Monday, July 03, 2017

ចិន​ និងរុស្ស៊ី​ បាន​ចុះហត្ថ​លេខា​លើផែនទី​បង្ហាញ​ផ្លូវស្តីពី​កិច្ចសហប្រតិបត្តិការ​យោធា

ឯក​អគ្គ​រដ្ឋ​ទូត​ចិន​បាន​និយាយ​ថា ទំនាក់​ទំនងស៊ី​ជម្រៅ​​រវាង​ចិន និង​រុស្ស៊ី​ គឺ​ជា​ជម្រើស​យុទ្ធ​សាស្រ្ត​សម្រាប់​ប្រ​ទេស​ទាំង​ពីរ។ ប្រ​ទេស​ចិន និង​រុស្ស៊ី​មាន​បំណង​ចង់​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​លើ​វិស័យ​ជា​ច្រើន។ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិ​ថុ​នា​ ក្រ​សួង​ការ​បរ​ទេស​ចិន​បាន​បញ្ជាក់​ថា ចិន​ និង​រុស្ស៊ី​​បាន​ចុះ​ហត្ថ​លេ​ខា​លើ​ផែន​ទី​បង្ហាញ​ផ្លូវ ស្តី​ពី​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​សម្រាប់​ឆ្នាំ​២០១៧-២០​២០។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុ​នា រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​ចិន លោក Chang Wanquan បាន​ជួប​ជា​មួយ​នឹង​សម​ភាគី​រុស្ស៊ី​របស់​គាត់ លោក Sergei Shoigu នៅ​ទី​ក្រុង Astana នៃ​ប្រ​ទេស Kazakhstan ក្នុង​អំឡុង​កិច្ច​ប្រ​ជុំ​កំពូល​នៃ​អង្គ​ការ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ Shanghai។ បើ​យោង​តាម​ទី​ភ្នាក់​ងារសារ​ព័ត៌​មាន​រុស្ស៊ី​ TASS បាន​ឱ្យ​ដឹង​ថា លោក Shoigu បាន​លើក​ឡើង​ថា ការ​ចុះ​ហត្ថ​លេ​ខា​លើ​ផែន​ទី​បង្ហាញ​ផ្លូវ ​ស្តី​ពី​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​យោ​ធា​នៅ​ថ្ងៃ​ជា​មួយ​គ្នា​ដែល​រដ្ឋ​មន្រ្តី​ទាំង​ពីរ​រូប​បាន​ជួប​គ្នា។

នៅ​ឯ​សន្និ​សីទ​សារ​ព័ត៌​មានប្រ​ចាំ​ថ្ងៃ​​កាល​ពីទី​២៩ ខែ​មិថុ​នា អ្នក​នាំពាក្យ​ក្រ​សួង​ការ​បរ​ទេស​ចិន លោក Wu Quian បាន​បញ្ជាក់​ថា លោក Chang Wanquan បាន​ចុះ​ហត្ថ​លេ​ខា​លើ​ផែន​ទី​បង្ហាញ​ផ្លូវ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុ​នា​ក្នុង​ពេល​ជួប​ជា​មួយ​នឹង​លោក Shoigu។ គាត់​បាន​បង្ហាញ​ពី​ផែន​ទី​បង្ហាញ​ផ្លូវ​ និង​ផែន​ការ​សម្រាប់​ជំហាន​បន្ទាប់៖ ផែន​ទី​បង្ហាញ​ផ្លូវ​នេះ​បង្កើត​គម្រោង​ការ​កម្រិត​ខ្ពស់​បំផុត និង​ផែន​ការ​ទូ​ទៅ​សម្រាប់​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​យោ​ធា​រវាង​ចិន និង​រុស្ស៊ី​នៅ​ឆ្នាំ​២០១៧-២០២០។ វាបង្ហាញ​នូវ​ការ​ទុក​ចិត្ត​គ្នាទៅ​វិញ​ទៅ​មក​ក្នុង​​កម្រិត​ខ្ពស់ និង​កិច្ច​សហ​ប្រ​តិបត្តិ​ការ​ផ្នែក​យុទ្ធ​សាស្រ្ត ​ដែល​វាអនុ​គ្រោះ​សម្រាប់​ភាគី​ទាំង​ពីរ​ដើម្បី​ប្រ​ឈម​នូវ​ការ​គំរាមកំហែង និង​បញ្ហា​ប្រ​ឈម​​ថ្មី​​​​ផ្នែក​សន្តិ​សុខ​ និង​ការ​ពារ​សន្តិ​ភាព និង​ស្ថិរ​ភាព​ថ្នាក់​តំបន់​រួម​គ្នា​។ ក្នុង​ជំហាន​បន្ទាប់​ទៀត ភាគី​ទាំង​ពីរ​នឹង​បង្កើត​ផែន​ការ​ជាក់​លាក់​មួយ​ដើម្បី​លើក​កម្ពស់​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​យោ​ធា។

