Monday, July 03, 2017

កាកបាទក្រហមកម្ពុជា បានប្រគល់អណ្តូងទឹកស្អាត ចំនួន១៥ ជូនប្រជាជននៅតំបន់ដាច់ស្រយាល

ខេត្តរតនគិរី ៖ កាលពីថ្ងៃទី០២ ខែ កក្កដា ឆ្នាំ ២០១៧ កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកស្អាត ចំនួន១៥ (មានលេខរៀងពីទី ០៤២ដល់ទី ០៥៦) ក្រោមអធិបតីភាព លោក អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិការ គណៈកម្មាធិការសាខា ព្រមទាំងនាយក សមាជិក សមាជិកា សាខា និងអនុសាខា ជូនប្រជាជននៅតំបន់ដាច់ស្រយាល និងផ្លូវពិបាកធ្វើដំណើរ ព្រមទាំងខ្វះខាតទឹកប្រើប្រាស់ចំនួន ២៧៥ គ្រួសាស្មើនឹង ២.០២៩ នាក់ រស់នៅឃុំ ត្រពាំងក្រហម ឃុំ ស្រែ អង្រ្គង ឃុំ សេរីមង្គល ឃុំ តឺន ឃុំ តាអ៊ង ស្រុក កូនមុំ និង ឃុំ បរខាំ ស្រុកអូរយ៉ាដាវ។

នៅក្នុងពិធីប្រគល់នោះផងដែរ លោក អ៊ុយ សំអាត បានពាំនាំបណ្តាំផ្ញើរបស់លោកស្រីប្រធាន ដោយក្នុងនោះលោកបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋជួយ រក្សាអណ្តូងអោយយូរអង្វែង និងមានអនាម័យជុំវិញអណ្តូង ព្រមទាំងបានផ្តល់សារសុខភាពរួមមាន៖
១- ស្ត្រីចាប់ពីវ័យបន្តពូជត្រូវទៅទទួលសេវា ពីមណ្ឌលសុខភាព ដើម្បីកាត់បន្ថយអត្រាឈឺស្លាប់របស់កុមារអាយុក្រោមប្រាំឆ្នាំ។
២- គោរពច្បាប់ចរាចរ និង បើកបរប្រកបដោយសុវត្ថិភាព។
៣- ជៀសវាងការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង។
ប្រជាពលរដ្ឋចំនួន ១០០ នាក់ ដែលចូលរួមក្នុងពិធីនោះ មានក្តីរីករាយឥតឧបមាក្រោយទទួលបានសមិទ្ធផលថ្មីនេះ ហើយស្ត្រីម្នាក់ៗទទួលបាន សារុង ១ ដោយឡែកចាស់ៗទទួលបានថវិកាមួយចំនួនបន្ថែមទៀត។
សូមបញ្ចាក់ថា មកទល់បច្ចុប្បន្ននេះកាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងទឹកស្អាតចំនួន ៥៦ អណ្តូង តាំងពីឆ្នាំ ២០១០មក៕







No comments:

Post a Comment