Tuesday, November 08, 2016

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន Tan Choung Group (រថយន្ត Nissan) ចូលជួបសំដែង​ការគួរសម និងពិភាក្សា​ការងារនៅ​វិមានសន្តិភាព

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀល​​ថ្ងៃទី០៧ ខែវិច្ចិកា  ឆ្នាំ២០១៦ បានអនុញ្ញាតឲ្យលោក តាន ហេងឈួ (Tan Heng Cheu) ប្រធានក្រុមហ៊ុន Tan Choung Group (Nissan) នៅវិមានសន្តិភាព។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយ ជំនួបថា លោក តាន ហេងឈួ បានគោរពរាយការណ៍ជូនសម្តេចតេជោថា ក្រុមហ៊ុនរបស់លោក មានបំណងចង់មក វិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយក្រុមហ៊ុនរបស់លោក មានប្រវត្តិក្នុងការតម្លើងរថយន្ត រយៈ ពេល៦០ឆ្នាំមកហើយ ហើយក៏មានបទពិសោធន៍ ក្នុងការផលិតបំណែក របស់រថយន្តអស់រយៈពេល៤៥ឆ្នាំ មកហើយដែរ។ ហើយសព្វថ្ងៃនេះ គឺមានរោងចក្រនៅប្រទេស វៀតណាម, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ាហើយចង់ ឲ្យមានរោងចក្រនៅកម្ពុជានេះដែរ ដើម្បីធ្វើយ៉ាងណា បម្រើទីផ្សារអាស៊ានទាំងមូល ប្រកបដោយសុខដុម នីយកម្ម។
លោក តាន ហេងឈួ បានគោរពស្នើសុំ សម្តេចតេជោ ឲ្យមានការគាំទ្រដើម្បីធ្វើយ៉ាងណាឲ្យមាន ការបង្កើត រោងចក្រ តម្លើងរថយន្តផង និងផលិតបំណែករថយន្តផង នៅក្នុងប្រទេសកម្ពុជា។ ជាការ ឆ្លើយតប សម្តេច តេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ ចំពោះបំណងក្នុងការវិនិយោគ នៃការតម្លើង រថយន្ត និងផលិតបំណែក រថយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានមានប្រសាន៍ថា បើសិនជារោងចក្រនេះ អាចផលិត ឬអាចបង្កើតបាន នៅក្នុងព្រះរាជាណាចក្រកម្ពុជាមែនោះ វាជាជោគជ័យមួយទៀតក្នុងគោលនយោបាយ ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។
សម្តេចបានមានប្រសាសន៍ទៅកាន់លោក តាន ហេងឈួ ថាការតម្លើងរថយន្ត ម៉ាក នីសាន់ (Nissan) នៅ កម្ពុជានេះ គឺមិនត្រឹមតែបម្រើក្នុងការទីផ្សារប្រទេសកម្ពុជានោះទេ គួរណាតែពិនិត្យ​​មើលនៅក្នុងទីផ្សារតំបន់ អាស៊ានទាំងមូលតែម្តង ព្រោះថាបច្ចុប្បន្ននេះ យើងបានរួមគ្នាជាសហគមន៍ហើយ ដោយមានទីផ្សាររហូតទៅដល់៧០០លាននាក់ ដូច្នេះមានន័យថា គប្បីពិចារណាថា ការដាក់រោងចក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺបម្រើឲ្យទីផ្សារកម្ពុជាផង និងទីផ្សារអាស៊ានផង ព្រមទាំងទីផ្សារដទៃទៀត នៅលើពិភពលោក។

សម្តេចបានបញ្ជាក់ថា សម្តេចសូមលើកទឹកចិត្ត ឲ្យមានការរៀបចំដើម្បីឲ្យមានការតម្លើងរោងចក្រនេះឡើង នៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗនេះ៕




No comments:

Post a Comment