមុខ រួមទាំងសមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស ដែលជាស្ថាប័នដ៏មានឥទ្ធិពលមានសមាជិក ៧ រូប។

ការចរចាជុំវិញការតែងតាំងក្រុមមេដឹកនាំថ្មីកំពុងស្ថិតក្នុងភាពអាថ៌កំបាំង។ ក៏ប៉ុន្តែ ការឃោសនា និងការព្រមាន ហាក់ដូចជាមានគោលបំណងដាក់សម្ពាធលើមន្រ្តី និងមេដឹកនាំចូលនិវត្តន៍ ឱ្យដើរតាមគោលបំណងរបស់លោក ស៊ី ថាអ្នកណានឹងត្រូវតែងតាំង ហើយអ្នកណានឹងត្រូវចុះចេញ។  លោក Ding បាននិយាយថា លោក ស៊ី គឺជាមេដឹកនាំដ៏មានអំណាចម្នាក់របស់ចិន ចាប់តាំងពីលោក Deng Xiaoping បានស្លាប់កាលពីឆ្នាំ ១៩៩៧ មក។ ខណៈដែលយោធាមិនមានអ្វីនិយាយច្រើននៅក្នុងនយោបាយក៏ដោយ ក៏ប៉ុន្តែ ការគាំទ្ររបស់យោធាមានសារៈសំខាន់សម្រាប់អំណាចរយៈពេលវែងរបស់លោក ស៊ី។

លោក Ding បានបន្តទៀតថា “លោក ស៊ី បានចំណាយពេលច្រើនលើយោធា ជាងមេដឹកនាំណាៗទាំងអស់។” “គាត់ដឹងយ៉ាងច្បាស់ថា នៅទីបំផុត ប្រសិនបើ គាត់ចង់រក្សាអំណាច ប្រសិនបើគាត់ចង់ប្រមូលផ្តុំអំណាចកាន់តែខ្លាំង គាត់ត្រូវតែប្រាកដថា កងទ័ពនៅជាមួយគាត់។”

កាលពីថ្ងៃសុក្រ កាសែតរបស់បក្ស Study Times  ដែលជាកាសែតមួយមានមន្រ្តីអានច្រើននោះ បានចុះផ្សាយពីការអួតសរសើរចំពោះលោក ស៊ី ថាគាត់ជាមេដឹកនាំដ៏ពិសេសមួយ។ ប្រវត្តិរបស់លោក ស៊ី ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយកាសែត និងគេហទំព័រជាច្រើនរបស់គណបក្ស។  លោក Deng អតីតបណ្ណាធិការកាសែតរបស់បក្ស Study Times បាននិយាយថា “ខ្ញុំមិនដែលឃើញការគាំទ្រដូច្នោះ សម្រាប់លោក Jiang Zemin ឬក៏លោក Hu Jintao ទេ” ពួកគេមិនទទួលបានការគិតគូទាំងនេះ ដូចលោក ស៊ី ក្នុងពេលនេះទេ។”

នៅក្នុងប្រវត្តិរបស់លោក ស៊ី ដែលត្រូវបានផ្សព្វផ្សាយនេះ ក៏បាននិយាយអំពីគំនិត និងគោលនយោបាយផ្ទាល់របស់លោកស៊ី នៅក្នុងអំឡុងពេលកាន់អំណាចលើកដំបូងរបស់គាត់ រួមមានការស្ថាបនាកោះសប្បនិម្មិត និងការបោះទីតាំងយោធានៅសមុទ្រចិនខាងត្បូង។ ទោះបីជាយ៉ាងណាក៏ដោយ អំណាចរបស់លោក ស៊ី ត្រូវបានគេរិះគន់ផងដែរ រួមទាំងអ្នកនៅក្នុងជួរគណបក្ស ដែលមានការព្រួយបារម្ភថា គាត់អាចបំផ្លាញបទដ្ឋាននៃការដឹកនាំប្រមូលផ្តុំ ដែលអាចបង្អង់ល្បឿនក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដែលជាកត្តាមួយអាចការពារហានិភ័យនៃការធ្វើសេចក្តីសម្រេចចិត្តខុស។

លោកស្រី Susan L. Shirk អតីតជំនួយការរដ្ឋមន្រ្តីការបរទេសអាមេរិក ដែលមានជំនាញលើនយោបាយ និងគោលនយោបាយចិនបាននិយាយថា “ខ្ញុំមានការគិតគូយ៉ាងខ្លាំងអំពីគោលនយោបាយសន្តិសុខ និងគោលនយោបាយការបរទេស។” “ការប្រមូលផ្តុំអំណាច អាចធ្វើឱ្យអ្នកជួបបញ្ហា”៕

(ប្រភព : The New York Times ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧)



No comments:

Post a Comment