Monday, October 16, 2017

ទីបំផុតសេចក្តីស្នើវិសោធនកម្មច្បាប់ទាំង៤ ត្រូវបានកិច្ចប្រជុំសភាពេញអង្គអនុម័តរួចរាល់ទាំងអស់ហើយ

បន្ទាប់ពីអង្គសភា បានអនុម័តម្តងមួយៗនៃសេចក្តីស្នើច្បាប់ទាំងអស់ចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ត្រូវបានកិច្ចប្រជុំសភា ពេញអង្គអនុម័តរួចហើយ ដោយសម្លេង៦៧លើ៦៧ នេះបើយោងតាមការប្រកាសរបស់កិច្ចប្រជុំសភាពេញអង្គ នាមុននេះបន្តិចនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។

សេចក្តីស្នើច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលសភាពេញអង្គបានអនុម័តរួមមាន៖
១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖​ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

លោក ជាម យៀប តំណាងឲ្យក្រុមតំណាងរាស្រ្តហត្ថលេខីទាំង ៤៩រូប បានលើកឡើងនៅសម័យប្រជុំសភាថា ច្បាប់ដែលស្នើឲ្យធ្វើវិសោធនកម្មទាំង៤នេះ គ្មានអ្វីពាក់ព័ន្ធបំផ្លិចបំផ្លាញបុគ្គល និងគណបក្សនយោបាយណាមួយឡើយ តែធ្វើឡើងដោយយោងតាមស្ថានភាពនយោបាយ និងការបត់បែននយោបាយ។

លោក ជាម យៀប​ បានបន្តថា ការស្នើនេះដោយមើលឃើញអំពីការប្រព្រឹត្តបទល្មើសក្បត់ជាតិធ្ងន់ធ្ងររបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលតំណាងរាស្រ្តមកពីគណបក្សកាន់អំណាចមិនអាចទទួលយកបាននោះទេ។

លោក ជាម យៀប បានរៀបរាប់យ៉ាងដូច្នេះថា «ច្បាប់ទាំង៤នេះ គ្មានអ្វីពាក់ព័ន្ធទៅនឹងចេតនាចង់បំផ្លេចបំផ្លាញបុគ្គល ឬគណបក្សនយោបាយណាមួយ នោះឡើយ គឺដោយយោងតាមស្ថានភាពនយោបាយបត់បែននាពេលបច្ចុប្បន្ននេះ យោងទៅលើស្មារតីនៃច្បាប់ស្តីពីគណបក្សនយោបាយ និងវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលធ្វើឡើងជាបន្តបន្ទាប់ និងបទដ្ឋានទាំងឡាយដែលនៅមានជាធរមាន។ ចំពោះការស្នើសុំធ្វើវិសោធនកម្មនៃច្បាប់ទាំង៤នេះ សំដៅរៀបចំការបែងចែកអាសនៈរដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោយពេលគណបក្សនយោបាយណាមួយនោះ ដែលបានចូលប្រកួតប្រជែងបោះឆ្នោតសកល ឬ អសកល និងបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ហើយត្រូវបានតុលាការ ឬសមត្ថកិច្ចរំលាយ និងរំសាយចោលជាស្ថាពរ»។

