Wednesday, November 15, 2017

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធវេទិកា​ផ្សព្វផ្សាយ​ និងពិគ្រោះ​យោបល់របស់​ក្រុមប្រឹក្សាខេត្ត​ អាណត្តិទី២ ​នៅស្រុកជលគិរី​

កំពង់ឆ្នាំង៖ លោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និងជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១៤ ខែវិឆ្ឆិកា ឆ្នាំ២០១៧ បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្ត និងមានការចូលរួមពីអាជ្ញាធរស្រុក ឃុំ សហគមន៍ និងអង្គការសង្គមស៊ីវិលសរុប១៧៦នាក់ ក្នុងនោះមានស្រី្ត២៣។

នៅក្នុងឱកាសនោះ លោកស្រី ដោក សុទ្ធា បានថ្លែងថា ដើម្បីលើកកំពស់ការផ្ដល់សេវា និងការធ្វើឲ្យចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាខេត្ត ត្រូវសហការជាមួយក្រុង និងក្រុមប្រឹក្សាស្រុកក្នុងខេត្ត ដើម្បីពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាសង្កាត់ ក្នុងគោលបំណងឆ្លើយតបតម្រូវការចាំបាច់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងត្រូវធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការពិគ្រោះយោបល់ និងការសម្របសម្រួលជាមួយគ្នាលើមុខងារ និងភារកិច្ចមួយ ឬច្រើន និងបញ្ហានានា ដែលមានការពាក់ព័ន្ធគ្នា។

លោកស្រីប្រធានក្រុមប្រឹក្សាខេត្តបានបន្ដថា ដោយបានទទួលនូវការធ្វើប្រតិភូកម្មអំណាចក្នុងនាមរាជរដ្ឋាភិបាល ដើម្បីផ្ដល់ការគាំទ្រ និងត្រួតពិនិត្យនិត្យានុកូលភាពលើសេចក្ដីសម្រេច និងសកម្មភាពរបស់រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ ដើម្បីធានាថារដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់បំពេញមុខងារ និងភារកិច្ចដែលបានប្រគល់ ឬបានធ្វើប្រតិភូកម្មស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកស្រីក៏បានបញ្ជាក់ជូនថា អង្គវេទិកាឆ្នាំនេះជាលើកទី៤ ដែលក្រុមប្រឹក្សាខេត្តអាណត្តិទី២ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាក្រុង ស្រុក ឃុំ និងសង្កាត់ ចាប់តាំងពីត្រូវបានបោះឆ្នោតជ្រើសតាំង និងប្រកាសចូលតំណែង កាលពីខែមិថុនា ឆ្នាំ២០១៤មក។

នៅក្នុងវេទិកានោះដែរ ក៏មានការលើកឡើងជាសំណួរ សំណូមពរដើម្បីឲ្យដោះស្រាយ មាន ១៤ចំណុច ស្រាយបំភ្លឺបាន៧ចំណុច និងមិនទាន់បានស្រាយបំភ្លឺចំនួន៧ចំណុច។ ចំណុចដែលមិនទាន់ស្រាយបំភ្លឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ទីរជំនាញទទួលយកដើម្បីប្រជុំពិភាក្សាដោះស្រាយបន្ដទៀត៕


No comments:

Post a Comment