Tuesday, April 04, 2017

លោក សុខ ឥសាន គូសបញ្ជាក់ពី នីតិរដ្ឋ និងមនោសញ្ចេតនា

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា បានបញ្ជាក់ ជូនសាធារណជនឱ្យបានយល់ច្បាស់ពីពាក្យថា នីតិរដ្ឋ និងមនោស​ញ្ចេត​នា ដើម្បីកុំឱ្យមានការយល់ច្រឡំ។
លោក សុខ ឥសាន បានបញ្ជាក់ថា ចាប់ពីឆ្នាំ ១៩៩៣ រហូតមកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា ប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។ នេះ ជារបត់នយោបាយថ្មី ដែលយើងទាំងអស់គ្នាចង់បាន។ បើចង់បានយ៉ាងដូច្នេះហើយ ចាំបាច់ត្រូវ តែនាំគ្នា គោរពនិងអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួនដើម្បីរួមគ្នាពង្រឹងនីតិរដ្ឋ ។ តាមផ្លូវអាណាចក្រ ឬផ្លូវរដ្ឋ អ្នកប្រព្រឹត្តខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ គឺទទួលទោសទៅតាមទំហំបទល្មើសដែលបានប្រព្រឹត្ត ។ បើតាមផ្លូវពុទ្ធចក្រ ឬផ្លូវធម៌ អ្នកណាធ្វើអំពើបាប ត្រូវទទួលបាបកម្ម  បើធ្វើអំពើល្អ ឬអំពើជាកុសល នឹងទទួលបានបុណ្យ ។
លោកសុខ ឥសាន ក៏បានបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រាជរដ្ឋភិបាល តែងតែមានសន្តានចិត្តល្អ បន្ធូរបន្ថយទោសឱ្យទណ្ឌិត និងសុំព្រះរាជទានលើកលែងទោសឱ្យទណ្ឌិតណាដែលបានភ្ញាក់រលឹកកែប្រែខ្លួន ។ នេះបង្ហាញពីមនោសញ្ចេតនាក្នុងនាមជាអ្នកដឹកនាំប្រទេស ដែលតែងតែមានព្រហ្មវិហារធម៌ចំពោះប្រជាជនទូទៅ ។ ក៏ប៉ុន្តែ ការស្នើសុំព្រះរាជទោសពីព្រះមហាក្សត្រមិនអាចធ្វើទាំងអស់បានទេ ។ បើពុំដូច្នោះទេ មិនអាចហៅថានីតិរដ្ឋបានឡើយ។ នេះមិនមែនជួយកែប្រែមនុស្សទេ តែផ្ទុយទៅវិញគឺជាការជំរុញឱ្យមនុស្សចូលចិត្តប្រព្រឹត្តខុសច្បាប់ ដែលផ្ទុយពីការពង្រឹងនីតិរដ្ឋ។ ដូច្នេះ បន្ធូរបន្ថយទោសមួយចំនួន និងលើកលែងទោសមួយចំនួន។
អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន ក៏បានបញ្ជាក់ថា ដើម្បីចូលរួមពង្រឹងនីតិរដ្ឋ ចាំបាច់ត្រូវអប់រំឱ្យមនុស្សគ្រប់រូប ត្រូវចេះគោរពច្បាប់ ចៀសវាងការប្រព្រឹត្តល្មើសច្បាប់ ទៅ នោះប្រទេសយើងក្លាយទៅជាប្រទេសនីតិរដ្ឋ ហើយវានឹងគ្មានការលំបាកក្នុងការអំពាវនាវឱ្យមានការអធ្យាស្រ័យ លើកលែងទោស ដើម្បីបានជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនោះទេ។
លោក សុខ ឥសាន ក៏បានសង្កត់ធ្ងន់ថា គេមិនអាចយកមនោសញ្ចេតនាលុបលើនីតិរដ្ឋបានឡើយ។ បើមិនដូច្នេះទេ ប្រទេសនឹងក្លាយទៅជា អនុវត្តវប្បធម៌នីទណ្ឌភាព  ហើយត្រូវគេបរិហារថាជាប្រទេសអនាធិបតេយ្យជាមិនខាន៕

No comments:

Post a Comment