Thursday, January 21, 2021

លោក គួច ចំរើន ដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំងវិថីលក់ម្ហូបអាហារនៅខេត្តព្រះសីហនុ

 ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំងវិថីលក់ម្ហូបអាហារនៅខេត្តព្រះសីហនុ ដោយមានការចូលរួមលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរសង្កាត់។ ឆ្លងតាមការប្រជុំពិភាក្សា លោកអភិបាលខេត្តយល់ឃើញថា ទីតាំងក្នុងបរិវេណសួនមហោស្រពចាស់ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ជាចំណុចជម្រើសសម្រាប់សិក្សារៀបចំជាវិថីម្ហូបអារហារ។

ចំពោះមុខនេះ អភិបាលខេត្តព្រះសីហនុ បានប្រគល់ជូនមន្ទីរទេសចរណ៍ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ សិក្សាទីតាំងនេះលំអិតដើម្បីឈានទៅដំណើរការគម្រោងនេះឱ្យបានសមស្រប។

លោក គួច ចំរើន បានសំដែងការគាំទ្រចំពោះគម្រោងបង្កើត Street Food របស់ក្រសួងទេសចរណ៍ព្រមទាំងបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការរៀបចំសេវាកម្ម ស្តង់ដារ Street Food នេះនឹងអាចទាក់ទាញភ្ញៀវទេសចរបានមួយផ្នែកទៀត។ មួយវិញទៀតវាជាកន្លែងទទួលទានអាហារដែលមានគុណភាព និងសុវត្ថិភាពនៅក្រុងព្រះសីហនុ។

បន្ថែមពីនោះ លោកអភិបាលខេត្ត ទីតាំងនេះគ្រោងរៀបចំខ្លោងទ្វារចូលចំនួន២ រៀបចំបន្ទប់ទឹក ទីតាំងចំណត ការតុបតែងលម្អផ្សេងៗ និងការរៀបចំកន្លែងហូបអាហាររួមគ្នាជាដើម ហើយអ្នកដែលត្រូវបានអនុញ្ញាតឱ្យលក់ដូរនៅតូបលក់ម្ហូបអាហារនេះ តម្រូវឱ្យអនុវត្តតាមស្តង់ដារសេវាកម្មវិថីលក់ម្ហូបអាហារ និងប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ Street Food ដែលកំណត់ច្បាស់លាស់ដើម្បីធានាបាននូវគុណភាពសេវាទេសចរណ៍ អាហារមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យអាចទទួលយកបាន។ អ្នកដែលមិនអាចអនុវត្តតាមលក្ខខណ្ឌដែលបានតម្រូវនឹងត្រូវពិនិត្យវាយតម្លៃណែនាំឱ្យកែលម្អឡើងវិញ ហើយបើនៅតែមិនគោរពតាមអាចនឹងបញ្ឈប់លែងឱ្យលក់៕





No comments:

Post a Comment