Thursday, January 21, 2021

កិច្ចប្រជុំបូកសរុបលទ្ធផលសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង

 កោះកុង៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក លោកស្រី និងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាល និងលោក លោកស្រី ជាសមាជិកអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង និងមន្ត្រីរាជការខេត្តកោះកុងជាច្រើនរូបទៀត។

ក្នុងមតិស្វាគមន៍ និងរបាយការណ៍លទ្ធផលការងារសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុង នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ បានបញ្ជាក់អោយដឹងថា ស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុង ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ២១៦ ហិកតា ឋិតនៅភូមិបឹងឃុនឆាំង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ អនុគណៈកម្មការសាងសង់ បានចាប់ផ្តើមសាងសង់ស្តូប ឈ្នះ ឈ្នះ ចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។ ស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុង ត្រូវបានសាងសង់តាមលក្ខណៈបច្ចេកទេស តាមទំរង់សំណង់ស្ថាបត្យកម្ម និងរូបភាពវិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលបានរៀបចំឡើងតាមការសិក្សារចនាបទបុរាណខ្មែរ រួមជាមួយសម័យទំនើប មានរាង ៤ ជ្រុងស្មើ ដែលជ្រុងនីមួយៗមានប្រវែង ៦៦ម៉ែត្រ និងមានកំពស់ ៥២,៨ម៉ែត្រ។ លទ្ធផលសាងសង់នាពេលនេះ ក្រុមសាង សង់បានធ្វើគ្រិះចំនួន ១៤៧គ្រិះ ដែលមានមុខកាត់ ០,៨ម៉ែត្រ ជំរៅ ៧ម៉ែត្រ បានសំរេចលទ្ធផល ១០០%។ ក្រៅពីនេះ ក្រុមការងារបានសាងសង់ហេត្ថារចនាសម្ព័ន្ធ រួមមាន ផ្លូវចំនួន ៥ខ្សែ ក្នុងនោះជួសជុលផ្លូវចាស់ ២ខ្សែ និងកសាងផ្លូវថ្មី ៣ខ្សែ។

លោក ទៀ បាញ់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអនុគណៈកម្មការសាងសង់ស្ថូបឈ្នះ ឈ្នះ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់ស្តូបឈ្នះ ឈ្នះ នៅខេត្តកោះកុងនេះ និងបានថ្លែងអំណរគុណចំពោះសប្បុរសជន ជាតិ អន្តរជាតិ ដែលបានចូលរួមគាំទ្រទាំង ថវិកា សម្ភារៈ ស្មារតី ក្នុងការសាងសង់ស្តូបឈ្នះ ឈ្នះ ខេត្តកោះកុង ដើម្បីរក្សាទុកជាប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋនៅខេត្តកោះកុង បានជួបប្រទះឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម បង្កការឈឺចាប់ខ្លោចផ្សារ និងបន្សល់ស្លាកស្នាមមិនទាន់រលុប អស់នៅឡើយ ចំពោះប្រជាជនកម្ពុជា មកដល់ពេលបច្ចុប្បន្ននេះ។

លោក ទៀ បាញ់ បានសង្កត់ធ្ងន់ថា ស្តូបឈ្នះ ឈ្នះ ខេត្តកោះកុង ដែលបានកំពុងសាងសង់នាពេលនេះ បានសាងសង់ឡើងក្នុងគោលបំណង៖
ទី១៖ ដើម្បីបង្ហាញពីវប្បធម៌កត្តញ្ញូ សម្តែងការដឹងគុណ និងការចងចាំ រំឮកដល់វីរភាពស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំ ក្នុងការស្វែងរកសន្តិភាព ដែលបានចំណាយសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព។

ទី២៖ ដើម្បីបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ។

ទី៣៖ ដើម្បីបញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧» ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និង

ទី៤៖ ជាទីកន្លែងសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់នូវប្រវត្តិសាស្រ្តពិត របស់ខេត្តកោះកុង បញ្ជាក់ពីវីរភាពពិតរបស់កូនខ្មែរសម័យនេះ និងចរិតកត់ត្រាអំពីសមត្ថភាពចំណេះដឹងតម្លៃពិតប្រាកដ នៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជា។

ក្នុងឱកាសនោះ លោក ទៀ បាញ់ ក៏បានប្រគល់ប័ណ្ណ សរសើរ ជូនសប្បុរសជន ជាតិ អន្តរជាតិ ដែលបានជួយគាំទ្រ ដល់ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង និងបានទទួលថវិកាពីសប្បុរសជននានា ដើម្បីចូលរួមសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុងផងដែរ៕






No comments:

Post a Comment