Tuesday, November 08, 2016

ខេត្តតាកែវ ត្រៀមទូកអុំចំនួន៧ ដើម្បីចូលរួមក្នុង​ព្រះរាជពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ និងបណ្តែត​ប្រទីប ឆ្នាំ២០១៦នេះ

នៅក្នុងព្រះរាជពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលនឹងប្រារព្ធធ្វើឡើង នៅមុខព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ខេត្តតាកែវ បានត្រៀមទូកអុំចំនួ៦ និងទូករបស់ទីស្ដីការគណៈរដ្ឋមន្រ្ដីចំនួន១ទូក ដើម្បីមកចូលរួមក្នុងព្រះរាជពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ឆ្នាំ២០១៦នេះ។ ទូកខេត្តតាកែវទាំង០៧ ដែលត្រូវមកចូលរួមប្រកួតនៅក្នុងព្រះរាជពិធីរួមមាន៖១- គីរីវង់សុខសែនជ័យ ២-អង្គរបុរីវណ្ណៈមុន្នីច័ន្ទសុខសែនជ័យ ៣-បាទីសុខសែនជ័យ ៤-ដូនកែវស៊ូសុខសែនជ័យ ៥-បុរីជលសារសួសសុខសែនជ័យ ៦-កោះអណ្ដែតសុខសែនជ័យ និង៧-ទូកទីស្ដីការគណៈរដ្ឋមន្រ្ដីមួយទៀតគឺទូកស្រីសសុខសែនជ័យ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយចំណុះទូកដែលកំពុងហ្វឹកហាត់នៅ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦  លោកបណ្ឌិត ស៊ូ ភារិន្ទ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ សភាចារ្យ សុខ អាន បានមានប្រសាសន៍ថា ពីធីបុណ្យ អំទូក សំពះព្រះខែ អកអំបុកនិង បណ្ដែតប្រទីប រៀបចំឡើងក្នុងគោលបំណង ដើម្បីថែរក្សាទំនៀមទំលាប់ វប្បធម៌ខ្មែរឲ្យនៅគង់វង្ស ក៏ដូចជាការរំលឹកឡើងវិញ អំពីវិរៈភាពរបស់បុព្វរសខ្មែរ ដែលបានប្រើប្រាស់មធ្យោបាយទូក ក្នុងការការពារបូរណភាពទឹកដីឲ្យបានគង់វង្ស រហូតមកដល់បច្ចុប្បន្ន។
លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ទៀតថា បញ្ហាសំខាន់មួយទៀតដែលរាជរដ្ឋាភិបាល ប្រារព្ធធ្វើពិធីបុណ្យនេះ គឺចង់បង្ហាញឲ្យមតិមហាជនបានដឹងថា  ប្រទេសកម្ពុជាយើង រក្សាបាននូវសុខសន្ដិភាព ស្ថេរភាពដ៏ល្អ ហើយរាល់កិច្ចការលើគ្រប់វិស័យរបស់ជាតិនៅតែដំណើរការជាប្រក្រតីពុំមានហេតុផលអ្វីកើតឡើងនោះឡើយ។
លោកបណ្ឌិត ស៊ូ ភារិន្ទ ក៏បានថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំ គ្រូបង្វឹក ព្រមទាំង លោក លោកស្រី និងសប្បុរសជន ទាំងអស់ដែលបានជួយឧបត្ថម្ភ សម្លៀក បំពាក់ថវិកា និងគ្រឿងឧបភោគ បរិភោគ ដើម្បីផ្គត់ផ្គង់ក្នុងការហ្វឹកហាត់ បំប៉នបច្ចេកទេស ដល់កីឡាករអុំទូកឲ្យទទួលបានជ័យជំនះរៀងរាល់ឆ្នាំជាបន្តបន្ទាប់ ហើយលោក ក៏បានសំណូមពរដល់កីឡាករ ទាំងអស់ឲ្យប្រឹងប្រែងហ្វឹកហាត់និងត្រូវចេះរក្សាសុខភាពឲ្យបានល្អគ្រប់គ្នាដើម្បីដណ្ដើមយកជោគជ័យពីការប្រកួតនៅក្នុងព្រះរាជពិធីបុណ្យនាំមកនូវកិត្តិយសសម្រាប់ ភូមិស្រុកក៏ដូចជាកិត្តិយសសម្រាប់ខេត្តតាកែវទាំងមូលផងដែរ ។
គួររំលឹកផងដែរថា ពិធីអុំទូក អកអំបុក  បណ្ដែតប្រទីបនិងសំពះព្រះខែ គឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែល តែងប្រារព្ធ ធ្វើឡើងជារៀងរាល់ឆ្នាំ។ បុណ្យនេះមានដើមកំណើតតាំងពីបុរាណកាលមក មានការចែងទុកក្នុងឯកសារជាតិ និង អន្តរជាតិ ឬនៅតាមសិលាចារឹក នៅតាមបណ្ដាប្រាសាទនានា ដើម្បីរំលឹកអំពីវិរៈភាព កងទ័ពជើងទឹក  ដែលចេញធ្វើសឹកសង្គ្រាមបង្ក្រាបជាតិបរទេសដោយប្រើកងទ័ពទូក ក្នុងការរំដោះក្រុងកម្ពុជា ឲ្យរួចផុតពីកណ្ដាប់ដៃខ្មាំងសត្រូវ៕

អត្ថបទ៖ សាវឿន










No comments:

Post a Comment