Tuesday, November 10, 2020

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្រចេះ រៀបចំឡើងដើម្បីលើកស្ទួយវប្បធម៌ នៃការពិភាក្សា និងការលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ

 ក្រចេះ ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តក្រចេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី២ ក្រោមអធិបតីភាពលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អង្គភាពជុំវិញខេត្ត និងក្រុមប្រឹក្សាស្រុក-ឃុំផងដែរ។

ការរៀបចំវេទិកាផ្សព្វផ្សាយនេះ គឺដើម្បីបង្កើតឡើងនូវវប្បធម៌ នៃការពិភាក្សា និងការលើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ ក្នុងគោលបំណង៖
១.ផ្តល់ព័ត៌មានអំពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តសម្រេចបាន និងសកម្មភាពអាទិភាព នៃការអភិវឌ្ឍសម្រាប់ឆ្នាំ២០២០
២.ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមក្នុងការពិភាក្សាលើរបាយការណ៍នានា របស់រដ្ឋបាលខេត្ត ទទួលយកនូវអនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងធ្វើការឆ្លើយតបប្រកបប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ
៣.ធានាបានភាពជាតំណាងសាធារណៈ យ៉ាងពិតប្រាកដ ក្នុងការពង្រឹងលើអភិបាលកិច្ចមូលដ្ឋាន និងការអភិវឌ្ឍមូលដ្ឋាន តាមបែបប្រជាធិបតេយ្យ និងមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ
៤.ធានាថា ក្រុមប្រឹក្សាមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ ផ្តល់ឱកាសដល់ប្រជាពលរដ្ឋមានសិទ្ធិចូលរួម និងលើកឡើងនូវសំណួរពាក់ព័ន្ធបញ្ហានានា ក្នុងមូលដ្ឋានរបស់ខ្លួន និង៥.ធានាឆ្លើយតបបាន តាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងការឆ្លើយតបចំពោះផលប្រយោជន៍របស់ប្រជាពលរដ្ឋ ទាំងបុរស និងស្ត្រីឱ្យបានស្មើៗគ្នា។

ជាមួយគ្នានោះ លោក ហឿ ស៊ីយ៉ែម បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះលោក លោកស្រីតំណាងប្រជាពលរដ្ឋដែលបានមកចូលរួមក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដោយបានលើកឡើងជាសំណួរ និងសំណូមពរផ្សេងៗក្នុងគោលបំណងដើម្បីសហគមន៍ ភូមិ ឃុំរបស់ខ្លួនមានការអភិវឌ្ឍ ហើយចំពោះបញ្ហា សំណូមពរដែលបានលើកឡើងនាពេលនេះ មួយចំនួនក្រុមការងារបានធ្វើការដោះស្រាយ ហើយមួយចំនួនទៀតដាក់ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សារកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបន្ដទៀត។

ក្នុងនោះ លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរឃុំ មុននឹងឯកភាពសម្រេចតាមសំណើរបស់ប្រជាពលរដ្ឋ ត្រូវពិនិត្យផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ ជៀសវាងសម្រេចសំណើទៅបង្កផលលំបាកដល់ពួកគាត់នៅពេលអនាគត។

គួរបញ្ជាក់ថា សំណួរ សំណូមពរដែលបានលើកឡើងនៅក្នុងវេទិកានោះ គឺមាន-បញ្ហាទំនាស់ព្រំដីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ. -បញ្ហាទំនាស់ដីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន. បញ្ហាអ្នកសារព៍ត៌មានអាណាធិបតេយ្យ និងកុងត្រូលជជុះ៕






No comments:

Post a Comment