Monday, July 03, 2017

ធ្វើច្បាប់ដើម្បីការពារសន្តិភាពនិងការអភិវឌ្ឍជូនជាតិនិងប្រជាជនកម្ពុជា

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទមួយសម្រាប់សាធា​រណជនធ្វើការពិចារណាដោយដាក់ចំណងជើងថា «ធ្វើច្បាប់ដើម្បីការពារសន្តិភាពនិងការអភិវឌ្ឍជូនជាតិ និងប្រជាជនកម្ពុជា » ដែលមានខ្លឹមសារដូចខាងក្រោម៖

ធ្វើច្បាប់ដើម្បីអ្វី ឬដើម្បីនរណា? នេះជាសំណួរដែលទណ្ឌិត សម រង្ស៊ី បានចោទសួរឡើងនៅលើហ្វេសប៊ុករបស់ខ្លួន សំដៅទៅលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលក្រុមតំណាងរាស្ត្របាននិងកំពុងពិនិត្យ និងធ្វើវិសោធនកម្មជាលើកទី២ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង ដែលទណ្ឌិតម្នាក់ដែលមានមាត់អត់គម្របកំពុងដើរញុះញង់ បញ្ឆេះកំហឹង និងប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតាមរយៈការបង្កសង្គ្រាមពាក្យសម្តីឥតឈប់ឈរ។ ចម្លើយយ៉ាងខ្លីទៅនឹងសំណួររបស់ទណ្ឌិត សម រង្ស៊ី គឺគេធ្វើ ច្បាប់ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាន និងដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋមិនឱ្យមារសត្រូវដូចជាទណ្ឌិត សម រង្ស៊ី យកកម្ពុជាទៅធ្វើជាកន្លែងជះកំហឹង ឬគំនុំសងសឹកឈាមឪពុកដែលគេចោទថាជាជនក្បត់ជាតិនោះឡើយ។ ម្យ៉ាងទៀត ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវការពារសន្តិភាព និងការអភិវឌ្ឍឱ្យបានព្រោះវាពិត ជារកមកបានដោយពិបាកណាស់។

ទោះបីជារាស្ត្រមួយនគរបានដឹងថា សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុង និងជាជនកំសាក​ញី ក៏ សម រង្ស៊ី នៅតែបញ្ចេញាឫកពារខែងរែងក្រអឺតក្រទមដោយបានសរសេរតាមហ្វេសប៊ុក និងនិយាយតាមរលកវិទ្យុថា «…..មិនចាំបាច់កែច្បាប់ចុះឡើង ហើយមិនចាំបាច់ខ្លាចរូបខ្ញុំ ឈ្មោះ​ខ្ញុំ សម្លេងខ្ញុំ និងស្រមោលខ្ញុំ ដល់ថ្នាក់ហ្នឹងទេ…..»។ តើនរណាខ្លាចនរណា? ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសហើយថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយមិនមែនដោយសារតែខ្លាចនរណាម្នាក់នោះទេ។ ប៉ុន្តែចាំបាច់ត្រូវបែងចែកឱ្យបានច្បាស់លាស់ មិនអាចឱ្យទណ្ឌិតមកពាក់ព័ន្ធនឹងគណបក្សនយោបាយ ហើយ ដើរបង្កបញ្ហា អន្តរាយដល់សមិទ្ធផលជាតិដោយសារតែពាក្យសម្តីបង្កសង្គ្រាមឡើយ។

គេមិនខ្លាច សម រង្ស៊ី ឡើយ ហើយក៏គេដឹងចរិតរបស់បុគ្គល សម រង្ស៊ី ច្បាស់ដែរ។ អ្នកដែលគួរនិយាយពាក្យថាខ្លាច គួរតែទណ្ឌិត សម រង្ស៊ី ផ្ទាល់វិញទេ ដែលត្រូវនិយាយថា «ខ្លាចគុក»។

សន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាបានទទួលក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង ការលះបង់របស់ប្រជាពលរដ្ឋខ្មែរ ក្រោយមការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីការវាយផ្តួលរំលំរបបខ្មែរក្រហមនៅឆ្នាំ ១៩៧៩ ការកសាងប្រទេសផង និងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក៏ដូចជាបញ្ចប់សង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ដោយនយោបាយ ឈ្នះ-ឈ្នះ ដាក់ចុះអនុវត្តដោយ សម្តេចតេជោ ហ៊ុន សែន នាំយកសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ខណៈបេ​សកកម្មរបស់កងកម្លាំងថែរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិនៅកម្ពុជាបរាជ័យ មិនអាចនាំយកសន្តិភាព និងការបង្រួមបង្រួមជាតិបានជោគជ័យឡើយដោយបន្សល់ទុកនូវ   រដ្ឋាភិបាល ២ និងដែនដីកម្ពុជាត្រូវបានបែងចែកជាពីរតំបន់។

វិធានការ ច្បាប់នានាគួរត្រូវបានអនុវត្តរាប់ទាំងការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សន​យោបាយបន្ថែមទៀតដើម្បីការពារសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាន ហើយរាស្ត្រខ្មែរនឹងមិនអនុញ្ញាតឱ្យទណ្ឌិតដែលជាប់សែស្រឡាយអ្នកក្បត់ជាតិមកបង្កការរស់នៅដ៏សុខសាន្ត និងការរីកចម្រើនក្នុងភាពសុខដុមរមនារបស់ប្រជាជនកម្ពុជាឡើយ! ដូច្នេះ ទណ្ឌិត សម រង្ស៊ី គួរដឹងខ្លួន និងយល់ថាដោយសារតែចរិតធម្មជាតិដ៏ពិសពុល និងមាត់អត់គម្របរបស់លោក ទើប លោកក្លាយជាទណ្ឌិតមានសម្ពាយទោសជាប់ខ្លួនដូចពេលនេះ!

ដោយ៖ ចៅចាក់ ស្មុក


No comments:

Post a Comment