Thursday, June 28, 2018

អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តចាន់បុរី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំង២

ប៉ៃលិន៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាខេត្តចាន់បុរី ប្រតិភូខេត្តប៉ៃលិន ដឹកនាំដោយ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោកស្រី ជា លាភ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំអង្គភាព និងស្ថាប័នជំនាញជុំវិញខេត្ត បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តចាន់បុរី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ ឱ្យបានកាន់តែជិតស្និទ្ធថែមទៀត។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តចាន់បុរី ដែលបានទទួលស្វាគមន៍ យ៉ាងកក់ក្រៅ ចំពោះគណៈប្រតិភូខេត្តប៉ៃលិន មកជួបសម្តែងការគួរសម និងពិភាក្សាការងារ ពីកិច្ចសហប្រតិបត្តិការ នៅតាមព្រំដែនរវាងប្រទេសទាំង២ ក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាពដ៏ល្អជាមួយគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងពលករ នៅតាមបណ្តោយព្រំដែនរវាង កម្ពុជា-ថៃឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៍បានសំនូមពរដល់ភាគីថៃបន្តសហប្រតិបត្តិការនូវបញ្ហាមួយចំនួនដូចជា៖ ការប្រើប្រាស់ប័ណ្ណឆ្លងព្រំដែនថ្មី Border Pass មិនទាន់បានទូលំទូលាយ តាមកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ការកសាងស្ពានឆ្លងព្រំដែន បញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់ ព្រមទាំងបទល្មើសឆ្លងដែននានា និងការនាំចេញកសិផល និងការធ្វើពាណិជកម្មឆ្លងដែនរវាងខេត្តចាន់បុរី-ប៉ៃលិន ជាពិសេសសហការបង្ករលក្ខណៈងាយស្រួលសម្រាប់ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានធ្វើដំណើរចេញចូលឆ្លងដែន មកចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

ជាការឆ្លើយតបលោក វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ បានសន្យាខិតខំសហប្រតិបត្តិការ និងដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ចំណែកបញ្ហា១ចំនួនទៀត លោកបានសន្យាថានឹងនាំយកនូវរាល់សំណូមពរទាំងអស់នេះ ធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ព្រមទាំងរាជរដ្ឋាភិបាលថៃ ដើម្បីរកលទ្ធភាព និងដំណោះស្រាយ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើឡើង។
ក្នុងឱកាសនោះលោក វីធូរ៉ាត់ ស្រ៊ីណាម ក៍បានមានប្រសាសន៍កោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលកន្លងមកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំង២ ដោយស្មើភាព និងស្មោះត្រង់។
នៅរសៀលថ្ងៃដដែល ក្រោយពីបញ្ចប់កិច្ចពិភាក្សា ប្រតិភូខេត្តប៉ៃលិន ដែលដឹកនាំដោយ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងលោក វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកពិព័រណ៍ត្បូង និងគ្រឿងអលង្ការ ដែលខេត្តចាន់បុរី ធ្វើឡើងជារៀងរាល់ឆ្នាំព្រោះខេត្តនេះ ជាខេត្តដែលមានឈ្មោះល្បីល្បាញខាងត្បូងធម្មជាតិដ៏មានតម្លៃ ដូចគ្នានឹងខេត្តប៉ៃលិនយើងដែរ៕


No comments:

Post a Comment