Friday, August 04, 2017

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើដល់ក្រុមហ៊ុនភីធីធី បន្តចែកចាយផលិតផល ដែលមាន គុណភាពខ្ពស់នៅលើទីផ្សារកម្ពុជា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសំណូមពរដល់ក្រុមហ៊ុនភីធីធី (ខេមបូឌា) បន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាថែមទៀត តាមរយៈការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ ជាមួយតម្លៃសមរម្យជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីពង្រីកអាជីវកម្ម និងចូលរួមជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា។ លោកបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធការិយាល័យថ្មីរបស់ក្រុមហ៊ុនភីធីធី (ខេមបូឌា) នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ នៅក្នុងសង្កាត់មិត្តភាព រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ លោកបានក៏ជម្រាប អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយវិស័យឯកជន ឲ្យទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបី និងបានលើកឡើងអំពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងដូចជា ការតាក់តែងគោលនយោបាយ, ការកសាងប្រព័ន្ធស្វ័យប្រវត្តិកម្ម, និងការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សំដៅជួយសម្រួលវិស័យឯកជន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងកម្ពុជានៅលើឆាកអន្តរជាតិ។
លោក Nuttavudh Photisaro ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានបង្កបរិយាកាសងាយស្រួល ដល់ក្រុមហ៊ុនភីធីធី និងក្រុមហ៊ុនវិនិយោគថៃផ្សេងៗ ក្នុងការបំពេញប្រតិបត្តិការអាជីវកម្ម ដែលបានធ្វើឲ្យទំនាក់ទំនង ពាណិជ្ជកម្មប្រទេសទាំងពីរ កើនឡើងរហូតដល់ ៥,៦ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៦។
ទន្ទឹមគ្នានេះ លោក សុធន ឈូធៀន អគ្គនាយកក្រុមហ៊ុនភីធីធី (ខេមបូឌា) បានថ្លែងអំណរគុណដល់ប្រជាជនកម្ពុជា ដែលតែងតែគាំទ្រផលិតផលប្រេងឥន្ធនៈ និងសេវាកម្មរបស់ភីធីធី ធ្វើឲ្យក្រុមហ៊ុនមានលទ្ធភាពពង្រីកសាខារបស់ខ្លួនបន្តបន្ទាប់ រហូតដល់ ៣៥ទីតាំង ដែលមានហាងលក់កាហ្វេអាម៉ាហ្សូនចំនួន ៥០សាខា និងហាងលក់ទំនិញជីហ្វីចំនួន ១៣សាខា សម្រាប់បម្រើសេវាកម្មជូនអតិថិជនគ្រប់មជ្ឈដ្ឋាន។
នាពេលបច្ចុប្បន្នអាជីវកម្មរបស់ក្រុមហ៊ុនភីធីធី (ខេមបូឌា) បានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរប្រមាណ ១០០០នាក់ ហើយបានកំពុងរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរបស់កម្ពុជា៕








No comments:

Post a Comment