Monday, August 13, 2018

លោកអភិបាលខេត្តកំពង់ចាម នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ៤៨៦គ្រួសារ នៅស្រុកកោះសូទិន

កំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨នេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ព្រមទាំងក្រុមការងារ បានអញ្ជើញធ្វើដំណើរ តាមទូក ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ​ជាស្បៀង អាហារគ្រឿងឧបភោគបរិភោគ និងថវិកាទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ៤៨៦គ្រួសារ នៅភូមិ៦ ភូមិ១០ និងភូមិ១១ ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានពាំនាំការសួរសុខទុក្ខ របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយស្នើដល់អាជ្ញាធរត្រូវតែជួយសង្គ្រោះពលរដ្ឋគ្រប់ពេល​វេលាដោយ​មិនប្រកាន់ពូជសាសន៍ពណ៌សម្បុរអ្វីឡើយគឺ ដើម្បីជួយសម្រាលនូវទុក្ខ លំបាករបស់ពួកគាត់រហូតដល់​ពេលទឹកស្រកទៅវិញ គឺត្រូវបន្ដផ្គត់ផ្ដង់ ឬផ្ដល់នូវស្បៀង សម្ភារៈប្រើប្រាស់ជូនដល់បងប្អូនប្រជាពលរដ្ឋ យើងឲ្យបានគ្រប់គ្នា ព្រោះថា ផលដំណាំមួយចំនួន និងលំនៅឋាន របស់ពួកគាត់ ក៏ត្រូវបានខូតខាត​អស់ផងដែរ។
លោក អភិបាលខេត្តកំពង់ចាម បានបន្តទៀតថា ការចែកអំណោយនៅពេល នេះដើម្បីចូលរួមចំណែក​ដោះស្រាយ​ជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍន៍ រួមចំណែកលើកកំពស់ជីវភាព​របស់​បងប្អូនអោយ កាន់តែល្អថែមទៀត បើទោះបីសំភារៈ និងថវិកាទាំងនេះមិនបានបំពេញ តាមតំរូវការរបស់​បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបាន មួយកំរិតផងដែរ។

នៅក្នុងឱកាសនោះផងដែរលោកក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពី​សុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈដែល ងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើង ក្នុងគ្រួសារត្រូវរាយការណ៍អាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបង ប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់ពេលវេលា ៕









No comments:

Post a Comment