Friday, March 03, 2017

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រំពឹងថាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៧នេះ នៅតែបន្តក្នុងរង្វង់៧%

សន្និសីទលើកទី១១ ស្តីពីចក្ខុវិស័យកម្ពុជាឆ្នាំ២០១៧ ដែលមានប្រធានបទ «ការឈានឡើងនៃសង្វាក់តម្លៃឧស្សាហូបនីយកម្ម ដើម្បីកំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីថល» ត្រូវបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមវត្តមានជាអធិបតីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានការចូលរួមពីបណ្តាអ្នកជំនាញជាតិ និងអន្តរជាតិ ក្នុងវិស័យសេដ្ឋកិច្ច ធុរកិច្ចជាច្រើនផងដែរ ។
សន្និសីទប្រចាំឆ្នាំដ៏ធំ ដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវ CDRI និងធនាគារ ANZ Royal នេះ ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យមានការធ្វើ ទំនើបកម្មរចនាសម័ន្ធឧស្សាហកម្មរបស់កម្ពុជា ចេញពីឧស្សាហកម្មដែលប្រើកម្លាំងពលកម្មច្រើន ទៅជាឧស្សាហកម្មផ្អែកលើសមត្ថភាពជំនាញនៅត្រឹមឆ្នាំ២០២៥ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងឧស្សាហូបនីកម្មពិភពលោក ខណៈដែលគេមើលឃើញថា រចនាសម្ព័ន្ធ និងមូលដ្ឋានឧស្សាហកម្មរបស់កម្ពុជានៅមានកម្រិតតូចនៅឡើយ។
ថ្លែងនៅក្នុងសន្និសីទ ស្តីពីចក្ខុវិស័យកម្ពុជាឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ស្របពេលកម្ពុជារំពឹងថាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៧នេះ នៅតែបន្តក្នុងរង្វង់៧% ប្រទេសកម្ពុជា ក៏នៅតែមានគោលនយោបាយ ខិតខំបង្កើនផលិតភាពគ្រប់វិស័យ ជាពិសេសវិស័យឧស្សាហកម្មដែលបានចូលរួមចំណែកប្រមាណ ២៨.៩% នៃផលិតផលក្នុងស្រុកសរុប។ ខណៈដែលមានការរំពឹងទុកក្នុងឆ្នាំនេះថា កំណើនក្នុងវិស័យកសិកម្ម និងវិស័យកាត់ដេរ នឹងល្អប្រសើរជាងឆ្នាំ២០១៦។ ប៉ុន្តែវិស័យសំណង់ និងអចលនវត្ថុវិញ អាចនឹងបន្តថមថយកំណើនក្នុងឆ្នាំនេះ ដោយការកែតម្រូវនូវស្ថានភាពឥណទាន និងការផ្គត់ផ្គង់លើសតម្រូវការ។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីកត្តាជៈឥទ្ធិពលនៃស្ថានភាពពិភពលោកមកដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ដូចជា ការចាកចេញរបស់អង់គ្លេស និងអនាគតរបស់សហភាពអឺរ៉ុប! ហានិភ័យនៃការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិន! ភាពចម្រូងចម្រាស់ក្នុងការធ្វើពាណិជ្ជកម្ម រវាងប្រទេសចិន និងរដ្ឋបាលថ្មីនៃសហរដ្ឋអាមេរិក! ភាពមិនប្រាកដប្រជានៃការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលរបស់អាមេរិក ! និងការកើនឡើងនូវកម្តៅភូមិសាស្រ្តនយោបាយជាដើម។
ជាងនេះទៀត ការងើបឡើងវិញនូវតម្លៃប្រេងជាសកល និងទំនិញលើទីផ្សារអន្តរជាតិ ក៏ជាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ។ ស្របពេលដែលឧស្សាហូបនីយកម្មកំពុងមានការប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក លោកនាយករដ្ឋមន្រ្តី ចាត់ទុក វិស័យឧស្សាហកម្មជាវិស័យដ៏មានសក្តានុពលសំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមធ្យម និងរយៈពេលវែង ស្របទៅនឹងទស្សនវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបនាពេលបច្ចប្បន្ន ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នាឆ្នាំ២០៥០។
ដូចគ្នានេះ បើទោះបីជាវិស័យឧស្សាហកម្មរបស់កម្ពុជា នៅមានកម្រិតទាបក៏ដោយ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងក្នុងតំបន់ ប៉ុន្តែអ្នកជំនាញខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានយល់ឃើញថា ប្រទេសកម្ពុជា មានសក្តានុពលច្រើនសម្រាប់ការបង្កើតខ្សែសង្វាក់តម្លៃសកលក្នុងការផ្គត់ផ្គង់ផលិតផលឧស្សាហកម្មឌីជីថលទៅកាន់ប្រទេសនានា ដោយសារកម្ពុជាមានទីតាំងភូមិសាស្ត្រចំចំណុចកណ្តាលក្នុងតំបន់ និងមានគោលនយោបាយច្បាស់លាស់។
គួរកត់សម្គាល់ដែរថា ក្នុងការទាក់ទាញការវិនិយោគបរទេសមកកម្ពុជា ក្របខណ្ឌអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងដោះស្រាយគន្លឹះចំនួន ៤ រួមមាន៖ ១- ការបញ្ចុះតម្លៃអគ្គិសនីសម្រាប់ប្រតិបត្តិវិនិយោគ ២-ការរៀបចំផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូន ៣- ការពង្រឹងយន្តការទីផ្សារពលកម្មដោយបណ្តុះបណ្តាលជំនាញបន្ថែម និង៤-ការអភិវឌ្ឍខេត្តព្រះសីហនុឱ្យប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ជាកំពង់ផែពហុបំណងផងដែរ៕






No comments:

Post a Comment