Monday, July 03, 2017

រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ​ ផ្ដល់អត្ថប្រយោជន៍​ ដល់ប្រជាពលរដ្ឋ​ក្នុងសហគមន៍នោះ​ ជាង១ម៉ឺននាក់​

រមណីយដ្ឋានទេសចរណ៍មួយក្នុងស្រុកបាគង ខេត្តសៀមរាប បានទាក់ទាញភ្ញៀវទេសចរណ៍រាប់រយនាក់មកទស្សនា និងសម្រាកកម្សាន្តនៅក្នុងមួយថ្ងៃៗ ដែលបានផ្ដល់អត្ថប្រយោជន៍ទាំងផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋក្នុងសហគមន៍នោះ ជាង១ម៉ឺននាក់ តាមរយៈការលក់ចំណីអហារ សេវាកម្មទេសចរណ៍នានា ជូនភ្ញៀវទេសចរណ៍មកសម្រាក កម្សាន្ត។

លោក អ៊ូ បញ្ញា ប្រធានសហគមន៍រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ត្រាវកុដ ស្ថិតនៅក្នុងឃុំ បាល័ង្គ ស្រុកបាសាទបាគង ខេត្តសៀមរាប និងជាស្ថាបនិករម្យណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះផងដែរ បានរៀបរាប់ពីប្រវត្តិរមណីយដ្ឋានទេសចរណ៍នេះថា បានបង្កើតឡើងនៅអំឡុងឆ្នាំ២០១៣ ដែលដំបូងឡើយមានតែតូប រឺខ្ចុះពីរបី ប៉ុណ្ណោះ។

ក្រោយមក ដោយតំបន់រមណីយដ្ឋាននេះជាតំបន់ភ្ជាប់ទៅតំបន់រមណីយដ្ឋានសំខាន់ៗក្នុងសៀមរាប ជាពិសេសភ្ជាប់ទៅរម្យណីយដ្ឋានភ្នំពេញគូលែន បានធ្វើឱ្យភ្ញៀវទេសចរមកទស្សនាបន្តបន្ទាប់ រហូតដល់ប្រជាពលរដ្ឋក្នុងសហគន៍ បានពង្រីកតូប រឺខ្ចុះបន្តបន្ទាប់ ព្រមជាមួយការរៀបចំឱ្យមានកន្លែងលែងទឹក និងកម្សាន្តផ្សេងៗទៀត។

លោក អ៊ូ បញ្ញា បានបន្តថា បច្ចុប្បន្ននេះ មានភ្ញៀវមកជាហូហែរ ដើម្បីទស្សនានិងសម្រាកលំហែនៅតំបន់រមណីយដ្ឋានមួយនេះជាបន្តបន្ទាប់ ក្នុងនោះថ្ងៃធម្មតាក៏មានភ្ញៀវប្រមាណពី៤០០នាក់ទៅ ៥០០នាក់ដែរ តែបើនៅថ្ងៃសៅរ៍ អាទិត្យ ដែលជាថ្ងៃឈប់សម្រាក មានភ្ញៀវមកទស្សនារហូតដល់ជាង១ពាន់នាក់ឯណោះ។

ដោយឡែក នៅថ្ងៃបុណ្យជាតិធំៗដូចជាថ្ងៃភ្ជុំបិណ្ឌ ចូលឆ្នាំ និងបុណ្យផ្សេងទៀត ដែលមានថ្ងៃឈប់សម្រាកច្រើន មានភ្ញៀវទេសចរមកលេងរហូតដល់៥ពាន់នាក់ឯណោះ ដែលជាហេតុបានធ្វើឱ្យប្រជាពលរដ្ឋក្នុងសហគមន៍បានទទួលចំណូលបន្ថែមពីការលក់ចំណីអាហារ និងសេវាកម្មទេសចរណ៍ផ្សេងៗទៀត។

ប្រធានសហគមន៍និងស្ថាបនិករូបនេះបានបន្ថែមថា មិនត្រឹមតែប្រជាពលរដ្ឋដែលលក់ចំណីអាហារ រឺអ្នកបម្រើសេវាកម្មទេសចរណ៍ នៅទីនោះប៉ុណ្ណោះទេ ក៏ប៉ុន្តែប្រជាពលរដ្ឋផ្សេងទៀតនៅក្នុងសហគមន៍ ក៏បានអត្ថប្រយោជន៍ពីតំបន់ទេសចរណ៍នេះដែរ ជាក់ស្ដែង យោធិនពិការដែលរស់នៅជិតរមណីយដ្ឋាននោះ បានដាំបន្លែ ចិញ្ចឹមមាន់ ទា ឬ ជ្រូក ជាដើម។

លោកបានឲ្យដឹងទៀតថា ម្យ៉ាងទៀត ដោយសារតែតំបន់រម្យណីយដ្ឋានទេសចរណ៍នេះ នៅជាប់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប ទើបមានក្រុមហ៊ុនអចលនទ្រព្យ និងក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនទៀតបានមកទិញដីត្រៀមសាងសង់ផ្ទះលំហែកាយ និងផ្ទះសំណាក់ សម្រាប់ភ្ញៀវទេសចរណ៍ដែលចុះពីភ្នំគូលែន រឺមកលេងនៅរមណីយដ្ឋានត្រាវកុដ អាចស្នាក់នៅ បើសិនមិនចង់ត្រលប់ទៅសម្រាកនៅទីក្រុងវិញ។

លោកក៏បានឲ្យដឹងទៀតផងដែរថា រម្យណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះ មានបឹងពទ្ធ័ជុំវិញជាង៥០ហិចតា មានមច្ឆាជាតិជាច្រើនប្រភេទនៅក្នុងបឹងនោះ ហើយអ្វីដែលពិសេសនោះគឺ បឹងធម្មជាតិមួយនេះ មានប្រភពទឹកពីជ្រោះភ្នំគូលែន ហូរកាត់លឹង្គមួយពាន់របស់ព្រះសិវៈ ដែលប្រជាជនជាច្រើនមានជំនឿ ថាជាទឹកសក្ត័សិទ្ធ។

តែអ្វីដែលជាឧបសគ្គសម្រាប់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនារមណីយដ្ឋាននេះ ដោយសារតែមិនមានផ្លូវកាត់ពីរម្យណីយដ្ឋានតំបន់អង្គរ រឺ ផ្លូវកាត់ពីទីក្រុងសៀមរាប ដូចនេះបើសិនជាអាជ្ញាដែនដី ជួយសម្រួលសាងសង់ផ្លូវកាត់ពីអង្គរឃ្យូងយូ មកផ្លូវហាវ៉េ ដែលជាផ្លូវកាត់នោះ វានឹងធ្វើឱ្យមានភ្ញៀវជាច្រើនទៀតមកទស្សនា នៅរម្យណីយដ្ឋានមួយនេះ រឺ ក៏មកលេងរម្យណីយដ្ឋាននេះរួចសឹមទៅតំបន់អង្គរ។

លោក អ៊ូ បញ្ញា បានបន្ថែមទៀតថា បច្ចុប្បន្ន ផ្លូវចូលមកកាន់តំបន់រមណីដ្ឋានត្រាវកុដ ជាផ្លូវវាងបន្តិច ពីទីក្រុងសៀមរាប ដែលធ្វើឱ្យភ្ញៀវខ្លះ មានភាពស្ទាក់ស្ទើរក្នុងការមកទស្សនា តែបើសិនជាមានផ្លូវកាត់ដូចអ្វីដែលប្រជាសហគមន៍ចង់បាននោះ ភ្ញៀវនឹងមកច្រើននោះ នឹងបន្ថែម ចំណូលដល់ប្រជាសហគមន៍ ដែលរស់នៅជិតៗ តំបន់រម្យណីយដ្ឋានមួយនេះ៕








No comments:

Post a Comment