Thursday, June 28, 2018

ដើម្បីជំរុញឱ្យកម្មករទទួលបានប្រាក់ឈ្នួលអប្បបរមា១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវធ្វើការងារពីរ ដែលនាំឱ្យបាត់ចំណូលជាង៨០លានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ដើម្បីជំរុញឱ្យកម្មករ-កម្មការិនីទទួលបានប្រាក់ ឈ្នួល អប្បបរមា ១៧០ដុល្លារ (ក្នុងឆ្នាំ២០១៨) រាជរដ្ឋាភិបាលត្រូវធ្វើការងារពីរជាមួយរោងចក្រសហគ្រាស ដើម្បីធានាថា រោងចក្រសហគ្រាសនោះនៅតែអាចដំណើរការបាន ដែលនាំឱ្យរដ្ឋបាត់ចំណូលដល់ទៅ ជាង៨០លានដុល្លារ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុប ២១,៤៦៥នាក់ មកពីរោងចក្រចំនួន១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា ឆ្នាំ១៩៩៧ កម្ពុជាមានរោងចក្រតែ៦៤រោងចក្រប៉ុណ្ណោះ និងប្រាក់ឈ្នួលអប្បបរមាត្រឹមតែ៤០ដុល្លារ ប៉ុន្តែបច្ចុប្បន្នកម្ពុជា មានរោងចក្រដល់ទៅ១,១៥៤រោងចក្រ ក្នុងនោះមានកម្មករបម្រើការចំនួន៧៧៦,៥០២នាក់ ជាមួយការទទួលបានប្រាក់ឈ្នួលអប្បរមា១៧០ដុល្លារ សម្រាប់ឆ្នាំ២០១៨ ដែលនេះជាការបង្ហាញពីវឌ្ឍនភាពលើវិស័យឧស្សាហកម្មរបស់កម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ដើម្បីជំរុញឱ្យកម្មករទទួលបាន ១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវធ្វើការពីរជាមួយរោងចក្រសហគ្រាស ដើម្បីធានាថា រោងចក្រសហគ្រាសនោះនៅតែ អាចដំណើរការបាន។ ការងារទាំងពីរនោះ គឺទី១៖ រាជរដ្ឋាភិបាលពន្យារពេលយកពន្ធកាត់ទុក រហូតដល់ឆ្នាំ២០២២ និងទី២៖ ឈប់យកកម្រៃពីការនាំចេញ។ ការងារសម្របសម្រួលទាំងពីរនេះ ធ្វើឲ្យរាជរដ្ឋាភិបាលបាត់ចំណូលជាង ៨០លានដុល្លារអាមេរិក។
លោកនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ហើយបើសិនជាពិនិត្យនៅឆ្នាំ២០១៧ កន្លងផុតទៅ ក្មួយៗទទួលបានបៀវត្សន៍តែ ១៥៣ដុល្លារទេ ហើយការចរចាត្រីភាគីរវាងតំណាងកម្មករ ម្ចាស់រោងចក្រ និងខាងរាជរដ្ឋាភិបាល (សម្រាប់ឆ្នាំ២០១៨) ម្ចាស់រោងចក្រមានលទ្ធភាពត្រឹមតែ ១៦៥ដុល្លារទេក្មួយ។ ហ្ចឹងដើម្បីឱ្យក្មួយៗមានលទ្ធភាពទទួលបាននូវប្រាក់បៀវត្សន៍ ១៧០ដុល្លារ តើរាជរដ្ឋាភិបាលត្រូវធ្វើអ្វីខ្លះ? ព្រោះបើយើងធ្វើមិនស្រួលទេ រោងចក្រនឹងត្រូវបិទទ្វារ អ្នករងគ្រោះមុនគេគឺកម្មករ-កម្មការិនីរបស់យើង ដែលកំពុងធ្វើការ ដែលកំពុងមានប្រាក់ចំណូល ហើយត្រូវបាត់បង់ប្រាក់ចំណូលមួយពព្រិចភ្នែក។
ដូច្នេះដើម្បីជំរុញឱ្យក្មួយៗទទួលបានប្រាក់ចំណូល ១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវធ្វើការងារពីរដើម្បី នឹងដោះស្រាយ បង្កើន៥ដុល្លារសម្រាប់ឱ្យក្មួយៗ នោះគឺទី១. ពន្យារពេលយកពន្ធកាត់ទុករហូតដល់ឆ្នាំ២០២២ ដែលនោះរដ្ឋនឹងត្រូវបាត់បង់ប្រាក់ចំណូលជាង ៤០លានដុល្លារ ឯទី២. កម្រៃនាំចេញដែលរដ្ឋធ្លាប់ទទួលក្នុង មួយឆ្នាំជាង ៤០លានដុល្លារ រដ្ឋត្រូវបាត់បង់ សរុបទាំងអស់ជាង ៨០លានដុល្លារ ដើម្បីឱ្យក្មួយៗបានបន្ថែម ក្នុងម្នាក់ ៥ដុល្លារ»។
លោកនាយករដ្ឋមន្ត្រី បានបន្តថា ប្រទេសដែលអាចទាក់ទាញរោងចក្រពីកម្ពុជា រួមមាន៖ ប្រទេសបង់ក្លាដេស ស្រីលង្ការ ឥណ្ឌា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងប៉ាគីស្ថានជាដើម ដែលប្រទេសទាំងនេះមានកម្លាំង ពលកម្មច្រើន ហើយប្រាក់ឈ្នួលក៏នៅទាបជាងកម្ពុជាផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទសួរថា ហេតុអ្វីបានអ្នកវិនិយោគមកវិនិយោគនៅកម្ពុជា ជាប្រទេស មានប្រាក់ឈ្នួលខ្ពស់ជាងគេ តម្លៃអគ្គិសនីថ្លៃជាងគេ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក៏មិនជាល្អជាងគេដែរ? លោកបានបញ្ជាក់ថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ជាការផ្តល់ទំនុកចិត្តពេលវែងសម្រាប់អ្នកវិនិយោគ លើសពីនោះកម្ពុជាក៏អនុញ្ញាតឱ្យបរទេសអាចបោះទុនវិនិយោគ ១០០% ដោយមិនចាំបាច់ចាប់ដៃជា មួយអ្នក វិនិយោគក្នុងស្រុកឡើយ។លោកនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យកម្មករ និងអាជ្ញាធរ ត្រូវរួមគ្នាប្រឹងប្រែង រក្សារោងចក្រដែលមានវត្តមាននាពេលបច្ចុប្បន្ន ហើយប្រឹងប្រែងកៀរគរអ្នកវិនិយោគថ្មីបន្ថែមទៀត ដើម្បីផ្តល់ ការងារជូនប្រជាពលរដ្ឋ ៕





No comments:

Post a Comment