Monday, July 03, 2017

សិស្សកម្ពុជាចំនួន ៧១នាក់ ចូលរួមបោះជំរំជាអន្តរជាតិនៅប្រទេសកូរ៉េខាងត្បូង

សិស្សប៊ែលធីចំនួន ៧១នាក់ ត្រូវបានគណៈគ្រប់គ្រងសាលាបញ្ជូនឲ្យទៅចូលរួមកម្មវិធីបោះជំរំជាអន្តរជាតិ នៅសាធារណៈរដ្ឋកូរ៉េ នារាត្រីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧។ ​ការ​បោះ​ជំរំខ្នាតអន្តរជាតិនេះ មានយុវ​ជន​ជាង ៤.០០០នាក់ មកពី ៨០ប្រទេសនៅលើពិភពលោក ព្រមទាំងមានការចូលរួមពីថ្នាក់​រដ្ឋ​មន្រ្តី​​ក្រសួងអប់រំមកពីបណ្តាប្រទេស ចំនួន ២២ផងដែរ។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ  នៃសាលាប៊ែលធី អន្តរជាតិ បានអោយដឹងថា៖ ​ការបញ្ជូនសិស្សឲ្យទៅចូលរួមបោះជំរំនេះ គឺអាស្រ័យដោយ ប៊ែលធី គ្រុប បានចុះអនុស្សរណៈយោគយល់ជាមួយនឹង​អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) ដើម្បីធ្វើកិច្ចសហ-ប្រតិបត្តិការជាមួយគ្នា ហើយឆ្នាំនេះ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ បានស្នើសុំសិស្សប៊ែលធីចំនួន ៧១នាក់ ឲ្យទៅចូលរួម​ក្នុងកម្មវិធីបោះជំរំ​អន្តរជាតិឆ្នាំ២០១៧ នៅសាធារណរដ្ឋកូរ៉េ រយៈ​ពេល​ ១៤ថ្ងៃ ចាប់ពីថ្ងៃទី​០១ ដល់ទី ១៤ ខែកក្កដា ក្នុងនោះដែរសិស្សានុសិស្សត្រូវបានរៀបចំឲ្យទៅទស្សនា និងសិក្សាតាមតំបន់សំខាៈ៖ន់ៗ ដូចជា៖ ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន សាកលវិទ្យាល័យពូយ៉ុង និងនៅតាមតំបន់ប្រវិត្តសាស្រ្តរបស់ប្រទេសកូរ៉េជាច្រើនកន្លែងទៀត។

ជាមួយគ្នានេះដែរ លោក លី​​ ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប បានបញ្ជាក់ដែរថា​ នេះជាឱកាសដ៏ល្អបំផុតសម្រាប់សិស្ស​ប៊ែលធី ដែលមានឱកាសបានទៅចូលរួមក្នុងកម្មវិធីជាលក្ខណៈអន្តរជាតិ ដែលមានប្រទេសជាច្រើនបានចូលរួម ដែលជាមោទនភាពរបស់ជាតិយើងទាំងមូល និងបានបង្ហាញពីការរីកចម្រើន និងសក្កានុពលលើវិស័យអប់រំរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ហើយក៍ជាលើទី៤ ដែរ ដែលសាលា ប៊ែលធី អន្តរជាតិ បានបញ្ជូនសិស្សទៅចូលរួមក្នុងកម្មវិធីបោះជំរំអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ។

លោក លី ប៊ុនឆៃ ក៍បានឲ្យដឹងទៀតថា៖  គោលបំណង និងអត្ថប្រយោជន៍នៃការបញ្ជូនសិស្សអោយចូលរួមក្នុងកម្មវិធីបោះជំរំជាលក្ខណៈអន្តរជាតិនេះ រួមមាន៖ ទី១ ចង់ឲ្យ​សិស្សរបស់យើងមានភាពក្លាហាន ចេះទទួលខុសត្រូវដោយខ្លួនឯង ចេះសម្របខ្លួនក្នុងការរស់នៅនិង​ធ្វើការជាក្រុម នៅជាមួយជាតិសាសន៍ផ្សេងៗគ្នា ដើម្បីដកស្រង់នូវបទពិសោធន៌ពីគ្នាទៅវិញទៅមក ក៏ដូចជាបានផ្លាស់ប្តូរនៅ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងចំណេះដឹងថ្មីៗដ៏ទៃទៀតដែលពួកគាត់ពុំធ្លាប់បានជួប ទី២-ចង់ឲ្យសិស្សរបស់យើងបានឃើញ បានស្គាល់និងសិក្សាស្វែងយល់អំពីបរិយាកាសថ្មីៗរបស់ប្រទេសដែលកំពុងរីកចំរើន ដើម្បីធ្វើជាទុនសម្រាប់ការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍខ្លួនឯង ជាទន់បន្ថែមសម្រាប់យកមករួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចំរើនទៅអនាគត និងទី៣តាមរយៈនៃការចូលរួមបោះជំរំនេះចង់បង្ហាញពីសមត្ថភាពសិស្សកម្ពុជានៅលើឆាកអន្តរជាតិនូវភាពក្លាហាន និងមានសមត្ថភាពគ្រប់គ្រាន់ អាចចូលរួមនៅក្នុងកម្មវិធីជាអន្តរជាតិ ក៏ដូចជាបានបង្ហាញឲ្យពិភពលោកបានស្គាល់នូវ ទំនៀមទំលាប់ ប្រពៃណី អរិយធម៌ និងការរីកចម្រើននៃប្រទេសកម្ពុជា ក្រោមការដឹកនាំដ៍ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្នផងដែរ៕



No comments:

Post a Comment