Monday, July 03, 2017

លោក​ កឹម សុខា ​និង​ក្រុមគ្រួសារ ​ទៅ​កម្សាន្ត​នៅហួរហ៊ីន​​ប្រទេសថៃ​យ៉ាង​សប្បាយ​រីករាយ​គ្រាដែលសកម្មជន​នៅជាប់ឃុំ​

លោក កឹម សុខា ​ប្រធានគណបក្ស​សង្រ្គោះជាតិ​ ពេលនេះ​ កំពុង​ដើរកម្សាន្ត​នៅទីក្រុង​មាត់សមុទ្រហួរហ៊ីន ប្រ​ទេសថៃ​ជាមួយក្រុម​គ្រួសារ​យ៉ាងសប្បាយរីករាយ​ក្រោយពេល​ប្រកាសលទ្ធផល​ផ្លូវការនៃការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ គ្រាដែលសកម្មជនរបស់ខ្លួន កំពុងជាប់ពន្ធនាគារនៅឡើយ។

តាមការបង្ហើបរបស់មន្រ្តីគណបក្សប្រឆាំង បានឱ្យដឹងថា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ លោក កឹម សុខា និងក្រុមគ្រួសារ បានទៅកម្សាន្តនៅតំបន់មាត់សមុទ្រហួរហ៊ីន ប្រទេសថៃ ហើយល្ងាចថ្ងៃដដែលនេះ លោកវិលមកក្រុងបាងកក។ ដោយឡែកនៅល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ លោកនឹងវិលត្រលប់មកភ្នំពេញវិញ។ ការដើរកម្សាន្តរបស់ លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ បានសម្រេចច្រានចោលនូវបណ្តឹងរបស់មេធាវី ដែលស្នើដាក់មោឃភាព​សាលក្រមតុលាការសាលាដំបូងរាជធា​នីភ្នំពេញ ដែលកាត់ទោស លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិ ១០នាក់ដោយគ្មានមេធាវីនាពេលកន្លងទៅ។

លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិទាំង១០នាក់ រួមមាន ឈ្មោះ អឿ ណារិន, ឃិន រឿន ហៅឃិន ចំរើន,នាង សុឃុន, សាន គឹមហេង, ស៊ុ ពុទ្ធី, កែ ឃីម ហៅ វិន ឌី, ទេព ណារិន, អាន បឋម ហៅ សុខុម, សាន សីហៈ និង អ៊ុក ពេជ្រសំណាង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពី ៧ឆ្នាំដល់២០ឆ្នាំ ពាក់ព័ន្ធនឹងហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤។

ស​​កម្មភាពកម្សាន្តសប្បាយរបស់ លោក កឹម សុខា​ កំពុងរងការរិះគន់ពីសកម្មជនគណបក្សសង្រ្គោះជាតិថា កូនចៅកំពុងតែ រងទុក្ខចំណែកមេបក្សបែរជាដើរកម្សាន្តនៅក្រៅប្រទេសយ៉ាងរំភើយ។ សកម្មជនមួយចំនួនរបស់គណបក្សសង្រ្គោះជាតិ ក៏បានលើកឡើងទៀតថា ការដើរកម្សាន្តរបស់លោក កឹម សុខា នាពេលនេះ ជាការបង្ហាញថា គាត់មិនបានយកចិត្តទុកដាក់ ចំពោះសមាជិករបស់គណបក្សសង្រ្គោះជាតិដែលកំពង់ជាប់ឃុំឡើយ៕






No comments:

Post a Comment