Friday, March 31, 2017

ក្នុងត្រីមាសទី០១នេះ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតសំណើសុំសាងសង់សំណង់តូចតាចនិងជួសជុលផ្ទះ ជូនអ្នកស្រុកអង្គរជាង១២០ករណី

អង្គរជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ហើយក៏ជាតំបន់ដែលរក្សានូវទំនៀមទម្លាប់ប្រពៃណីផ្ទាល់របស់អ្នកស្រុក ព្រមទាំងជាតំបន់ដែលគ្របដណ្តប់ដោយព្រៃព្រឹក្សា ស្ទឹង បឹងបួ និងសម្បត្តិធម្មជាតិដ៏ល្អប្រពៃ។ការធ្វើឲ្យមានសុខដុមនីយកម្មនឹងគ្នា អាជ្ញាធរជាតិអប្សរាតែងប្រកាន់ភ្ជាប់នូវគោលការណ៍អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីអភិរក្សដោយឈរលើមូលដ្ឋានអភិវឌ្ឍន៍ស៊ីសង្វាក់គ្នារវាងធម្មជាតិ ប្រាង្គប្រាសាទនិងអ្នកស្រុក ពោលគឺរវាង បរិស្ថាន វប្បធម៌ និងសហគមន៍ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់អ្នកជំនាន់ក្រោយតាមរយៈសកម្មភាពអភិវឌ្ឃន៍តំបន់ដោយសហការជិតស្និទ្ធជាមួយស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរពាក់ព័ន្ធនានានិងជាមួយប្រជាពលរដ្ឋ។
តាមរយៈសកម្មភាពខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរាទាំងអស់នេះ បានធ្វើឲ្យតំបន់អង្គរក្លាយទៅជាគំរូក្នុងការគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍សម្រាប់ប្រជាជាតិដទៃទៀតលើសកលលោក ហើយជាងនេះទៅទៀត វាក៏បានជួយលើកតម្កើនតម្លៃអង្គរឲ្យកាន់តែលេចធ្លោឡើងជាសកលថែមទៀត និងបានក្លាយទៅជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ ឲ្យមកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ ។ក្នុងបរិបទនេះហើយបានជាអាជ្ញាធរជាតិអប្សរាត្រូវតែឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលស្នើសុំសាងសង់សំណង់តូចតាច និងអនុញ្ញាតជូនពួកគាត់ភ្លាមៗនៅនឹងកន្លែង ដើម្បីជួយសម្រួលដល់ពេលវេលា និងការធ្វើដំណើររបស់ពួកគាត់។
ទន្ទឹមគ្នានេះដែរ អាជ្ញាធរជាតិអប្សរាក៏បានចុះផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងស្តីពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានយល់សំដៅធ្វើយ៉ាងណាដើម្បីឲ្យបេតិកភណ្ឌនេះគង់វង្សដល់កូនចៅជំនាន់ក្រោយ។ លើសពីនេះទៀត ក្រុមការងារសហគមន៍ក៏ជាក្រុមជួយសង្គ្រោះបន្ទាន់ ក្នុងករណីគ្រោះថ្នាក់ធម្មជាតិដែលកើតមានឡើងចំពោះប្រជាពលរដ្ឋក្នុងតំបន់អង្គរ កិច្ចការសង្គម កិច្ចការសាសនា និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះតាមរយៈនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារកចែកជូនដល់ស្រ្តីទើបឆ្លងទន្លេជាដើម។
អឿន សំអុន អនុប្រធានលេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថាក្នុងខែមីនានេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យ និងអនុញ្ញាតសំណើសុំសាងសង់សំណង់តូចតាចនិងជួសជុលផ្ទះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់បានចំនួន១២១ករណី និងចែកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារកជូនដល់ស្រ្តីទើបឆ្លងទន្លេរួចចំនួន៣៩៩គ្រួសារ។ ជាមួយគ្នានេះដែរ ក្រុមការងារនេះក៏បានអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋដល់ប្រជាពលរដ្ឋបានចំនួន១០ភូមិ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន៥៩៤នាក់ ដើម្បីឲ្យពួកគាត់ចូលរួមជួយក្នុងកិច្ចការថែរក្សា ការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌ។

ក្រៅពីនេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាក៏បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដោយនាំយកថវិការបស់អាជ្ញាធរជាតិអប្សរាចំនួន២លានរៀល ទៅឧបត្ថម្ភលោក ឈួន ឯម មេឃុំស្វាយចេកដែលរងគ្រោះដោយភ្លើងឆេះផ្ទះ , ថវិកាចំនួន១លានរៀលទៅឧបត្ថម្ភការសាងសង់សាលាឆទាននៅឃុំបាគង, ស័ង្កសីចំនួន២០ជួយជនក្រីក្រនិងបច្ច័យចំនួន ២ ៥៣៥ ០០០ រៀលទៀត ទៅចូលរួមពិធីបុណ្យឆ្លងកុដិថ្មីនៅវត្តរុន ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបផងដែរ៕





No comments:

Post a Comment