លោក ជាម យៀប បានបន្តរៀបរាប់យ៉ាងដូច្នេះថា «ជាពិសេសយោងតាមសកម្មភាពក្បត់ជាតិ របស់ប្រធានគណបក្សសង្រ្គោះជាតិ កឹម សុខា ដែលបានប្រព្រឹត្តបទល្មើសក្បត់ជាតិ ក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែងនេះ ស្របតាមមាត្រា ៤៤៣នៃក្របព្រហ្មទណ្ឌ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចមិនអាចទទួលយកបានទេ ដែលទាមទារឲ្យយកច្បាប់រដ្ឋធម្មនុញ្ញ និងនីតិវិធីព្រហ្មទណ្ឌនៅជាធរមានមកអនុវត្តន៍ឲ្យ កាន់តែមានប្រសិទ្ធភាព។ យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងភស្តុតាងក្បត់ជាតិជាក់ស្តែងរបស់មេដឹកនាំគណបក្សសង្រ្គោះជាតិ ដោយយកបរទេសធ្វើជាមេដឹកនាំរបស់ខ្លួនផ្ទាល់ សម្រាប់បង្គាប់បញ្ជាស្របតាមមាត្រា៤៤នៃច្បាប់ស្តីពីគណបក្សនយោបាយ ​និងក្នុងគោលបំណងធ្វើឲ្យប្រទេសជាតិរលំរលាយ ហើយក្នុងនោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចឲ្យបែកបាក់ និងឲ្យរលំរលាយឆាប់រហ័សជាដើម។ល។ ដោយមើលឃើញសកម្មភាពក្បត់ជាតិ ក្បត់ប្រជាជនរបស់មេដឹកនាំនៃគណបក្សសង្រ្គោះជាតិ កឹម សុខា ដែលមានភស្តុតាងជាក់ស្តែង និងគម្រោងទៅថ្ងៃមុខដូចនេះ ទើបក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ស្នើធ្វើសេចក្តីស្នើច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់ទាំង៤នេះ ដើម្បីសង្គតភាពជាមួយច្បាប់ស្តីពីគណបក្សនយោបាយ និងវិសោធនកម្មដែលនៅជាធរមានជាបន្តបន្ទាប់មកនេះ។

អង្គសភាជាទីស្នេហា ជាធម្មតាក្រុមតំណាងរាស្រ្តហត្ថលេខីទាំងអស់ បានតាមដាន និងយកចិត្តទុកដាក់ជាប្រចាំនូវការវិវឌ្ឍន៍ឥតឈប់ឈរនូវសភាពការណ៍ប្រទេសជាតិទាំងក្នុងតំបន់ និងលើសកលលោក ដោយឈរលើមូលដ្ឋានជាក់ស្តែងនៃការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន និងតទៅអនាគតដោយកំពុងមានសុខសន្តិភាពពេញលេញ និងមានស្ថេរភាពនយោបាយស្ថិតស្ថេរយូរអង្វែង។ វិសោធនកម្មនេះមិនសំដៅ

១៖ បំណងប្រាថ្នាឲ្យស្របតាមរបត់នយោបាយជាតិ នយោបាយតំបន់ និងនយោបាយលើសកលលោកបច្ចុប្បន្ន ដែលមានការវិវឌ្ឍន៍ទៅមុខឆាប់រហ័ស ការខ្វះចន្លោះគោលការណ៍ច្បាប់សំខាន់ៗសម្រាប់អនុវត្តន៍ជាក់ស្តែងទាន់ពេលវេលារបស់ច្បាប់ដែលមានការពាក់ព័ន្ធ។ ការបំពេញបន្ថែមនូវស្មារតីច្បាប់ ដែលមានការខ្វះខាតនាពេលកន្លងមកជំរុញឲ្យកម្ពុជាក្លាយជានីតិរដ្ឋ មានច្បាប់សម្រាប់អនុវត្តន៍គ្រប់គ្រាន់។ល។

២៖ មូលហេតុច្បាប់ ដែលចាំបាច់ត្រូវធ្វើ។ ច្បាប់រដ្ឋធម្មនុញ្ញចាំបាច់ស្របនឹងរដ្ឋធម្មនុញ្ញ ស្របតាមជំពូកទី ១៦ថ្មី (២) មាត្រា១៥២ថ្មី (២) នៃរដ្ឋធម្មនុញ្ញ។ ច្បាប់ស្តីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតតំណាងរាស្រ្ត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់បោះឆ្នោតស្តីពីការជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។​

នៅក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏បានកែប្រែនូវ មាត្រា១៣៨-ស្ទួន ដោយកំណត់យ៉ាងច្បាស់ថា៖ «ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់ចោលអសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្រ្តទាំងអស់ នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។

ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ទៅឱ្យគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្ត, ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ និងគណបក្សនយោបាយ មានអាសនៈក្នុងរដ្ឋសភា ដែលដឹកនាំដោយរាជរដ្ឋាភិបាល…»។


No comments:

Post a Comment