ជា​ការ​ពិត ប្រ​ទេស​ចិន និង​រុស្ស៊ី​កំពុង​តែ​ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​យ៉ាង​ទូលំទូ​លាយ។ ប្រ​ធានា​ធិប​តី​ចិន លោក Xi Jinping នឹង​ធ្វើ​ដំណើរ​ទស្ស​ន​កិច្ច​ទៅ​កាន់​ប្រ​ទេស​រុស្ស៊ី និង​ជួប​ជា​មួយ​នឹង​សម​ភាគី​របស់​គាត់​ លោក Vladimir Putin នៅ​ថ្ងៃ​ទី​៣-៤ ខែ​កក្ក​ដា។ បើយោង​តាម​វិ​មានក្រឹមឡាំង​បាន​ឱ្យ​ដឹង​ថា «​ការ​​ចរ​ចា​ថ្នាក់​កំពូល​​នេះ​នឹង​ផ្តោត​លើ​ភាព​ជា​ដៃ​គូរួម និង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ផ្នែក​យុទ្ធ​សាស្រ្ត។ ហើយ​ឯក​សារ​ទ្វេ​ភាគី​មួយ​ចំនួន​នឹងត្រូវ​​បាន​ចុះ​ហត្ថ​លេ​ខា​» ក្នុង​អំឡុង​កិច្ច​ប្រ​ជុំ​ថ្នាក់​កំពូល។ ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រ​ចាំ​ប្រ​ទេស​រុស្ស៊ី លោក Li hui បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​នឹង​សារ​ព័ត៌​មាន​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុ​នា​ថា «​នេះ​គឺ​ពិត​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​បំផុត​ក្នុង​ទំនាក់​ទំនង​ទ្វេ​ភាគី​នៅ​ឆ្នាំ​នេះ។ ដំណើរ​ទស្ស​ន​កិច្ច​នេះ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ ហើយ​វាពិត​ជា​​នឹងជួយ​ជំរុញ​នូវ​កម្លាំង​ចលករ​ថ្មី​ចំពោះ​ទំនាក់​ទំនង​ ចិន-រុស្ស៊ី ដែល​​ទំនាក់​ទំនង​ទ្វេ​ភាគីស៊ី​ជម្រៅ​នេះគឺ​ជា​ជម្រើស​យុទ្ធ​សាស្រ្ត​សម្រាប់​ប្រ​ទេស​ទាំង​ពីរ។

ក្រៅ​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យោ​ធា ក៏​នៅ​មាន​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ថ្នាក់តំបន់​​ដែល​ចែង​យ៉ាង​ពិស្តារ​ស្ថិត​នៅ​ក្រោម​កិច្ច​ពិ​ភាក្សា​ផង​ដែរ។ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុ​នា​​ ឧ​ប​នាយក​រដ្ឋមន្រ្តី​​រុស្ស៊ី លោក Yury Trutnev បាន​ជួប​ជា​មួយ​នឹង​ឧ​ប​នាយក​រដ្ឋ​មន្រ្តី​ចិន លោក Wang Yang ក្នុង​ទី​ក្រុង​ប៉េ​កាំង​ ហើយ​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​លើ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​បន្ថែម​ទៀតរវាងប្រ​ទេស​ចិន​​ភាគ​ឦសាន​ ប្រ​ទេស​រុស្ស៊ី​ចុង​​បូព៌ា និង​តំបន់ ​Baikal។ ទោះ​បី​ជា​ទំនាក់​ទំនង ​ចិន-រុស្ស៊ី​ ហាក់​បី​ដូច​ជាត្រូវ​បាន​គេ​មើល​ឃើញ​ថា ឈានដល់​កម្រិត​ខ្ពស់​​មិន​ធ្លាប់​កើត​ឡើង​ពី​មុន​មកក៏​ដោយ​ ក៏​​លោក Putin បាន​​និយាយ​ថា រុស្ស៊ី​នៅ​តែ​ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​របស់​ខ្លួន។

គ្រាន់​តែ​រយៈពេល​ពីរ​សប្តាហ៍ បន្ទាប់​ពី​ចិន និង​រុស្ស៊ី​បាន​ចុះ​ហត្ថ​លេ​ខា​លើ​ផែន​ទី​បង្ហាញ​ផ្លូវ​ស្តី​ពី​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​យោ​ធា រុស្ស៊ី​បាន​ចុះ​ហត្ថ​លេ​ខា​លើផែន​ទី​បង្ហាញ​ផ្លូវ​ស្តី​ពី​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​យោ​ធាមួយ​ផ្សេង​ទៀត​ជា​មួយ​នឹង​ឥណ្ឌា​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុ​នា ខុស​ពី​អតីត​កាល​ដែល​ថា ភាព​តាន​តឹ​ង​រវាង​ចិន​ និង​ឥណ្ឌា​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កំពុង​តែ​កើន​ឡើង។ ទាក់​ទិន​ទៅ​នឹងផែន​ទី​បង្ហាញ​ផ្លូវ​ស្តី​ពី​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​យោ​ធារវាង​រុស្ស៊ី និង​ឥណ្ឌា​នោះ លោក Shoigu បាន​និយាយ​ថា ប្រ​ទេស​ទាំង​ពីរ​បាន​ប្តេ​ជ្ញាចិត្ត​បន្ត​​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ក្នុង​គោល​បំណង​ដើម្បីបង្កើន​ការ​​ត្រៀមខ្លួន​ប្រយុទ្ធ​នៃ​កង​កម្លាំង​ប្រ​ដាប់​អាវុធ​របស់​ប្រ​ទេស​ទាំង​ពីរ នេះ​បើ​យោង​តាម​សារ​ព័ត៌​មាន ​TASS៕

(ប្រភព: The Diplomat ចុះថ្ងៃទី០២ ខែកក្កដា​​​ ឆ្នាំ២០១៧)


No comments:

Post a Comment