Monday, August 13, 2018

ក្រុមហ៊ុនធំៗពីរសហការជាមួយមជ្ឈមណ្ឌលការងារស្វាយរៀង រៀបចំវេទិកាការងារស្តីពីឱកាសការងារ និងកម្មសិក្សាការងារ

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង នៃទីភ្នាក់ងារជាតិ មុខរបរ និងការងារបានរៀបចំវេទិកាការងារស្តីពីឱកាសការងារ និងកម្មសិក្សាការងារដោយមានការចូលរួម សហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង កាស៊ីណូ Xi Gang international casino (ខេត្តព្រះសីហនុ)។វេទិកានេះធ្វើឡើងនៅ សាលាប្រជុំវិទ្យាស្ថានពហុបចេ្ចកទេសភូមិភាគតេជោសែន ស្វាយរៀង ដោយមានអ្នកចូលរួមជាសិស្សនិស្សិតប្រមាណជាង១០០នាក់។
លោក ហែម ពុទ្ធិ ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀងមានប្រសាសន៍ថា វេទិកាការងារនៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីជួយដល់អ្នកស្វែងរកការងារធ្វើ ជាពិសេសអ្នកទើបបញ្ចប់ការសិក្សាថ្មីៗ និងយុវជនដែលគ្មានការងារធ្វើ ឲ្យបានដឹងពីទីផ្សារការងារ តម្រូវការកម្លាំងពលកម្មរបស់ក្រុមហ៊ុនជាដើម។
លោក ហែម ពុទ្ធិ បន្ថែមថា សកម្មភាពសំខាន់ៗដែលមជ្ឈមណ្ឌលការងារខេត្ត បានអនុវត្តកន្លងមកមានដូចជា ចុះឈ្មោះអ្នកស្វែងរកការងារធ្វើ បានចំនួន ជាង១ម៉ឹននាក់, ផ្គូរផ្គងអ្នកស្វែងរកការងារធ្វើទៅអោយនិយោជក ចំនួនប្រមាន៩ពាន់នាក់ អ្នកទទួលបានការងារធ្វើចំនួន ជាង២ពាន់នាក់, រៀបចំសិក្ខាសាលាស្ដីពីការណែនាំ អាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត, រៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការអាជីព និងជ្រើសរើស ជំនាញសិក្សាសម្រាប់សិស្សវិទ្យាល័យ, ទំនាក់ទំនង និងទទួលជួបជាមួយនិយោជក ក្រុមហ៊ុន សហគ្រាស, ផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិក ,ផ្សព្វផ្សាយព័ត៌មានអប់រំបណ្តុះបណ្តាល និងអាហារូបករណ៍ , រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន ,រៀបចំវេទិកាការងារ និងរៀបចំពិព័រណ៍ចល័តជាដើម។
ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀងរូបនេះ ក៏បានសំណូមពរដល់ប្អូនៗនិស្សិតគួរ ស្វែងរកការងារធ្វើ តាមរយៈជាការងារស្ម័គ្រចិត្ត ឬការងារពេញម៉ោងក្នុងអំឡុងពេលសិក្សា ដើម្បីទទួលបាននូវបទពិសោធន៍ ក៏ដូចជាពង្រឹងនូវជំនាញរបស់ខ្លួន ក្នុងការឈានទៅរកការងារល្អប្រាក់បៀវត្សន៍ខ្ពស់ទៅថ្ងៃអនាគត។

សូមជម្រាបថាមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)គឺជាស្ថាប័នរដ្ឋ ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាព័ត៌មានទីផ្សារ ការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីផ្តល់ឱកាសឱ្យអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការ អប់រំបណ្តុះបណ្តាល មានលទ្ធភាពទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក។ ជាក់ស្តែងក្នុងដំណើរប្រតិបត្តិការជួយស្វែងរកការងារ ធ្វើដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឆមាសទី១ ឆ្នាំ២០១៨ NEA បានជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរបាន ប្រមាណ ៣២៥១នាក់ ចុះឈ្មោះអ្នកស្វែងរកការងារធ្វើបានប្រមាណ ៧៥៩០នាក់ នឹងរៀបចំវេទិកាការងារ បានចំនួន ៤២ដង ៕






No comments:

Post a Comment