Tuesday, March 10, 2015

ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជា កោតសរសើរច្បាប់ គ.ជ.ប ថ្មី ថាមានលក្ខណៈល្អប្រសើរ

ថ្លែងនៅ​ក្នុងសិក្ខា​សាលាស្តី​ពីការ​រៀបចំ​ និងការ​ប្រព្រឹត្ត​ទៅនៃ ​គ.ជ.ប ​និងច្បាប់​ស្តីពី​ការជ្រើស​តាំង​តំណាង​រាស្រ្ត​ កាល​ពីថ្ងៃទី០៩​ ខែមីនា​ ឆ្នាំ២០១៥​ នៅក្នុងរដ្ឋសភា ឯកឧត្តម ​ហ្រ្វង់ស្វ័រ​កូតាំង(Jean-Francois Cautain)​ ឯកអគ្គរដ្ឋ​ទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា​ បាន​លើក​ឡើងថា​ ឯកឧត្តម ​មានសេចក្តី​រីករាយ​ណាស់​ដោយ​មើលឃើញ ​ពីដំណើរ​ការ​នៃការ​ធ្វើច្បាប់​ គ.ជ.ប​ ថ្មី​នេះ ​មានលក្ខណៈ​ល្អ​ប្រសើរ​ និង​មាន​ការចុះ​សម្រុង​គ្នា​រវាង​គណបក្ស​ធំៗ​ទាំងពីរ​ ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ បើទោះ​បី​ជា​នៅ​មាន​ការ​រិះគន់​ខ្លះ​ពីអង្គ​ការ​សង្គម​ស៊ីវិល​មួយ​ចំនួន​​ក្តី​ ប៉ុន្តែ​វា​នៅ​តែ​មាន​លក្ខណៈ​ល្អច្រើន​ជាង​មុន។
តាមរយៈ​ការតាម​ដាន​ អំពី​ការធ្វើ​សេចក្តី​ព្រាង​ច្បាប់​បោះឆ្នោត​ថ្មី​នេះ​ ដោយ​យក​ចិត្ត​ទុក​ដាក់​ ឯកឧត្តម ​ហ្រ្វង់ស្វ័រ​កូតាំង​ (Jean-Francois Cautain) ​បាន​កោត​សរសើរ​ដល់ក្រុម​ការងារ​កំណែ​ទម្រង់​កិច្ចការ​បោះឆ្នោត ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ការ​ងារ​បោះឆ្នោត​នេះ​។ ​ជាពិសេស ​ឯក​ឧត្តម​ បាន​មើល​ឃើញ​ថា​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ដែលបាន​ដំឡើង​ឋានៈ​ និង​មាន​អព្យា​ក្រឹត្យ​ច្រើន​ កាន់​តែ​ពេញលេញ​ ហើយ​ថែម​ទាំង​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិលទៀត​ផង​។
គួរ​បញ្ជាក់​ថា​ ការបើក​សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ សេចក្តី​ស្នើច្បាប់​ គ.ជ.ប​ និង​ច្បាប់​បោះឆ្នោត​នេះ​ គឺធ្វើ​ឡើង​នៅ​វិមាន​រដ្ឋសភា​ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជា​ ៤៩៥​នាក់​ មក​ពីព្រឹទ្ធ​សភា​ រដ្ឋសភា​ មន្ត្រី​រាជ​រដ្ឋាភិបាល​ ក្រសួង​ស្ថាប័ន​រដ្ឋ​ អង្គទូត​ អង្គ​ការ​ជាតិ​ អន្តរជាតិ​ និង​មហាជន​។ ​បទ​បង្ហាញ​ដំបូង​ គឺ​ចាប់​ផ្តើម​ពីសេចក្តី​ព្រាង​ច្បាប់ ​ស្តីពី ​ការរៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ដែល​មាន​ ៧ជំពូក​ និង​៦៦មាត្រា ​និង​បន្ទាប់​មក​បង្ហាញ​អំពី​ សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ ជ្រើស​តាំង​តំណាង​រាស្រ្ត ​ដែល​រួមមាន​សរុប​ចំនួន​ ១៧១​មាត្រា ​ចែកចេញ​ជា ​១២​ ជំពូក៕


អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment