Tuesday, March 10, 2015

មន្ត្រីបក្សកាន់អំណាច៖ សេចក្តីព្រាងច្បាប់បោះឆ្នោតថ្មី មិនបានរំលោភលើសិទ្ធិបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិលនោះទេ

ឆ្លើយ​និង​សំនួរ​ដែលពាក់ព័ន្ធ​នឹង​ការព្រួយ​បារម្ភខ្លះ ​របស់​ ឯកឧត្តម ​ហ្រ្វង់ស្វ័រ​កូតាំង​ (Jean-Francois Cautain) ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជា ដែលបាន​លើកឡើង​ពីការ​ភ័យព្រួយ ​ក្នុងការ​ប្រើសិទ្ធិ​សេរីភាព​នៃការ​សំដែង​មតិ ​របស់អង្គ​ការសង្គម​ស៊ីវិលមួយ​ចំនួននោះ ​ឯកឧត្តម​ ស៊ិក​ ប៊ុនហុក ​តំណាង​សមាជិក​រដ្ឋសភា​កូតា​គណបក្សប្រជាជន​កម្ពុជា​ បាន​ធ្វើការបក​ស្រាយ នៅ​ក្នុងសិក្ខា​សាលាស្តី​ពីការរៀបចំ​ និងការ​ប្រព្រឹត្ត​ទៅនៃ ​គ.ជ.ប ​និងច្បាប់​ស្តីពី​ការជ្រើសតាំង​តំណាងរាស្រ្ត​នៅថ្ងៃទី០៩​ ខែមីនា ឆ្នាំ២០១៥ ថា ​មិនមាន​ការរំលោភ​សិទ្ធិ​បញ្ចេញ​មតិ​ណាមួយ​នោះ​ទេ នៅក្នុង​សេចក្តីព្រាង​ច្បាប់បោះ​ឆ្នោតថ្មី បើសិនជា​ការបញ្ចេញ​មតិនោះ​ត្រឹមត្រូវតាម​ច្បាប់។
ជាមួយគ្នា​នោះដែរ ​ការឆ្លើយតប​ និងកង្វល់​ពីសិទ្ធិ​សំដែង​មតិរបស់​ ឯកឧត្តម ​ហ្រ្វង់ស្វ័រកូតាំង​ នេះ ​ក៏ជាការ​ ឆ្លើយតប​និង​ការព្រួយ​បារម្ភ​របស់​អង្គការ​សង្គមស៊ីវិល,​ អង្គការសិទ្ធិ​មនុស្ស ​និង​ សមាគម​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ ដែល​ជា​អ្នកឃ្លាំ​មើល​ការបោះឆ្នោត​នៅកម្ពុជា​ ដែលតែង​បាន​លើកឡើងថា​ សេចក្តី​ព្រាងច្បាប់​បោះឆ្នោតថ្មី​ បានរឹតត្បិត​សេរីភាព​នៃការបញ្ចេញ​មតិ​របស់ខ្លួន​ជុំវិញ​ដំណើការ​ការងារ​បោះឆ្នោត។
ឯកឧត្តម​ ស៊ិក​ ប៊ុនហុក​ បានធ្វើការពន្យល់ថា​ សេរីភាព​នៃការសំដែង​មតិ​នេះគឺជា​គោលការណ៍​មួយ​នៃ​សេរីភាព​មូលដ្ឋាន​ ដែលមាន​ចែង​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​ស្តីពីសិទ្ធិ​មនុស្ស​ហើយ​និង​សិទ្ធិពល​រដ្ឋ​តាំង​ពីឆ្នាំ១៧៨៩​ នៅត្រង់​មាត្រា១០​នៅក្នុង​សេចក្តី​ថ្លែងការណ៍​នោះបាន​ចែងថា​គ្មាននរណា​ម្នាក់​អាចព្រួយ​បារម្ភ​ពីមតិ​របស់ខ្លួន​នោះទេ ​គេអាច​ស្តែងចេញ​មតិអី​ក៏បាន​ លុះត្រា​តែការស្តែង​មតិ​នោះមិន​ធ្វើឲ្យកករ​ល្អក់​ដល់​សណ្តាប់​ធ្នាប់​សាធារណ
ដែល​ចែង​ដោយច្បាប់​ ដែល​ជា​កាតព្វកិច្ច​ច្បាប់​ចងឲ្យ​ការ​សំដែង​មតិគឺ​ស្ថិតនៅ​ក្នុង​ក្របខ័ណ្ឌច្បាប់ ​មិនមែន​និយាយ​អ្វីក៏​បាន​តាមចិត្ត​នោះទេ​។
ឯកឧត្តម​បន្តថា​ ហើយឃ្លា​មួយទៀត​ដែលជា​គោលការណ៍​ធំនៃ​ច្បាប់​នេះ​គឺដូចទៅ​និង​ មតិ​របស់​អ្នកប្រាជ្ញ​ខាង​ច្បាប់​មួយរូប​ ឈ្មោះ ​សង់ប៉ូម៉ារ៉ាត​ ដែល​បាន​និយាយ​ថា ​សេរីភាព​ដែលអាច​និយាយអ្វីៗ​ក៏បានទាំង​អស់ ​អាច​និងមាន​សត្រូវ​តែចំពោះ​អ្នកណា​ដែលចង់​មាន​សេរីភាព​ធ្វើអ្វីៗ​ក៏បាន​ទាំងអស់​។  សភាពការណ៍​ដែលកើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន ​គេមិនចាប់​ទុកជាការ​សំដែង​មតិនោះទេ​ គឺគេចាប់​ទុក​ជា​បទល្មើស​ ហើយ​ប្រទេស​ណា​ក៏​ដោយ​នៅក្នុង​ពិភពលោក​គឺមាន​ច្បាប់​បែប​ហ្នឹង​ទាំងអស់។​
          ឯកឧត្តម​បាន​លើក​ឡើងថា ​មាន​ប្រទេស​ជាច្រើន​លើពិភព​លោក ​ដែលមាន​ការដាក់​ទោស​ចំពោះ​ការ​បញ្ចេញ​មតិប៉ះពាល់​ដល់កេរ្តិ៍​ឈ្មោះ​អ្នក​ដ៏ទៃ ​ហើយ​នៅក្នុង​ច្បាប់​អន្តរជាតិ​ មាត្រា១៧​ នៃកតិ្តការ​អន្តរជាតិ​ស្តីពី​សិទ្ធិ​ស៊ីវិល​ និង​សិទ្ធិ​នយោបាយ​ គឺត្រូវ​ចំរឿង​ការបោះ​ឆ្នោតនេះ​ឯង​។ ឯកឧត្តម​បន្តថា ​គ្រប់ប្រទេស​ទាំងអស់​បាន​យក​ច្បាប់​អន្តរជាតិ​នេះ​មកអនុវត្ត ​ហើយ​មាត្រា១៧​ បាន​ចែង​យ៉ាងច្បាស់​ណាស់​គឺ​សិទ្ធិ​នយោបាយ​ហ្នឹង​ត្រូវបាន​អនុម័ត​ ក្នុង​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ឆ្នាំ១៩៦៦។ ឯកឧត្តម​បន្តថា ​នៅក្នុង​មាត្រា១០​ នៃ​ច្បាប់​អន្តរជាតិ​ បានចែង​យ៉ាងច្បាស់​ពី​បញ្ហា​ហ្នឹង​ ក្នុងកតិ្តការ​នៃ​សិទ្ធិ​នយោបាយ​ហើយ​និង​សិទ្ធី​ស៊ីវិល​នេះ​។ ​ក្នុងមាត្រា១៧ ​ចំណុច​ទី១​ច្បាប់នេះ​បាន​កំណត់ថា​ គ្មាន​បុគ្គល​ណា​មួយ​ ដែល​ត្រូវបាន​ក្លាយ​ខ្លួន​ជា​កម្មវត្ថុ​ នៃ​ការជ្រៀប​ជ្រែក​តាម​បែប​បំពានឬ​ល្មើស​ច្បាប់​ទៅលើ​ជីវិត​ឯកជន​របស់ខ្លួន​ លើ​គ្រួសារ​របស់ខ្លួន​ លើផ្ទះ​សំបែង​របស់ខ្លួន​ លើ​ការ​ឆ្លើយ​ឆ្លង​របស់​ខ្លួន​នោះទេ ​រួមទាំង​ការប៉ះ​ពាល់​ដោយ​ល្មើស​ច្បាប់​លើ​កិត្តិយស​របស់​គេ​ និង​លើកេរ្តិ៍ឈ្មោះ​របស់​គេផង​ដែរ។​ ឯកឧត្តម ​ស៊ិក​ ប៊ុនហុក​ ក៏បាន​លើក​ទឹកចិត្ត ​ក៏ដូចជា​ជំរុញ​ឲ្យគ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា​នោះវា​នឹង​មិនមាន​រឿង​អ្វីនោះទេ​។ ​ចំណុចទី២​នៃច្បាប់​ដដែល​នេះ​បាន​កំណត់ថា​ បុគ្គល​គ្រប់រូប​មាន​សិទ្ធិ​ទទួល​បាន​ការការ​ពារ​ដោយ​ច្បាប់​ប្រឆាំង​និង​ការជ្រែត​ជ្រែក​រឺការ​ប៉ះពាល់​។​ ប្រទេស​មួយចំនួន​ក៏​បាន​ផ្តន្ទា​ទោស​ឲ្យជាប់​កុក​រួចមក​ហើយ ​នូវ​អ្នក​ដែល​មួលបង្គាច់​អ្នក​ដ៏ទៃ​។ ​ឯកឧត្តម​បញ្ជាក់​ថា ​គ្រប់ប្រទេស​ទាំងអស់​គេ​អនុវត្ត​តាម​កតិ្តការ​ហ្នឹង​ គឺ​គេយក​មក​ធ្វើបាន​ល្អ​ណាស់ ​ចឹង​បាន​ជានៅ​អ៊ឺរ៉ុប​មិន​ដែល​មាន​បញ្ហា​នេះ​កើតឡើង​ទេ​ ព្រោះ​គេ​នាំ​គ្នា​គោរពច្បាប់​។ ​ ឯកឧត្តម ​ស៊ិក ​ប៊ុនហុក​ ក៏​បាន​រំលឹក​ទៅកាន់​ ឯកឧត្តម​ ហ្រ្វង់ស្វ័រកូតាំង​ (Jean-Francois Cautain) ថា ​កាល​ឆ្នាំ១៩៩៣​​ សហគមន៍​អឺរ៉ុប​ (EU)​ បានជួយ​កម្ពុជា​ក្នុងការ​បោះឆ្នោត​ គឺមក​ជួយធ្វើ​ច្បាប់​បោះឆ្នោត​ឲ្យ​កម្ពុជា​ថែមទៀត​ ជាក់ស្តែង​នៅ​ក្នុង​ការ​អនុវត្ត​ មាន​ NGO​ ខ្លះ​មិនចង់​ឲ្យមាន​ច្បាប់​ទេ​ តែ​អន្តរជាតិ​គេ​ថា​ឲ្យមាន​ច្បាប់​ដើម្បី​ការពារ​ ប៉ុន្តែ​នៅកម្ពុជា​យើងជាក់​ស្តែង​គឺ​របៀប​ហ្នឹង​ចង់​ធ្វើអី​ស្រេច​និង​ចិត្ត។
ឯកឧត្តម​ ស៊ិក​ ប៊ុនហុក​ បាន​គូស​បញ្ជាក់​ថា​ នៅ​ប្រទេសគេ ​បើការ​ជេរ​រិះគន់​ដៀល​ជាតិ​សាសន៍​ទៀត​គឺ​គេ​ពិន័យ​ទ្វេមួយ​ជាពីរ​ ដូច្នេះ​ឯកឧត្តម​ សំណូមពរ​ថា​ យើង​ត្រូវ​យល់​ពី​ច្បាប់​ឲ្យ​បាន​គ្រប់​ទិដ្ឋភាព​ ដើម្បី​យើង​គ្រប់គ្នា​អាច​ចូលរួម​គោរព​ច្បាប់​ទាំង​អស់គ្នា​។ ឯកឧត្តម​បន្តថា ​នៅក្នុង​ច្បាប់​របស់​ប្រទេស​នានា​លើស​កល​លោក​មួយចំនួន​ គេ​មិន​ឲ្យ​និយាយ​ពីការ​ប្រកាន់​ពូជ​សាសន៍ ​រហូត​ដល់​គ្រាន់​តែ​និយាយ​ពីព័ណ៌​សម្បុរ​ក៏​មិនបាន​ ពូជពង្ស​ ដើម​ជនជាតិ ​សញ្ជាតិ​ក៏​អត់​បាន​ និយាយពី​ ពិ​ការភាព​ក៏មិនបាន ​គឺ​ពិន័យ​ទ្វេមួយ​ជាពីរ ​ប៉ុន្តែ​ស្រុកយើ​ងវិញ​ អ្នកខ្លះ​ជេរ​នាយក​រដ្ឋមន្ត្រី​សុទ្ធ​តែ​អាក្វាក់ ​ចំណែក​ប្រទេសគេ​ គឺ​មិន​ធម្មតាទេ ​រឿងអ្នក​ពិការ​នេះ ​ច្បាប់​គេ​ហាម​ឃាត់​តឹងរឹង​ណាស់។
ឯកឧត្តម​ ស៊ិក ​ប៊ុនហុក ​បាន​ជម្រាប​បន្ថែមថា ​ចំណែក​ឯ​ច្បាប់​បោះឆ្នោត​ថ្មី​របស់​កម្ពុជា​ មាត្រា​៨៤​នេះ ​បាន​លើក​ឡើង​ចំពោះ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ សមាគម​ក្នុង​ស្រុក ​សមាគម​ រឺ​អង្គការ​អន្តរជាតិ​ ដែល​បំពញ​ការងារ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ​រួមទាំង​ជនបរទេស​ផង​ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ឥត​លំអៀង​ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​។ គោល​បំណង​គឺ​ដើម្បី​រក្សា​នូវ​អព្យាក្រឹត្យ ​គឺគេ​មាន​សិទ្ធិ​រិះគន់​ឥត​លំអៀង​ មិនមែន​មិន​ឲ្យ​រិះគន់ទេ ​ហើយ​មាត្រ​១៣៧​នៃច្បាប់បោះ​ឆ្នោត​ថ្មី​នេះ​ចែង​ថា ​ក្នុងអំឡុង​ពេលបោះ​ឆ្នោត​ ពេលរាប់​សន្លឹក​ឆ្នោត​ និង​ការ​ប្រកាស​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ អង្គការ​មិនមែន​រដ្ឋាភិបាល ​សមាគម​ក្នុងស្រុក​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សមាគម​អន្តរជាតិ​ ដែលបំពេញ​ការងារ​ក្នុងព្រះ​រាជា​ណាចក្រ​កម្ពុជា​ រឺ​ជនបរទេស​ ត្រូវ​ប្រកាន់​ជំហរ​អព្យា​ក្រឹត្យ​ឥតលំអៀង​ ស្រប​តាម​បញ្ញតិ​ដូច​មាត្រា​៨៤។​ ឯកឧត្តម​បន្តថា ​មួយ​វិញទៀត​បញ្ញតិ​នៃ​កថាខណ្ឌ​នេះ ​មិន​ត្រូវរារាំង​ដោយ​ការ​ប្រើប្រាស់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​។ ជាមួយ​គ្នា​នេះ​ដែរ​មាត្រា​១៤៨​ កំណត់​ថា​កន្លែងខ្លះ​បទល្មើស​នៃ​ការបញ្ចេញ​មតិនេះ ​វានាំ​ឲ្យប៉ះពាល់​រហូត​ទៅដល់​បទ​ល្មើស​ព្រហ្មទណ្ឌ ​នឹងត្រូវ​ផាក​វិន័យ​ពិន័យ​ជា​ប្រាក់​ពី១០​លានរៀល​ ទៅដល់​២០លាន​រៀល ដោយ​គណកម្មការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល ​អង្គការ​រឺសមាគម​ក្នុង​ស្រុក​ រឺ​អង្គការ​មិនមែន​រដ្ឋាភិបាល​ រឺ​សមាគម​អន្តរជាតិ ​ដែល​បំពេញ​ការងារ​ក្នុង​ដែន​ព្រះរា​ជា​ណាចក្រ​កម្ពុជា ​ដែលបាន​ធ្វើសកម្ម​ភាព​ដោយ​ផ្ទាល់​រឺដោយ​ប្រយោល​បំពាន​លើ​បញ្ញតិ​មាត្រា៨៤​នៃ​ច្បាប់នេះ​។​
ឯកឧត្តម ​ស៊ិក ​ប៊ុនហុក​ បញ្ជាក់​ទៀតថា​ ការទទួល​ខុសត្រូវខាង​លើ​ មិនលើក​លែងការ​ទទួល​ខុសត្រូវ​របស់​រូបវន្ត​បុគ្គល​ ដូចជា​ NGO​ ចំពោះ​អំពើ​ដដែល​ខាងលើ​រឺបទ​ល្មើស​ផ្សេងៗ​ទៀត​ដែល​បាន​បញ្ញតិ​នៅ​ក្នុង​ក្រមព្រហ្ម​ទណ្ឌ​នោះ​ឡើយ​ គឺ​ទទួល​ផាក​វិន័យ​ពី ​គ.ជ.ប​ ផង​ ហើយ​និង​ទទួល​ពីទោស​ក្នុង​ក្រមព្រហ្ម​ទណ្ឌ​ទៀត​ គឺបទ​ល្មើស​ព្រហ្មទណ្ឌ​មាន​ចែង​​​ ពីការ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នកដ៏ទៃ​ នៅផ្នែក​ទី២​ ពីមាត្រា​២៦៥​-២៧៧​។​មួយវិញ​ទៀត​ប៉ះពាល់​ដល់​បុគ្គលភាព​ ការ​បរិហារកេរ្តិ៍​  រឺ​ជេរ​ប្រមាថ​ ពីមាត្រា​១១០-​៣០៥​ គឺ​សុទ្ធតែ​មាន​ចែង​នៅ​ក្នុង​ក្រមព្រហ្ម​ទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ ​ទាំងនេះ​សបញ្ជាក់​ឲ្យឃើញថា​ ច្បាប់​របស់យើង​ មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​សំរាប់​ការពារ​។ ​ឯកឧត្តម​ ស៊ិក ​ប៊ុនហុកបញ្ជាក់​ទៀត​ថា ​បើ​សហគមន៍​អឺរ៉ុប​ (EU)​ ចង់​ជួយ​កម្ពុជា​ក្នុង​ការ​ធ្វើ​ច្បាប់​ថ្មី​ស្តីពី​ការ​បោះ​ឆ្នោត​នេះ​ សូម​ក្តាប់​ឲ្យបាន​នូវ​បញ្ហា​ពិត​ ក្នុង​ប្រទេស​កម្ពុជា​និង​សូមជួយ​ឲ្យ ​អង្គការ​សង្គម​ស៊ីវិល​ (NGO)​ ចេះប្រើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ឲ្យ​ស្រប​ទៅនឹង​ច្បាប់​ដែល​កម្ពុជា​ ក៏ដូច​ជា​អន្តរ​ជាតិ​មាន។

អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment