Wednesday, November 15, 2017

ទស្សនវិភាគ៖ ប្រជាធិបតេយ្យសេរីពហុបក្ស ឈរលើគ្រឹះអធិបតេយ្យភាពជាតិគឺត្រូវតែគ្មានក្រុមបំផ្លាញជាតិ បម្រើបរទេស

បទប្បញ្ញត្តិរដ្ឋធម្មនុញ្ញ ទទួលស្គាល់របបនយោបាយកម្ពុជា គឺប្រជាធិបតេយ្យសេរីពហុបក្ស ភ្ជាប់ជាមួយនឹងការធានាយ៉ាងមុតមាំនូវឯករាជ្យអធិបតេយ្យភាពជាតិ។ វិចារណៈវិទ្យានៃស្មារតីនេះ គឺមិនអនុញ្ញាតឱ្យចលករនយោ បាយក្រោមការបង្គាប់បញ្ជាពីបរទេស មកជ្រកក្រោមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សរបស់កម្ពុជាបានឡើយ ទោះជាបុគ្គលក្តី ឬជាក្រុមនយោបាយក្តី។

ក្នុងន័យនេះ គឺការប្រកួតប្រជែងនយោបាយលើទីលានប្រជាធិបតេយ្យ ត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត ហើយត្រូវឈរលើគោលការណ៍អធិបតេយ្យភាព ប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេស ក្នុងការកំណត់ជោគវាសនាប្រទេសជាតិកម្ពុជាដោយខ្លួនឯង។ ច្បាប់ត្រូវបានហាមឃាត់បុគ្គលអ្នកនយោបាយខ្មែរ ឬគណបក្ស ដែលស្ថិតក្រោមបញ្ជាបរទេសប៉ុនប៉ងផ្លាស់ប្តូរតាមបែបផ្តួលរំលំ ឬបដិវត្តន៍ពណ៌ ក៏ដូចជា ប្រកាន់យកនយោបាយឱ្យបរទេសដាក់សម្ពាធមកលើរដ្ឋាភិបាលស្របច្បាប់ ដោយច្បាប់ចាត់ទុកថាជាអំពើក្បត់ជាតិ ក្បត់ប្រជាជន បំផ្លាញផលប្រយោជន៍ជាតិ និងត្រូវទទួលទោសតាមច្បាប់ជាធរមាន។

រាជរដ្ឋាភិបាល មាននីត្យានុកូលភាពបំពេញកាតព្វកិច្ចការពារឯករាជ្យអធិបតេយ្យភាពជាតិ ដោយទប់ស្កាត់បុគ្គលបរទេស ឬអង្គការបរទេស ឬក៏រដ្ឋាភិបាលបរទេស ផ្អែកលើគោលការណ៍មិនអាចរំលោភបាននូវឯករាជ្យអធិបតេយ្យជាតិ ចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ របបប្រជាធិបតេយ្យសេរីពហុបក្ស ឈរលើមូលដ្ឋានគ្រឹះនៃអធិបតេយ្យភាពជាតិ មានន័យថាជាប្រជាធិបតេយ្យពិតសម្រាប់កម្ពុជា ក្នុងមោទនភាពជាតិខ្មែររស់ក្រោមដំបូលសន្តិភាព និងអភិវឌ្ឍន៍ជាជំហានៗ ស្របតាមល័ក្ខខ័ណ្ឌពិសេស និងកម្រិតរីកចម្រើនជាក់ស្តែងរបស់ប្រ​ទេសជាតិ និងប្រជាជន។

ដូច្នេះក្រុមអ្នកនយោបាយក្បត់ជាតិ បម្រើផលប្រយោជន៍បរទេស មិនអាចរាប់បញ្ចូលជាកម្លាំងចលកររបស់ជាតិខ្មែរបានទេ។ ចាប់ពីថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដំណើរការអនុវត្តន៍របបនយោបាយប្រជាធិបតេយ្យសេរីរបស់កម្ពុជា ឈានចូលដល់ការសំអាតក្រុមនយោបាយក្បត់ជាតិចេញពីប្រព័ន្ធពហុបក្ស សំដៅចាក់គ្រឹះឯករាជ្យអធិបតេយ្យជាតិឱ្យកាន់តែរឹងមាំ៕

(ប្រភព៖ ហ្វេសប៊ុក វិទ្យាស្ថាន ពលរដ្ឋវិជ្ជា)


No comments:

Post a Comment